(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានប្ដេជ្ញាចិត្តថានឹងបើកការវាយលុកតាមជើងគោកប្រឆាំងក្រុមហាម៉ាស នៅក្នុងទីក្រុង Rafah ស្ថិតនៅចុងភាគខាងត្បូងបំផុតនៃតំបន់ហ្កាហ្សា ជាផែនការមួយដែលបង្កក្ដីព្រួយបារម្ភជាសកលពីគ្រោះមហន្តរាយមនុស្សធម៌ ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីនជាង ១លាននាក់ដែលកំពុងជ្រកកោន ក្នុងទីក្រុងមួយនេះ។ ទោះជា សហរដ្ឋអាមេរិក អេហ្ស៉ីប និងកាតាជំរុញឱ្យមានបទឈប់បាញ់មួយជាថ្នូរនឹងការបញ្ចៀសប្រតិបត្តិការវាយលុកចូលទីក្រុង Rafah ក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងឡើងវិញ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសាថាកងទ័ពអ៉ីស្រាអែលនឹងវាយសម្រុកចូលទីក្រុង Rafah តាមការគ្រោងទុក បើទោះជាមាន ឬគ្មានបទឈប់បាញ់ក៏ដោយ ដើម្បីសម្រេចគោលដៅកម្ទេចក្រុមហាម៉ាស។

«យើងនឹងសម្រុកចូលទីក្រុង Rafah ដោយសារតែយើងគ្មានជម្រើសអ្វីផ្សេងទៀតនោះទេ។ យើងនឹងកម្ទេចកងពលក្រុមហាម៉ាសនៅទីនោះ (Rafah) ហើយយើងនឹងសម្រេច គោលដៅទាំងអស់នៃសង្រ្គាម ក្នុងនោះរួមមានទាំងការរំដោះចំណាប់ខ្មាំងផងដែរ»។ នេះជាការបញ្ជាក់របស់លោក ណេតាន់យ៉ាហ៊ូ។ អ៉ីស្រាអែលត្រូវបានរាយការណ៍ថាបាន បើកភ្លើងបៃតងហើយ សម្រាប់ប្រតិបត្តិការវាយលុកចូលទីក្រុង Rafah ខណៈការវាយប្រហារតាមផ្លូវអាកាសកំពុងធ្វើឡើងជាបណ្ដើរៗ និងបានចល័តកងទ័ព ព្រមទាំងរថក្រោះ ទៅកាន់តំបន់ភាគខាងត្បូងអ៉ីស្រាអែល ជាសញ្ញាមួយនៃត្រៀមលក្ខណៈវាយលុក ទោះជាគេមិនទាន់ដឹងឱ្យប្រាកដថានៅពេលណា ឬក៏ ប្រតិបត្តិការនេះនឹងកើតឡើងដែរ ឬក៏យ៉ាងណាក៏ដោយ?

ប្រជាជនប៉ាឡេស្ទីន ១.៤លាននាក់ ឬស្មើនឹងជាងពាក់កណ្ដាលនៃប្រជាជនហ្កាហ្សាទាំងមូល កំពុងជ្រកកោនក្នុងទីក្រុង Rafah និងតំបន់ជុំវិញ។ ភាគច្រើននៃពួកគេបានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែង ដើម្បីគេចពីការសម្លាប់មិនរើសក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ហើយឥលូវនេះពួកគេកំពុងរស់នៅយ៉ាងលំបាកវេទនា និងប្រឈមមុខនឹងការរត់ភៀសខ្លួន ជាថ្មីដោយមិនដឹងជាត្រូវទៅទីកន្លែងណាទៀតនោះទេ។

* ហេតុអ្វីទីក្រុង Rafah មានសារៈសំខាន់ខ្លាំងម្ល៉េះ?
ចាប់តាំងពីអ៉ីស្រាអែល ប្រកាសធ្វើសង្រ្គាមជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បាននិយាយថាគោលដៅធំរបស់អ៉ីស្រាអែល គឺកម្ទេចក្រុមហាម៉ាស។ តាមលោក ណេតាន់យ៉ាហ៊ូ Rafah គឺជាបន្ទាយរឹងមាំចុងក្រោយបំផុតមួយរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីយោធាអ៉ីស្រាអែលបានបំផ្លាញកងពលចំនួន១៨ នៃកងពលទាំង២៤របស់ក្រុមហាម៉ាស។ ប៉ុន្តែ មិនថានៅភាគខាងជើងហ្កាហ្សាដែលជាគោលដៅទី១ នៃប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនោះទេ គេឃើញថាក្រុមហាម៉ាសបានប្រមូលផ្ដុំកម្លាំងឡើងវិញតាមតំបន់មួយចំនួន និងបន្តការប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល។ អ៉ីស្រាអែល និយាយថាក្រុមហាម៉ាសមានកងពលចំនួន៤ ក្នុងទីក្រុង Rafah ហើយថាខ្លួនដាច់ខាតត្រូវតែបញ្ជូនកងទ័ពថ្មើរជើងវាយលុកចូលកម្ទេចកងពលទាំងនេះ និងតាមប្រមាញ់មេដឹកនាំ ហាម៉ាសខ្លះដែលអាចកំពុងលាក់ខ្លួនក្នុងទីក្រុងជាប់ព្រំដែនជាមួយអេហ្ស៉ីបមួយនេះ។

