(វ៉ាសូវី)៖ មកទល់នឹងថ្ងៃចន្ទសប្តាហ៍នេះ កសិករប៉ូឡូញ បានរំសាយការតវ៉ារបស់ខ្លួននៅឯច្រកព្រំដែនជាមួយអ៊ុយក្រែនហើយ បន្ទាប់ពីអូសបន្លាយពេលជាច្រើនខែមក និងដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីកាន់តែយ៉ាប់យ៉ឺន ហើយប៉ះពាល់ដល់ពាណិជ្ជកម្មរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។

អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែននិយាយថា កសិករប៉ូឡូញបានរំសាយការបិទផ្លូវឆ្លងកាត់ច្រក Rava-Ruska កាលពីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានកិច្ចប្រឹងប្រែងការទូតជាច្រើនខែ ដោយទីក្រុងកៀវ។ មន្រ្តីព្រំដែនប៉ូឡូញ លោក Andriy Demchenko បានឱ្យដឹងថា ផ្លូវព្រំដែនជាមួយប៉ូឡូញមិនត្រូវបានបិទទៀតទេ ហើយរថយន្តដឹកទំនិញអាចឆ្លងកាត់ច្រកទាំងសងខាងបាន។ រដ្ឋមន្រ្តីកសិកម្មអ៊ុយក្រែន លោក Mykola Solsky បានសាទរចំពោះការយល់ព្រមរំសាយនេះ ដោយនិយាយថា មានការងារប្រកបដោយការស្ថាបនា ពីសំណាក់ភាគីប៉ូឡូញ។

គួរបញ្ជាក់ថា ក្រុមរថយន្តដឹកទំនិញប៉ូឡូញ បានចាប់ផ្តើមបិទព្រំដែនកាលពីចុងឆ្នាំមុន ដោយខឹងសម្បារនឹងអ្វីដែលពួកគេនិយាយថា អ៊ុយក្រែន បានប្រើប្រាស់ការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនក្នុងពេលមានសង្រ្គាម ដើម្បីដណ្តើមចំណែកទីផ្សាររបស់ពួកគេ។ ក្រោយមក ក្រុមកសិករបានចូលរួមការតវ៉ាដែរ ដោយត្អូញត្អែរពីការនាំចូលអាហាររបស់អ៊ុយក្រែនក្នុងតម្លៃថោក ធ្វើឱ្យប៉ះពាល់ដល់ផលិតផលកសិកម្មរបស់ពួកគាត់។ ទីក្រុងវ៉ាសូវី និងទីក្រុងកៀវ បានប្រើពេលអស់រយៈពេលជាច្រើនខែ តាមរយៈកិច្ចចរចាក្នុងកម្រិតផ្សេងៗគ្នា ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ គ្រាដែរអ៊ុយក្រែនអំពាវនាវឱ្យសហភាពអឺរ៉ុបចូលធ្វើអន្តរាគមន៍៕