(វ៉ាស៊ីនតោន)៖ សង្រ្គាមដ្រូននៅក្នុងប្រទេសអ៊ុយក្រែន ដែលបាន និងកំពុងកែប្រែសង្រ្គាមសម័យទំនើប បានក្លាយទៅជា «សត្រូវដ៏ចម្បងមួយ» សម្រាប់រថក្រោះដែលត្រូវបានគេចាត់ទុកថាជា និមិត្តរូបនៃអំណាចយោធារបស់សហរដ្ឋអាមេរិក និងកំពុងជំរុញផងដែរឱ្យក្រុមអ្នកយុទ្ធសាស្ត្រយោធាចាប់ផ្ដើមគិតឡើងវិញថាគួរតែប្រើរថក្រោះដោយរបៀបណាក្នុងសង្រ្គាមនៅពេលអនាគត?

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់កាសែត New York Times ថាកាលពីជាង២ខែមុន កងកម្លាំងរុស្ស៉ីបានបំផ្លាញរថក្រោះ M1 Abrams ផលិតដោយសហរដ្ឋអាមេរិក ៥គ្រឿង ក្នុងចំណោម ៣១គ្រឿង ដែលមន្ទីរបញ្ចកោណបានបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីឆ្នាំមុន។ ចំណែក វរសេនីយឯក លោក Markus Reisner ជាគ្រូបង្វឹកយោធាម្នាក់មកពីប្រទេសអូទ្រីស ជាអ្នកតាមដានយ៉ាង ដិតដល់ថាតើអាវុធលោកលិចប្រគល់ឱ្យទីក្រុងកៀវ ត្រូវបានប្រើប្រាស់ និងបាត់បង់ដោយរបៀបណាក្នុងសង្រ្គាម ក៏បានឱ្យដឹងដែរថារថក្រោះ ៣គ្រឿងផ្សេងទៀតបានរងការខូចខាតខ្លាំងគួរសម ក្រោយត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិជួរមុខ កាលពីដើមឆ្នាំ២០២៤។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក រថក្រោះ ៧៩៦គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញ រឹបអូស ឬបោះបង់ចោល។ នេះបើតាមគេហទំព័រវិភាគខាងយោធា Oryx ជំនាញរាប់ចំនួនរថក្រោះបាត់បង់ ផ្អែកលើភស្តុតាងជាក់ស្ដែង។ ភាគច្រើននៃរថក្រោះត្រូវបានបំផ្លាញគឺជារថក្រោះសម័យសូវៀត និងរថក្រោះផលិតដោយ រុស្ស៉ី ឬអ៊ុយក្រែន ខណៈ១៤០គ្រឿង ត្រូវបាន បំផ្លាញក្នុងសមរភូមិជាប្រភេទរថក្រោះដែលរដ្ឋជាសមាជិក NATO មួយចំនួនប្រគល់ឱ្យអ៊ុយក្រែន។ តាមគេហទំព័រនេះដដែល​ មកទល់បច្ចុប្បន្ន រុស្ស៉ីបានបាត់បង់រថក្រោះ ២៩០០គ្រឿង តែអ៊ុយក្រែន ថាលើស ៧០០០គ្រឿង។ រថក្រោះប្រយុទ្ធ Leopard ផលិតដោយអាល្លឺម៉ង់ក៏បានក្លាយជាគោលដៅកម្ទេច ក្នុងសង្រ្គាមអ៊ុយក្រែនដែរ ដោយគេហទំព័រ Oryx និយាយថារថក្រោះអាល្លឺម៉ង់នេះយ៉ាងហោច ៣០គ្រឿងត្រូវបានបំផ្លាញ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺកុំថាឡើយ Leopard សូម្បីតែរថក្រោះ Abrams ដែលត្រូវបានចាត់ទុកថាជារថក្រោះដ៏ទំនើបនៅលើពិភពលោក ក៏ត្រូវបានបំផ្លាញ យ៉ាងងាយស្រួលដោយដ្រូនបំពាក់គ្រឿងផ្ទុះ ផ្ទុយពីការលើកឡើងរបស់ក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញ មួយចំនួនកាលពីដំបូង ហើយនេះបានបង្ហាញថាដ្រូនបាន និងកំពុងកែប្រែ សង្រ្គាមសម័យទំនើប។ នេះជាការគូសបញ្ជាក់របស់លោក Can Kasapoglu ជាអ្នកវិភាគយោធាម្នាក់មកពីវិទ្យាស្ថាន Hudson មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។

