(បែរឡាំង)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ចិនចាំបាច់ត្រូវតែឈប់គាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ប្រសិនបើចង់បានទំនាក់ទំនងល្អជាមួយលោកខាងលិច ហើយព្រមានថា ទីក្រុងប៉េកាំងមិនអាចក្រសោបយកទាំងពីរបានទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤។

អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ លោកប្រមុខអង្គការ NATO បានលើកឡើងថា ការគាំទ្ររបស់ទីក្រុងប៉េកាំង មានសារសំខាន់ជាខ្លាំង ចំពោះកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ ដ្បិតចិនបានជួយជ្រោមជ្រែងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៉ី តាមរយៈ​ការចែករំលែកបច្ចេកវិទ្យាទំនើបៗ ដូចជាបន្ទះឈីប ជាដើម។ លោក Stoltenberg បានអះអាងថា កាលពីឆ្នាំ២០២៣ រុស្ស៉ីបាននាំចូលខ្ទង់​៩០ភាគរយ នៃឧបករណ៍មីក្រូអេឡិចត្រូនិចរបស់ខ្លួន ពីប្រទេសចិន ដែលត្រូវបានប្រើប្រាស់ ក្នុងការផលិតមីស៉ីល រថក្រោះ និងយន្តហោះ ជាដើម ហើយចិនក៏កំពុងជួយបង្កើនសមត្ថភាពផ្កាយរណបរបស់រុស្ស៉ី ផងដែរ។

លោក Stoltenberg បានព្រមានដូច្នេះថា «ចិននិយាយថា ចង់បានទំនាក់ទំនងល្អជាមួយលោកខាងលិច ប៉ុន្តែក្នុងពេលទន្ទឹមគ្នានោះ ទីក្រុងប៉េកាំងបន្តជួយជ្រោមជ្រែង ជម្លោះប្រដាប់អាវុធដ៏ធំបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសម័យសង្រ្គាមលោកខាងលើកទី២។ ចិនមិនអាចមាន​ទំនាក់ទំនងល្អជាមួយលោកខាងលិចផង ហើយបន្តគាំទ្ររុស្ស៉ីផង ក្នុងពេលជាមួយគ្នា នោះឡើយ»

បន្ថែមពីនេះ លោកអគ្គលេខាធិការ NATO បានព្រមានក្រុមសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងការពឹងផ្អែកទៅលើចិន ដូចដែលពួកគេ​ធ្លាប់បានពឹងផ្អែកលើរុស្ស៉ី។ លោក Stoltenberg បាននិយាយដូច្នេះថា «កាលពីអតីតកាល យើងបានសាងកំហុស ដោយពឹងផ្អែក​លើប្រេងនិងឧស្ម័នរបស់រុស្ស៉ី។ ដាច់ខាត ពួកយើងមិនត្រូវប្រព្រឹត្តកំហុសដូចគ្នា ជាមួយចិនឡើយ តាមរយៈការពឹងទៅលើថវិកា វត្ថុធាតុដើម និងបច្ចេកវិទ្យារបស់ចិន ជាដើម ព្រោះការពឹងផ្អែកបែបនេះ ងាយធ្វើឱ្យយើងមានចំណុចខ្សោយ»

គួរបញ្ជាក់ថា ចិនបានរឹតបន្តឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្មកាន់តែខ្លាំង ជាមួយរុស្ស៉ីក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែល​សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មលើប្រទេសទាំងពីរ ជាពិសេសលើទីក្រុងមូស្គូ សម្រាប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ ទិន្នន័យពីអាជ្ញាធរគយចិន បានបង្ហាញថា ការធ្វើពាណិជ្ជកម្មចិន-រុស្ស៉ី បានកើនដល់ទំហំ ២៤០.‌១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលជាកំណត់ត្រាថ្មី និងជាកំណើន២៦.៣ភាគរយ ធៀបនឹងឆ្នាំ២០២២។ រីឯការនាំចេញទំនិញចិនទៅកាន់រុស្ស៉ី បានកើន៤៦.៩ភាគរយ កាលពីឆ្នាំ២០២៣ ខណៈការនាំចូលពីរុស្ស៉ី បានកើន១៣ភាគរយ។

កាលពីខែមីនាកន្លងទៅ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់​ប្រទេសចិន នាខែឧសភាខាងមុខ ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈបើជាការពិតមែន វានឹងជាដំណើរ​ទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ពូទីន នៅឯក្រៅប្រទេស ចាប់តាំងពីរូបលោកបានបន្តជាប់ឆ្នោតជាមេដឹកនាំរុស្ស៉ី សម្រាប់អាណត្តិថ្មី៕