(ប៉េកាំង)៖ ក្នុងថ្ងៃពុធនេះ ចិនបានចាប់ផ្តើមដំណើរការធ្វើតេស្តសមត្ថភាពនៅផ្ទៃសមុទ្រ សម្រាប់នាវាផ្ទុកយន្តហោះចម្បាំង Fujian ដែលជា​នាវាផ្ទុកយន្តហោះចម្បាំងទី៣ និងទំនើបបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។

ការសាកល្បងខាងលើធ្វើឡើង នៅរយៈពេលជិត២ឆ្នាំ បន្ទាប់ពីនាវា Fujian ត្រូវបានបង្ហាញរូបរាងជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២២។ នាវាផ្ទុកយន្តហោះចម្បាំងនេះ ត្រូវបានរចនានិងសាងសង់ឡើង នៅក្នុងប្រទេសចិនទាំងស្រុង ហើយវាមានទំហំធំនិងទំនើបជាងគេ បើប្រៀបធៀបជាមួយ នាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងមុន គឺ Shandong ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩ ព្រមទាំង Liaoning ដែលចិនបានទិញតួខ្លួនយកមកពីអ៊ុយក្រែន កាលពីឆ្នាំ១៩៩៨។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នាវាផ្ទុកយន្តហោះចម្បាំង Fujian បានចាកចេញពីកំពង់ផែនៅទីក្រុង Shanghai កាលពី​វេលាម៉ោងជាង៨ព្រឹក ឆ្ពោះទៅកាន់លំហសមុទ្រ ដើម្បីធ្វើតេស្ត។ វាគឺជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបង្អស់ ដែលប្រើប្រាស់បច្ចេកវិទ្យា electromagnetic catapult ដែលជាប្រព័ន្ធជំនួយការហោះឡើង របស់យន្តហោះចម្បាំង។ ដោយសារតែហេតុនេះ នាវា Fujian មានរូបរាងខុសពីនាវា Shandong និង Liaoning ដោយផ្នែកខាងមុខរបស់វាមានផ្ទៃរាបស្មើ ពោលគឺមិនតម្រូវឱ្យមានលក្ខណៈកោងឡើង​លើឡើយ៕