* មានតម្លៃថោក ហើយគុណភាពល្អទៀត
អស់រយៈពេលជាច្រើនឆ្នាំមកនេះ សត្រូវធំរបស់រថក្រោះមានមីនតោន គ្រាប់រ៉ក្កែតពាក់លើស្មា និងមីស៊ីលប្រឆាំងរថក្រោះពាក់លើស្មាជាដើម។ អាវុធប្រឆាំងរថក្រោះទាំងអស់នេះត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយនៅដើមទីនៃសង្រ្គាមអ៊ុយក្រែន ដោយសារតែពួកវាអាចបាញ់ចំគោលដៅក្នុងកម្រិតខ្ពស់ ៩០ភាគរយ។ ប៉ុន្តែ សព្វថ្ងៃ កងទ័ពរុស្ស៉ី និងអ៊ុយក្រែនបានងាកទៅប្រើដ្រូនជាអាវុធ ប្រឆាំងរថក្រោះ និងកាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុនទៅទៀត។ ដ្រូន FPV បញ្ជាដោយមនុស្សពីចម្ងាយ និងមានបំពាក់កាមេរ៉ាបញ្ជូនរូបភាពពិតៗទៅកាន់អ្នកបញ្ជា ដែលអាចកំណត់ផ្នែកងាយ បាញ់ទម្លុះរបស់រថក្រោះ។ បើតាមលោក Markus Reisner ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ដ្រូន FPV ត្រូវបានគេប្រើដើម្បីកម្ទេចរថក្រោះណាដែលបានរងការខូចខាតដោយគ្រាប់មីន ឬមីស៊ីល ប្រឆាំងរថក្រោះរួចហើយ ព្រោះថាការវាយប្រហារបែបនេះ ធ្វើឱ្យរថក្រោះទាំងនោះត្រូវខ្ទេចខ្ទីទាំងស្រុង ហើយក៏មិនអាចជួសជុលឡើងវិញបាននោះដែរ។

ម្យ៉ាងវិញទៀត អាស្រ័យលើទំហំតូច និងមានបំពាក់បច្ចេកវិទ្យាទំនើប ដ្រូនមួយគ្រឿងអាចមានតម្លៃត្រឹម៥០០ដុល្លារប៉ុណ្ណោះ តែមានសមត្ថភាពកម្ទេច ឬបង្កការខូចខាតដល់រថក្រោះដូចជា Abrams របស់អាមេរិកមានតម្លៃមួយគ្រឿងដល់ទៅ ១០លានដុល្លារ។

* តើមានវិធីការពាររថក្រោះដែរឬទេ?
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺប៉ុន្មានសប្ដាហ៍ ក្រោយទទួលបានរថក្រោះអាមេរិក Abrams ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «វាពិបាកណាស់សម្រាប់ខ្ញុំ ដែលនិយាយថារថក្រោះទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅលើសមរភូមិ ដោយសារតែវាមានចំនួនតិចតួចពេក»។ អ្នកវិភាគខ្លះជឿជាក់ថាមេបញ្ជាការអ៊ុយក្រែនមានផែនការសន្សំសំច្ចៃរថក្រោះ Abrams ទុកប្រើនៅក្នុងប្រតិបត្តិការវាយបកនៅឆ្នាំក្រោយ ហើយអាចនឹងមិនបញ្ជូនរថក្រោះ Abrams ទៅសមរភូមិមុខនោះទេ ព្រោះខ្លាចបាត់បង់រថក្រោះដ៏ទំនើបនេះ ដែលខ្លួនមានតិចតួចស្រាប់ នៅក្នុងដៃ។

រថក្រោះ Abrams ដែលត្រូវបានបញ្ជូនទៅកងពលអ៊ុយក្រែនលេខ៤៧ កាលពីដើមឆ្នាំ២០២៤ មិនអាចជួយឱ្យអ៊ុយក្រែនការពារទីក្រុង Avdiivka ដែលបានធ្លាក់ចូលទៅក្នុងដៃកងទ័ពរុស្ស៉ីកាលពី ខែកុម្ភៈកន្លងទៅបានឡើយ។ លោកវរសេនីយ៍ឯក Reisner យល់ថាដ្រូន ជាពិសេស ដ្រូន FPV អាចកម្ទេចរថក្រោះ Abrams បាន គឺដោយសារតែកងពលអ៊ុយក្រែនលេខ៤៧ មិនមានប្រព័ន្ធ ការពារដែនអាកាសដូចជាប្រព័ន្ធការពារដែនអាកាស Gepard ផលិតដោយអាល្លឺម៉ង់ ដែលកំពុងត្រូវបានប្រើក្នុងការការពារទីក្រុងកៀវ។ ដ្រូន FPV អាចត្រូវបានទប់ស្កាត់ដោយឧបករណ៍ផ្ដាច់រលក សញ្ញាបញ្ជូនទៅកាន់អ្នកបញ្ជា ហើយសូម្បីតែកាំភ្លើងខ្លី ឬសំណាញ់បង់ត្រីធម្មតាក៏ត្រូវបានសាកល្បងប្រើរួចហើយដែរដើម្បីចាប់ ឬបំផ្លាញដ្រូនមួយចំនួនក្នុងសមរភូមិសង្រ្គាមអ៊ុយក្រែន។