* ហេតុអ្វីប្រទេសជាច្រើនប្រឆាំងផែនការវាយលុក Rafah របស់អ៉ីស្រាអែល?
សហរដ្ឋអាមេរិក បានជំរុញឱ្យអ៉ីស្រាអែលកុំបើកការវាយលុកជើងគោកចូលទីក្រុង Rafah បើមិនមាន «ផែនការជាក់លាក់» ដើម្បីជម្លៀស និងការពារជនស៊ីវិល ដោយលោកប្រធានាធិបតី ចូ បៃដិនផ្ទាល់បានព្រមានថាប្រតិបត្តិការយោធាក្នុងទីក្រុងនេះនឹងក្លាយជាកំហុសមួយដ៏ធំ ហើយសូម្បីតែលោក ដូណាល់ ត្រាំ ក៏បានរំឮកអ៉ីស្រាអែលផងដែរថាកំពុងចាញ់ក្នុង «សង្រ្គាមសាធារណមតិ» ដោយសារតែការស្លាប់របស់ជនស៊ីវិលជារៀងរាល់ថ្ងៃ។ ចំណែក អេហ្ស៉ីបដែលជាដៃគូយុទ្ធសាស្ត្ររបស់អ៉ីស្រាអែលវិញ បាននិយាយថាប្រតិបត្តិការយោធា ណាមួយរបស់អ៉ីស្រាអែលដើម្បីគ្រប់គ្រងព្រំដែនរវាងហ្កាហ្សា និងអេហ្ស៉ីប នៅក្រោមគម្រោងធ្វើវិយោធកម្ម ឬការរំសាយយោធា ឬក៏ការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនរត់ចូលក្នុងទឹកដីអេហ្ស៉ីប អាចនឹងគំរាមកំហែងដល់សន្ធិសញ្ញាសន្តិភាពមានអាយុកាល ៤ទសវត្សរ៍មកនេះជាមួយអ៉ីស្រាអែល។

នៅក្នុងប្រតិបត្តិការជើងគោកនាពេលកន្លងមករបស់អ៉ីស្រាអែល ក្រោមការគាំទ្រពីការទម្លាក់គ្រាប់បែកចាប់តាំងពីខែតុលា ឆ្នាំមុនមក បានបំផ្លិចបំផ្លាញតំបន់ភាគខាងជើង នៃតំបន់ហ្កាហ្សា និងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូង រាបដល់ដី ហើយបានសម្លាប់រង្គាលជនស៊ីវិល ទោះជាមានការបង្គាប់ឱ្យជម្លៀសខ្លួនចេញពីតំបន់ទាំងនោះក៏ដោយ។ យោធាអ៉ីស្រាអែល បានអះអាងថាខ្លួនមានផែនការជម្លៀសប្រជាជនស៊ីវិលប៉ាឡេស្ទីន ឆ្ពោះទៅកាន់ភាគកណ្ដាលនៃតំបន់ហ្កាហ្សា និងបានទិញតង់ស្នាក់នៅចំនួនរាប់ពាន់សម្រាប់ឱ្យជនស៊ីវិលជ្រកកោន មុននឹងវាយលុកចូល Rafah។ ប៉ុន្តែ មិនមានការធានាថាជនស៊ីវិលអាចរួចផុតពីសេចក្ដីស្លាប់ និងទុក្ខវេទនាដែលពួកគេកំពុងរងទុក្ខស្រាប់ដូចធ្លាក់នរកនោះទេ។ លើសពីនេះទៅទៀត ក្រុមមន្ត្រី UN បានព្រមានថាការវាយប្រហារណាមួយលើទីក្រុង Rafah នឹងធ្វើឱ្យដួលរលំនូវប្រតិបត្តិការផ្ដល់ជំនួយដែលកំពុងសង្រ្គោះអាយុជីវិតប្រជាជននៅទូទាំងតំបន់ហ្កាហ្សា ឬអាចធ្វើឱ្យប្រជាជនប៉ាឡេស្ទីនធ្លាក់ចូលក្នុងគ្រោះទុរភិក្សកាន់តែធ្ងន់ធ្ងរ និងឈរនៅមាត់ទ្វារមរណៈ។

