(កៀវ)៖ អ៊ុយក្រែន បានប្រើប្រាស់ជាលើកដំបូងនូវអាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ផ្តល់ជាសម្ងាត់ដោយសហរដ្ឋអាមេរិក ដាក់ទៅលើមូលដ្ឋានរុស្ស៊ី។ ការវាយប្រហារដោយប្រើមីស៊ីលបាលីស្ទីក «អាថែកអឹម» ATACMS គឺនៅទន្ទឹមនឹងមានសេចក្តីរាយការណ៍ជុំវិញកញ្ចប់ជំនួយយោធាសហរដ្ឋអាមេរិកដែល កំពុងតែបញ្ជូនផ្តល់មកឱ្យរដ្ឋាភិបាលក្រុងគៀវ ដើម្បីការប្រយុទ្ធរារាំងប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី។ តើរុស្ស៊ីនឹងមានប្រតិកម្មតបយ៉ាងណាវិញចំពោះការ បាញ់មីស៊ីលបាលីស្ទីក «អាថែកអឹម» ATACMS ដាក់មកលើតំបន់គ្រីមៀរដែលរុស្ស៊ីបានគ្រប់ គ្រងតាំងពីឆ្នាំ២០១៤នោះមក?

មន្ត្រីអាមេរិកបានបញ្ជាក់ថាអាវុធមីស៊ីលបាញ់ផ្លោងរយៈចម្ងាយឆ្ងាយផ្តល់ជាសម្ងាត់ដោយ សហរដ្ឋអាមេរិកនោះ ត្រូវបានអ៊ុយក្រែនប្រើប្រាស់ជាលើកដំបូង ក្នុងការវាយប្រហារដាក់ទៅលើកងកម្លាំងរុស្ស៊ី។ អាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនេះ ត្រូវបានបញ្ជូនមកអ៊ុយក្រែនដែលជាផ្នែកនៃកញ្ចប់ជំនួយរបស់អាមេរិក តម្លៃ៣០០លានដុល្លារកាលពីលើកមុនក្នុងខែមីនា ហើយអាវុធនេះ ត្រូវបានដឹកមកដល់នៅក្នុងខែមេសានេះ។ ការដឹកមកដល់អាវុធមីស៊ីលនេះ មិនត្រូវបានគេ ប្រកាសឱ្យដឹងជាសាធារណៈឡើយដើម្បីរក្សា «សន្តិសុខប្រតិបត្តិការ» របស់អ៊ុយក្រែន។ អាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនេះ ទើបត្រូវបានប្រើប្រាស់ យ៉ាងហោចតែម្តងប៉ុណ្ណោះ បាញ់ដាក់លើទីតាំងរុស្ស៊ីក្នុងតំបន់គ្រីមៀរ។

អាវុធមីស៊ីលបាញ់រយៈរយៈចម្ងាយឆ្ងាយប្រភេទដូចគ្នានេះ និងប្រភេទអាវុធផ្សេងៗដទៃទៀត កំពុងត្រូវបានដឹកជញ្ជួនមកឱ្យអ៊ុយក្រែនជាច្រើនថែមទៀត បន្ទាប់ពីកញ្ចប់ជំនួយយោធាតម្លៃ៦១ពាន់លានត្រូវបានអនុម័តដោយសហរដ្ឋអាមេរិករួចមក។ មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដែលត្រូវបានផ្តល់ស្ងាត់ៗដោយ សហរដ្ឋអាមេរិក នោះគឺជាមីស៊ីល ATACMS Army Tactical Missile Systems។ សេចក្តីរាយការណ៍មុននេះបានបង្ហាញថាប្រព័ន្ធអាវុធប្រភេទចាស់ ATACMS ធ្លាប់ត្រូវបានបញ្ជូនមកឱ្យអ៊ុយក្រែនរួចមកហើយកាលពីឆ្នាំមុន ប៉ុន្តែប្រភេទ ATACMS សេរីថ្មីនេះ គឺជាអាវុធដែលគេអាចបាញ់នូវកម្រិតលើស ទ្វេដងដល់ចម្ងាយ៣០០គីឡូម៉ែត្រដែលតាមរយៈ ចម្ងាយនេះរាល់ទឹកដីអ៊ុយក្រែនទាំងឡាយដែលរុស្ស៊ីកំពុងគ្រប់គ្រងកាន់កាប់ទាំងអស់ សុទ្ធតែស្ថិតក្នុងដែន រង្វង់មីស៊ីល ATACMS សេរីថ្មីនេះអាចវាយប្រហារបានទាំងអស់។

