(ប៉េកាំង)៖ ចិន នៅថ្ងៃសុក្រ ទី២៦ ខែមេសានេះបានជំរុញឱ្យរដ្ឋមន្ត្រីការបទេសអាមេរិក លោក Antony Blinken ចូលរួមដោះស្រាយការកើនឡើងការខ្វែងគំនិតគ្នា ឬក៏ ចង់ឃើញទំនាក់ទំនងរវាងមហាអំណាចទាំង២ធ្លាក់ចុះដុនដាប ខណៈកិច្ចចរចាចាប់ផ្ដើមក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Blinken ដែលកំពុងស្ថិតក្នុងប្រទេសចិន សម្រាប់ការបំពេញទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលជិតមួយឆ្នាំ បានបង្ហាញក្ដីសង្ឃឹមពីភាពរីកចម្រើនក្នុងកិច្ចចរចា ជាមួយថ្នាក់ដឹកនាំចិន ប៉ុន្តែបានអះអាងថាលោកនឹងលើកឡើងដោយផ្ទាល់ពីបញ្ហាខ្វែងគំនិតគ្នាមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានរួមបញ្ចូលទាំងបញ្ហាសង្រ្គាមនៅ អ៊ុយក្រែន តៃវ៉ាន់ និងពាណិជ្ជកម្ម។

នាឱកាសទទួលស្វាគមន៍លោក Blinken នៅវិមាន Diaoyutai ក្នុងទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានកត់សម្គាល់ថាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមមានស្ថិរភាព បន្ទាប់ពីជំនួបទល់មុខរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ «ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មានកត្តាអវិជ្ជមានជាច្រើននៅក្នុងទំនាក់ទំនងនៅតែកើតមាន និងកើនឡើង»។ នេះជាការបញ្ជាក់របស់លោក វ៉ាង យី ដោយបន្ថែមថា «ទំនាក់ទំនងរវាងប្រទេសទាំង២ ក៏កំពុងប្រឈមមុខផងដែរនឹងឧបសគ្គគ្រប់ទម្រង់ទាំងអស់ ខណៈសិទ្ធិស្របច្បាប់របស់ចិនក្នុងការអភិវឌ្ឍកំពុងរងការ គាបសង្កត់ដោយគ្មានហេតុផល រីឯបញ្ហាស្នូលរបស់ចិន កំពុងជួបបញ្ហាប្រឈមជាច្រើន។ ដូច្នេះថាតើចិន និងសហរដ្ឋអាមេរិក គួរតែរក្សាទំនាក់ទំនងឆ្ពោះទៅមុខដោយ មានស្ថិរភាព ក្នុងទិសដៅត្រឹមត្រូវ ឬក៏បណ្ដោយឱ្យធ្លាក់ចុះដុនដាបជាថ្មី»។

គួរបញ្ជាក់ថា ចិន ​មិនបានប្រកាសឱ្យដឹងថាតើអាចនឹងមានជំនួបរវាងលោក Blinken និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែរឬក៏យ៉ាងណានោះទេ ប៉ុន្តែមានការរំពឹងថា ជំនួបនេះអាចនឹងកើតឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ មុននឹងលោកប្រមុខការទូតអាមេរិកឡើងជិះយន្ដហោះត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ៕