មកទល់នឹងពេលនេះ មានច្រកចូលមួយចំនួនត្រូវបានបើកចំហនៅតំបន់ភាគខាងជើង ហើយសហរដ្ឋអាមេរិកក៏បានសន្យាដែរថាកំពង់ផែមួយកំពុងស្ថិតក្នុងការសាងសង់ដែលអាចនឹង ជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌តាមផ្លូវសមុទ្រ នឹងអាចធ្វើប្រតិបត្តិការបាននៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ប៉ុន្តែ ភាគច្រើននៃស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈដទៃទៀត ចូលក្នុងតំបន់ហ្កាហ្សា​ ចេញពីប្រទេសអេហ្ស៉ីប ឆ្លងកាត់តាមទីក្រុង Rafah ឬច្រកព្រំដែន Kerem Shalom ទំនងជាមិនអាចចរាចរបានឡើយអំឡុងប្រតិបត្តិការវាយលុកណាមួយ។ សហរដ្ឋអាមេរិកបានជំរុញឱ្យអ៉ីស្រាអែលដឹកនាំប្រតិបត្តិការកំណត់គោលដៅជាក់លាក់ប្រឆាំងនឹងក្រុមហាម៉ាស ក្នុងទីក្រុង Rafah ជំនួសឱ្យបើកការវាយលុកតាមជើងគោកទ្រង់ទ្រាយធំ។ «យើងមិនចង់ឃើញប្រតិបត្តិការវាយលុកជើងគោកទ្រង់ទ្រាយធំក្នុងទីក្រុង Rafah នោះទេ ហើយជាការពិតណាស់ យើងមិនចង់ឃើញប្រតិបត្តិការដែលមិនផ្ដល់សុវត្ថិភាព និងសន្តិសុខ សម្រាប់អ្នកកំពុងជ្រកកោនក្នុងទីក្រុងនេះនោះឡើយ»។ នេះជាការបញ្ជាក់របសលោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក្រោយការអត្ថាធិប្បាយចុងក្រោយ បំផុតរបស់លោក ណេតាន់យ៉ាហ៊ូ។

* ធ្វើសង្រ្គាមដើម្បីរក្សាអំណាច?
ថាតើវាយ ឬមិនវាយលុកចូលទីក្រុង Rafah គឺជាផលវិបាកនយោបាយដ៏ធ្ងន់ធ្ងរមួយសម្រាប់លោក ណេតាន់យ៉ាហ៊ូ។ រដ្ឋាភិបាលរបស់លោកអាចប្រឈមមុខនឹងការដួលរលំ ប្រសិនបើ លោកមិនព្រមវាយលុកចូលទីក្រុងមួយនេះតាមផែនការទេនោះ។ ពីព្រោះថាក្រុមអ្នកនយោបាយជាតិនិយមជ្រុល និងអភិរក្សនិយមដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោកអាចនឹង ដកខ្លួនចេញពីក្រុមចម្រុះ ប្រសិនបើលោកទទួលយកបទឈប់បាញ់មួយជាថ្នូរនឹងការមិនវាយលុកចូលទីក្រុង Rafah។ ប៉ុន្តែ ក្រុមអ្នករិះគន់លោក ណេតាន់យ៉ាហ៊ូវិញ បានចោទប្រកាន់ នាយករដ្ឋមន្ត្រីរូបនេះថាខ្វាយខ្វល់តែពីការការពាររដ្ឋាភិបាលឱ្យបន្តដំណើរការ និងដើម្បីតែរក្សាអំណាចរបស់ខ្លួនឯងប៉ុណ្ណោះ ជាជាងខ្វល់ខ្វាយពីប្រយោជន៍ជាតិ។ តែលោក ណេតាន់យ៉ាហ៊ូបានច្រានចោលការចោទប្រកាន់បែបនេះ។

កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា លោក Bezalel Smotrich ជារដ្ឋមន្ត្រីហិរញ្ញវត្ថុអ៉ីស្រាអែល និងជារដ្ឋមន្ត្រីម្នាក់នៃរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ការទទួល យកបទឈប់បាញ់មួយ ហើយមិនបើកការវាយលុកចូលទីក្រុង Rafah វាមានន័យស្មើនឹងអ៉ីស្រាអែល «លើកទង់ស និងបោះបង់ជ័យជម្នះទៅឱ្យក្រុមហាម៉ាស»។ ប្រឈមមុខនឹងអន្តរជាតិ លោក ណេតាន់យ៉ាហ៊ូ អាចនឹងឯកោនៅលើឆាកអន្តរជាតិ ឬក៏អាចមានភាពរកាំរកូសជាមួយសហរដ្ឋអាមេរិក ក្នុងករណីអ៉ីស្រាអែលពិតជាវាយលុកចូលទីក្រុង Rafah មែននោះ។ តែយ៉ាងណាក៏ដោយ នៅពីក្រោយឆាកឯណោះវិញ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ចូ បៃដិន នៅតែបន្តផ្ដល់ការគាំទ្រទាំងការទូត និងយោធាសម្រាប់អ៉ីស្រាអែល៕