មន្ត្រីទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានបញ្ជាក់ជុំវិញការបញ្ជួនអាវុធ មីស៊ីល ATACMS នេះដល់អ៊ុយក្រែន។ លោកបានបញ្ជាក់ ក្នុងសប្តាហ៍នេះក្នុងសន្និសីទសារព័ត៌មានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធ ATACMS នេះជាច្រើនទៀតដល់អ៊ុយក្រែន។ លោក Jake Sullivan បានថ្លែងថា «ខ្ញុំអាចបញ្ជាក់នូវអ្វីដែលគេបានឮពីអ្នកដទៃនិយាយថា ក្នុងខែកុម្ភៈប្រធានាធិបតីសហរដ្ឋអាមេរិកបានណែនាំដល់ក្រុមរបស់លោកក្នុងការផ្តល់ឱ្យ អ៊ុយក្រែននូវអាវុធ ATACMS មួយចំនួនដើម្បីប្រើប្រាស់ក្នុងទឹកដីនៃដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ការដឹកជញ្ជួនអាវុធមីស៊ីលទាំងនេះ បានចាប់ផ្តើមធ្វើ នៅក្នុងខែមីនា និងជាផ្នែកមួយនៃកញ្ចប់ថវិការបស់ប្រធានាធិបតី PDA Presidential Drawdown Authority ដែលលោកប្រធានាធិបតីបានអនុញ្ញាត នៅថ្ងៃទី១២មីនា ហើយពេលនេះមីស៊ីលទាំងនោះ បានធ្វើដំណើរដល់ប្រទេសអ៊ុយក្រែនហើយ»។

លោក Jake Sullivan បានថ្លែងបន្តថាដូចអ្វីដែលលោកបានបញ្ជាក់រួចមកហើយនេះគឺគេបាន បញ្ជួនខ្លះរួចមកហើយៗនូវអាវុធប្រភេទនេះ ហើយសហរដ្ឋអាមេរិក នឹងបញ្ជួនវាជាច្រើនថែមទៀតឱ្យអ៊ុយក្រែន។ លោកបានបញ្ជាក់ប្រាប់ក្នុងសន្និសីទសារព័ត៌មានដដែលទៀតថាលោកមិនអាចបញ្ជាក់ប្រាប់បានឡើយថាតើចំនួន អាវុធប្រភេទនេះដែលត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន នោះមានចំនួនប៉ុណ្ណានោះឡើយដោយសារមូលហេតុកត្តាសន្តិសុខ។

