(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ ហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានធ្វើទុក្ខបុកម្នេញនិងបង្កការខូចខាត ចំពោះនាវាខ្លួន១គ្រឿង អំឡុងហេតុការណ៍ប្រឈមមុខដាក់គ្នា ថ្មីមួយទៀត នៅឯតំបន់មានបញ្ហាវិវាទនៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។

ឆ្មាំសមុទ្រហ្វីលីពីនបានប្រាប់ថា នាវា២គ្រឿងរបស់ខ្លួន បានធ្វើប្រតិបត្តិការនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាកន្លែង​មានបញ្ហាជម្លោះ នៅសមុទ្រចិនខាងត្បូង ខណៈនាវា១គ្រឿងក្នុងចំណោមនោះ បានរងការខូចខាតដោយសារ ការប្រើប្រាស់កាណុងបាញ់ទឹក​ពី សំណាក់នាវាឆ្មាំសមុទ្រចិន២គ្រឿង។ ពុំមានប្រទេសណាមួយ មានអធិបតេយ្យ លើតំបន់ Scarborough Shoal ឡើយ ខណៈវាគឺជាទីតាំងនេសាទដ៏ប្រសើរបំផុតមួយ ដែលត្រូវបានទាញយកផលដោយប្រទេសមួយចំនួន នៅក្បែរនោះ។ ស្របពេលដែលតំបន់ថ្មប៉ប្រះទឹកនេះ ស្ថិតក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន វាបានស្ថិតក្រោមការត្រួតត្រារបស់ចិន ជាង១ទសវត្សរ៍មកហើយ ខណៈហេតុការណ៍ប្រឈមមុខគ្នានៅទីនោះ បានកើតមានឡើងជាញឹកញាប់ ជាពិសេសក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា ចិននិងហ្វីលីពីនធ្លាប់បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការធ្វើសកម្មភាពមិនស្របច្បាប់ នៅតំបន់ Scarborough Shoal។ ជាទូទៅទីក្រុងប៉េកាំង តែងចោទហ្វីលីពីនថា បានទន្រ្ទានចូលក្នុងអ្វីដែលខ្លួនអះអាងថា ជាដែនទឹករបស់ប្រទេសចិន។ កន្លងមក ទីក្រុងប៉េកាំងនិងទីក្រុងម៉ានីល ធ្លាប់បានអះអាងថា ពួកគេនឹងព្យាយាមរិះរកវិធី ជំរុញឱ្យការធ្វើទំនាក់ទំនង និងការគ្រប់គ្រងហានិភ័យ មានភាពប្រសើរជាង​មុន ពាក់ព័ន្ធបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង ប៉ុន្តែភាពតានតឹងនៅតែបន្តកើនឡើង ស្របពេលហ្វីលីពីនផ្តោតទៅពង្រឹង​ចំណងការទូតនិងយោធា កាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក៕