(ឡុងដ៌)៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បានបាត់បង់ជីវិត ហើយមនុស្ស ៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ចាក់សម្លាប់ ដោយបុរសម្នាក់ដែលកាន់ដោយដាវ នៅទីក្រុងឡុងដ៍នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងនៅសង្កាត់ Hainault ភាគខាងកើតទីក្រុងឡុងដ៍។ ហើយបុរសម្នាក់អាយុ ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួន។ ទោះបីជា​ព្រឹត្តិការណ៍​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​អាជ្ញាធរ​បាន​បញ្ជាក់ថា ពួកគេ​មិន​ជឿថា​វា​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ឡើយ​។

អគ្គស្នងការប៉ូលិសក្រុង Metropolitan លោក Stuart Bell បានបញ្ជាក់ពីការស្លាប់ដ៏សោកនាដកម្មរបស់ក្មេងប្រុសអាយុ ១៣ ឆ្នាំ ដែលបានបាត់បង់ជីវិតដោយសាររបួសរបស់គាត់ភ្លាមៗ បន្ទាប់ពីត្រូវបានចាក់។ បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ២នាក់ និងមន្ត្រីនគរបាល២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែរបួសពួកគេមិនគំរាមកំហែងដល់អាយុជីវិតឡើយ។

ទន្ធឹមគ្នានេះ អគ្គស្នងការប៉ូលិសរូបនេះ បានធានាដល់សាធារណជនថា មិនមានការគំរាមកំហែងបន្តដល់សហគមន៍ទេ ហើយក៏មិនស្វែងរកជនសង្ស័យបន្ថែមទៀតដែរ ដោយលោកបានបញ្ជាក់ថា ឧបទ្ទវហេតុ​នេះ​ទំនង​ជា​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ទេ៕