សេចក្តីរាយការណ៍បានបង្ហាញថា ក្រុមមន្ត្រីនៅមានក្តីព្រួយបារម្ភផងដែរខ្លាចក្រែងទាហានអ៊ុយក្រែនអាចប្រើប្រាស់អាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនោះ ធ្វើការវាយប្រហារដាក់ចូលទៅខាងក្នុងទឹកដីរុស្ស៊ី ដែលបណ្តាលឱ្យជម្លោះកាន់តែកើនឡើង។ អាវុធមីស៊ីល ATACMS ជាអាវុធដែលគេពណ៌នាថាមានសមត្ថភាព វាយប្រហារបានជ្រៅទៅ ក្នុងតំបន់កាន់កាប់ដោយរុស្ស៊ី ជាពិសេសការបាញ់ដាក់លើមូលដ្ឋានកងទ័ព, កន្លែងស្តុកទុកគ្រឿងសម្ភារៈយោធា និងមជ្ឈមណ្ឌល ដឹកជញ្ជូនជាដើម។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ឱ្យដឹងថាអាវុធមីស៊ីល ATACMS នេះ ត្រូវបានអ៊ុយក្រែន ប្រើប្រាស់ជាលើកដំបូងកាលពីសប្តាហ៍មុន ក្នុងការវាយប្រហារ ដាក់ទៅលើអាកាសយានដ្ឋានរុស្ស៊ីនៅតំបន់គ្រីមៀ និងក្រោយមកការវាយប្រហារមួយទៀតដាក់លើមូលដ្ឋានទ័ពរុស្ស៊ីនៅក្នុងទីក្រុងកំពង់ផែ Berdyansk វេលាយប់ ថ្ងៃអង្គារ ទី២៣ ខែមេសា។ ក្រុមមន្ត្រីយោធារុស្ស៊ីបានថ្លែងនៅថ្ងៃទី២៤ ខែមេសាវិញថាគ្រឿងសព្វាវុធថ្មីទាំងនេះ «នឹងមិនផ្លាស់ប្តូរលទ្ធផលធំដុំសំខាន់អ្វីណាមួយ នៃការធ្វើសង្គ្រាមនេះឡើយ»។ ការបង្ហើបនូវលទ្ធភាពវាយប្រហារដាក់លើរុស្ស៊ីដោយអាវុធមីស៊ីលបាលីស្ទីកផលិតដោយសហរដ្ឋអាមេរិកនេះ បានធ្វើឡើង ជាលើកដំបូងក្រោយប៉ុន្មានខែកន្លងមកនេះ មន្ត្រីរដ្ឋាភិបាលក្រុងគៀវតែងត្អូញត្អែរជាប់ជានិច្ចនូវកង្វះគ្រាប់រំសេវក្នុងការវាយប្រហារដាក់លើកងទ័ពរុស្ស៊ីវិញ។

អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោក William Taylor បានថ្លែងនៅក្នុងសប្តាហ៍នេះ និយាយរំពឹងថាស្ថានការណ៍សឹកនៅលើសមរភូមិនឹងអាច ប្រែប្រួលក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះ បន្ទាប់ពីជំនួយយោធានឹងបញ្ជួនមកដល់។ សេចក្តីរាយការណ៍បានបង្ហាញថាស្ពាន Kerch គឺជាមុខព្រួញមួយដែល អ៊ុយក្រែនប៉ុនប៉ងវាយបំផ្លាញដើម្បីកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់របស់រុស្ស៊ីមកកាន់តំបន់គ្រីមៀរ។ មន្ត្រីចារកម្មយោធាអ៊ុយក្រែនបានថ្លែងមុននេះថា ដើម្បីរារាំងគម្រោង វាយលុករបស់រុស្ស៊ី, អ៊ុយក្រែនគ្រោងនឹងបំផ្លាញស្ពាន Kerch ដែលតភ្ជាប់ពីទឹកដីរុស្ស៊ីទៅតំបន់កាន់កាប់គ្រីមៀ នៅក្នុងអម្លុង «ឆមាសទីមួយនៃឆ្នាំ២០២៤»។

កាសែត The Guardian បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបាននិយាយថាការត្រូវបំផ្លាញ ស្ពាននេះនឹងមិនអាចចៀសវាងបានឡើយ និងប្រភពដដែល បានលើកសម្តីរបស់ប្រធានចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov នូវមធ្យោបាយជាច្រើនដើម្បីអនុវត្តផែនការកម្ទេចស្ពាននោះចោល។ ស្ពាន Kerch បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរចំនួន២ដងរួចមកហើយចាប់តាំងពីមានសង្គ្រាមនោះមក។ ប៉ុន្តែមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីន នាពេលនេះ បាននិងកំពុង សាងសង់ផ្លូវដែកដ៏វែងជំនួសមួយទៀត ដើម្បីអាចប្រើប្រាស់ដឹកជញ្ជូនសម្ភារៈសឹករបស់ខ្លួនក្នុងពេលណាមួយបើសិនជាស្ពាន Kerch អាចនឹងត្រូវបំផ្លាញមិនអាច ធ្វើដំណើរឆ្លងកាត់បាននាពេលអនាគត។ ផ្លូវដែកដ៏វែងមួយរបស់រុស្ស៊ីប្រវែង៤៥០ម៉ាយល៍សម្រាប់ជំនួសស្ពាន Kerch និងដែលកំពុងស្ថិតក្នុងការសាងសង់ នាពេលនេះ គឺជាផ្លូវវាងឆ្លងកាត់ទឹកដីកាន់កាប់ភាគ ខាងត្បូងពីតំបន់ Rostov-On-Dov មកកាន់ តំបន់ Donetsk, Mariupol និង Berdyansk ។

