(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានប្រកាសថា ទីក្រុងវ៉ាស៉ីនតោន នឹងផ្តល់គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស រួមទាំងគ្រាប់កាំភ្លើងធំ ដែលអ៊ុយក្រែនត្រូវការជាចាំបាច់ តាមរយៈកញ្ចប់ជំនួយយោធាថ្មីមួយទៀត ទំហំ៦ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

វាគឺជាកញ្ចប់ជំនួយទី២ ក្នុងសប្តាហ៍នេះ ពោលគឺបន្ទាប់ពីកញ្ចប់ជំនួយយោធាទំហំ១ពាន់លានដុល្លារ ដែលត្រូវបានប្រកាសមិនយូរប៉ុន្មាន ក្រោយប្រធានាធិបីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយថ្មីឱ្យទៅអ៊ុយក្រែន ដែលកំពុង​តែបន្តប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។

បើតាមលោក Austin កញ្ចប់ជំនួយខាងលើនឹងបញ្ចូលនូវសព្វាវុធចម្រុះជាច្រើន រួមមានទាំងមីស៉ីលបាញ់ស្ទាក់ សម្រាប់ប្រព័ន្ធ Patriot និង NASAMS ផងដែរ។ ខណៈបរិក្ខារយោធាក្នុងកញ្ចប់ជំនួយ ១ពាន់លានដុល្លារ ដែលប្រកាសកាលពីថ្ងៃពុធ នឹងត្រូវយកចេញពីស្តុក​កងទ័ពអាមេរិក សម្ភារក្នុងកញ្ចប់ជំនួយថ្មីចុងក្រោយនេះ នឹងត្រូវទិញចេញពីក្រុមហ៊ុនការពារជាតិអាមេរិក ដែលមានន័យថា ពួកវានឹងប្រើពេលយូរទើបអាច​ទៅដល់អ៊ុយក្រែន។

សហរដ្ឋអាមេរិក បានដើរតួនាទីជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់របស់អ៊ុយក្រែន ដោយបានផ្តល់លុយរាប់សិបពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយសន្តិសុខ ចាប់តាំងតែពីរុស្ស៉ី បានបើកការឈ្លានពានរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។​ គិតត្រឹមនៅមុនសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន បានប្រកាសជំនួយថ្មីសម្រាប់អ៊ុយក្រែន តែមួយលើកគត់ នៅក្នុងឆ្នាំ២០២៤ គឺកញ្ចប់ជំនួយ៣០០លានដុល្លារ កាលពីខែមីនា ដែលវាអាចសម្រេចទៅបាន តាមរយៈការប្រើប្រាស់លុយ ដែលក្រសួងការពារជាតិអាមេរិក បានសន្សំពីការចំណាយផ្សេងៗ។

គួរបញ្ជាក់ថា សភាអាមេរិកដែលមានការខ្វែងគំនិតគ្នារវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ មិនបានអនុម័តការផ្តល់ជំនួយ​ទ្រង់ទ្រាយធំណាមួយឡើយ សម្រាប់ទីក្រុងកៀវ ក្នុងរយៈពេលរហូតដល់ជិត១ឆ្នាំកន្លះ ប៉ុន្តែនៅទីបំផុត ក៏បានចាប់ផ្តើមធ្វើសកម្មភាពកាលពី​សប្តាហ៍មុន ដើម្បីបន្តជួយអ៊ុយក្រែន។ កាលពីថ្ងៃទី២០ ខែមេសា សភាតំណាងរាស្រ្តអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែល​អនុញ្ញាតឱ្យមានការផ្តល់ជំនួយ សរុបទំហំ៩៥ពាន់លានដុល្លារ ទៅកាន់សម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងនោះ៦១ពាន់លានដុល្លារ​ គឺសម្រាប់អ៊ុយក្រែន។ ព្រឹទ្ធសភាអាមេរិក បានអនុម័តវាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយលោក បៃដិន បានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃពុធ៕