លោក Michael Kofman ជាអ្នកវិភាគអាមេរិកម្នាក់មកពីវិទ្យាស្ថាន Carnegie Endowment for International Peace ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បី បំផ្លាញដ្រូន FPV គឺប្រព័ន្ធ electronic warfare និងមធ្យោបាយខ្លះទៀតដូចជាការបំពាក់អាវក្រោះបន្ថែម ឬឧបករណ៍ការពារនៅលើរថក្រោះ។ ក៏ប៉ុន្តែ លោកវរសេនីយ៍ឯក Reisner នៅតែយល់ថា ដោយសារតែខ្វះខាតប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែនមិនអាចដកប្រព័ន្ធការពារដែនអាកាសដូចជា Gepards ឬក៏អាវុធប្រឆាំងយន្ដហោះចម្បាំងចេញពីទីតាំងការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរបស់ខ្លួន ដើម្បីយកទៅការពាររថក្រោះនោះទេ។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យកងពលអ៊ុយក្រែនលេខ៤៧ មិនបានធ្វើអត្ថាធិប្បាយអ្វីទេ រីឯក្រសួងការពារជាតិអ៊ុយក្រែន ក៏មិនបាននិយាយ អ្វីដែរ។ ប៉ុន្តែ កងទ័ពអ៊ុយក្រែនខ្លះបានលើកឡើងថាពួកគេបានត្រឹមប្រើប្រាស់យ៉ាងសន្សំសំច្ចៃនូវមីស៊ីលបាញ់ពីដី ទៅអាកាស ឬប្រព័ន្ធការពារដែនអាកាសផ្សេងទៀតប្រឆាំងនឹងដ្រូន FPV ដោយសារ អាវុធទាំងនោះត្រូវការប្រើជាចាំបាច់សម្រាប់បាញ់ទម្លាក់យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រ។

មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញមួយចំនួន ក៏មានការសង្ស័យដែរចំពោះប្រសិទ្ធភាពនៃអាវុធទាំងនេះប្រឆាំងនឹងដ្រូន FPV ដោយហេតុថាដ្រូនមានទំហំតូច និងអាចវាយប្រហារក្នុងល្បឿនមួយយ៉ាងលឿន ឬអាចគេចពីប្រព័ន្ធរ៉ាដាបាន។ អ្នកជំនាញយោធាកំពុងធ្វើតេស្ដលើអាវុធឡាស៊ែរ ដើម្បីបំផ្លាញដ្រូនហើយដែលអាវុធប្រភេទនេះមានតម្លៃថោក បើធៀបទៅនឹងការយកអាវុធដទទៃដើម្បីបាញ់ទម្លាក់ដ្រូន។ តែយ៉ាងណាក៏ដោយ ចំពោះមុខការរីកចម្រើនបច្ចេកវិទ្យា អាវុធប្រឆាំងនឹងអាវុធឡាស៊ែរក៏អាចនឹងត្រូវបានអភិវឌ្ឍឡើងដែរ។

* ចុះបើដូច្នេះតើរថក្រោះក្លាយជាវត្ថុបុរាណ ក្នុងសង្គ្រាមឬ?
លោកវរសេនីយ៍ឯក Reisner បាននិយាយថាក្រុមវិស្វករយោធាបានរកឃើញវិធីសាស្ត្រថ្មី ដើម្បីកម្ទេចរថក្រោះ ដរាបណាពួកវាត្រូវបានប្រើប្រាស់នៅលើសមរភូមិ។ តែលោកថាដ្រូន FPV មិនបានធ្វើឱ្យ Abrams និងរថក្រោះអាល្លឺម៉ង់ Leopards ក្លាយជាវត្ថុបុរាណនៅអ៊ុយក្រែននោះទេ។ «ប្រសិនបើអ្នកចង់វាយដណ្ដើមយកទឹកដី អ្នកត្រូវការរថក្រោះជាចំាបាច់ដែលជាអាវុធដ៏មានថាមពលតែមួយគត់ សម្រាប់សង្រ្គាមជើងគោក»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកវរសេនីយ៍ឯក Reisner។

តែទោះជាបែបនេះក្ដី លោកបានបន្ថែមថាដ្រូន FPV គឺជាផ្នែកមួយដ៏សំខាន់នៃអ្វីដែលក្រុមអ្នកវិភាគបានជឿជាក់ថាអាចនឹងជំរុញអនាគត «សង្រ្គាមផ្លូវរូងក្រោមដី»។ ក្នុងកាលៈទេសៈបែបនេះ កងទ័ព អាចនឹងបញ្ជាប្រព័ន្ធអាវុធចេញពីទីតាំងក្បែរលេណដ្ឋាន ឬផ្លូវរូងក្រោមដី ដើម្បីធានាថាពួកគេអាចការពារខ្សែចក្ខុ និងហ្រ្វេកង់វិទ្យុពីលើអាវុធ។ ក្នុងសមរភូមិបែបនេះ គេអាចនឹងត្រូវប្រើដ្រូន FPV ប្រឆាំងនឹងយានគ្មានមនុស្សបើក ហើយពួកវានឹងប្រយុទ្ធគ្នាដូចនៅក្នុងរឿង The Terminator៕