រហូតមកទល់ពេលនេះ កញ្ចប់ជំនួយសន្តិសុខរបស់អាមេរិកដែលធ្លាប់បានបញ្ជូនទៅអ៊ុយក្រែន ចាប់តាំងពីមានការចាប់ផ្តើមសង្គ្រាមលុកលុយរបស់រុស្ស៊ីនោះមក មានចំនួនសរុប៤៤ ពាន់លានដុល្លារហើយដោយមិនទាន់បូកសរុបជាមួយនឹងកញ្ចប់ជំនួយថ្មី៦១ពាន់លាននេះទេ។ ជាមួយនឹងកញ្ចប់ជំនួយថ្មី៦១ពាន់លានដុល្លារ បន្ថែមទៀតនេះ ការមានការរំពឹងថាអ៊ុយក្រែនអាចបើកយុទ្ធនាការវាយលុក Counter Offensive របស់ខ្លួនដើម្បីដណ្តើមយកទឹកដីសាជាថ្មីវិញទៀតពីរុស្ស៊ីក្នុងរដូវ ប្រាំងនេះ បន្ទាប់ពីមុននេះមានការបារម្ភថារុស្ស៊ីនឹងធ្វើការវាយលុករបស់ខ្លួនដាក់មកលើអ៊ុយក្រែនបន្ទាប់ពីការបាត់បង់ក្រុង Adiivka និងភូមិមួយចំនួនទៀត ដោយសារតែពេលនោះ អ៊ុយក្រែនខ្វះគ្រាប់រំសេវប្រយុទ្ធតទល់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងក្នុងពេលដែលបានចុះហត្ថលេខាលើកញ្ចប់ជំនួយ៦១ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងសប្តាហ៍នេះ បានថ្លែងរំពឹងថា «វានឹងជួយធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាពកាន់តែសុខសាន្ត…ហើយវានឹងធ្វើឱ្យពិភពលោកកាន់តែមានសុវត្តិភាពល្អថែមទៀត»។
លោក ហ្សេឡិនស្គី បានថ្លែងដែរថាកញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកនេះ នឹងជួយកាត់បន្ថយចំនួនមនុស្សស្លាប់បានជាច្រើនថែមទៀត។ លោកបានថ្លែងព្រមានមេដឹកនាំរុស្ស៊ីវិញថា «អ្វីដែលពួកឈ្លានពានរុស្ស៊ីអាចធ្វើក្នុងអម្លុងពេលនេះ…ហើយអ្វីដែលលោកពូទីនកំពុងរៀបចំគម្រោងការណ៍នោះ គឺយើងត្រូវតែធ្វើកិច្ចការប្រឆាំងសងទៅគាត់វិញ»។

ក្រៅពីប្រព័ន្ធអាវុធមីស៊ីល ATACMS សេរីថ្មី, អ៊ុយក្រែនរំពឹងនឹងទទួលបានប្រព័ន្ធអាវុធ HIMARS, កាំភ្លើងផ្លោង M777 howitzers, គ្រាប់កាំភ្លើងផ្លោង Artiellery155មីលីម៉ែត្រ, រថពាសដែក និងរថក្រោះ Bradley ជាច្រើនទៀតសម្រាប់វាយលុកតាមកម្លាំងថ្មើរជើង និងអ៊ុយក្រែននឹងរំពឹងមានយន្តហោះចម្បាំង F-16 ដើម្បីអាចប្រើប្រាស់ការពារដែនអាកាសរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤នេះថែមទៀត ការបញ្ជូនអាវុធសន្ធឹកសន្ធាប់និងអាវុធដែលអាចវាយប្រហារចូលជ្រៅ ក្នុងតំបន់គ្រីមៀរដែល រុស្ស៊ីបានកាន់កាប់តាំងពីឆ្នាំ២០១៤ទៀតមកនោះ បាននាំឱ្យមានក្តីបារម្ភថាសហរដ្ឋអាមេរិក ហាក់បីដូចជាដើរហួសគំនូសក្រហម ដែលរុស្ស៊ីបានគូសទុកនោះហើយ។

ប្រសិនណាបើអ៊ុយក្រែននឹងបន្តប្រើអាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនោះ ដាក់ចូលទៅក្នុងទឹកដីរុស្ស៊ីគ្រប់គ្រង ថែមទៀតនោះ នឹងអាចនាំឱ្យក្តីបារម្ភថានឹងបង្ខំ ឱ្យរុស្ស៊ីចាត់វិធានការរក្សាការពារដែនអធិបតេយ្យជាតិរបស់ខ្លួនជាមិនខានឡើយ។ លោក វ្លាឌីមៀរ ពូទីន បានថ្លែងព្រមានជារៀងរាល់ដង ថារុស្ស៊ីនឹងប្រើប្រាស់ អាវុធនុយក្លេអ៊ែ័ររបស់ខ្លួនតបតវិញនៅពេលណាដែលរុស្ស៊ីមើលឃើញថាមានការគំរាមកំហែងកើតឡើងលើបូរណភាពទឹកដីរបស់ខ្លួនហើយ។

តើរុស្ស៊ីនឹងត្រៀមធ្វើការឆ្លើយតបទៅវិញដោយរបៀបណានៅចំពោះមុខនឹងការបញ្ជួនគ្រឿង សព្វាវុធនិងឧបករណ៍សឹករបស់សហរដ្ឋអាមេរិកដើម្បីទុកវាយប្រហារ ជាមួយនឹងរុស្ស៊ីក្នុងពេលនេះ? តើអ៊ុយក្រែននឹងប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកនោះដើម្បីគ្រាន់តែការពារខ្លួន ឬនឹងត្រូវធ្វើការវាយប្រហារដាក់មកលើទឹកដី របស់រុស្ស៊ីនោះវិញ?

អគ្គលេខាធិការអង្គការណាតូ លោកJens Stoltenberg បានថ្លែងរួចមកហើយថា បើយោង តាមច្បាប់អន្តរជាតិ, ជនរងគ្រោះដោយអំពើឈ្លានពានដូចជា អ៊ុយក្រែនជាដើម នឹងមានសិទ្ធិក្នុងការការពារខ្លួនរបស់គេ… ហើយសិទ្ធិនៃការការពារខ្លួននោះ គឺរួមមានសិទ្ធិវាយប្រហារដាក់លើគោលដៅមូលដ្ឋានយោធាដែល ស្ថិតនៅខាងក្រៅប្រទេសអ៊ុយក្រែនផងដែរ»។ នាពេលនេះ មានសំណួរមួយចង់ដឹងថាតើកញ្ចប់ជំនួយយោធាបញ្ជួនមកឱ្យអ៊ុយក្រែននឹងជួយឱ្យពិភពលោក និងសហរដ្ឋអាមេរិកមានភាពកាន់តែសុខសាន្តដូចតាមការលើកឡើង របស់លោកប្រធានាធិបតីចូបៃដិនមែនដែរឬទេ? ហើយទាំងនេះគឺជាក្តីព្រួយបារម្ភ ដែលពិភពលោកកំពុងតែរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងក្នុងសង្គ្រាមអ៊ុយក្រែន ដែលឈានចូលក្នុងឆ្នាំទី៣មកហើយនេះ៕