(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ទី១ ខែឧសភា បានចោទប្រកាន់រុស្ស៉ីថាបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ដោយបំពានលើ អនុសញ្ញាស្ដីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហើយក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងទីក្រុងមូស្គូផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថាបន្ថែមពីលើការប្រើប្រាស់អាវុធគីមី chloropicrin រុស្ស៉ីក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ជាវិធីសាស្ត្រធ្វើសង្រ្គាមនៅអ៊ុយក្រែនផងដែរ ក្នុងចេតនាវាយរុញច្រានកងកម្លាំងអ៊ុយក្រែនឱ្យដកថយចេញពីទីតាំងឈរជើងរបស់ពួកគេ និងដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រនៅលើសមរភូមិ។ ព្រមពេលជាមួយគ្នា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើយោធារុស្ស៉ី និងឧស្សាហកម្មវិស័យការពារជាតិ ក្នុងនោះរួមមាន ដាក់ទណ្ឌកម្មលើអង្គភាព និងក្រុមហ៊ុនជិត ៣០០ នៅក្នុងប្រទេសរុស្ស៉ី ចិន និងបណ្ដាប្រទេសមួយចំនួនទៀតដែលគាំទ្រការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កន្លងមករុស្ស៉ី បានអះអាងថាខ្លួនលែងមានឃ្លាំងអាវុធគីមីទៀតហើយ បើទោះជាបណ្ដាប្រទេសលោកខាងលិចទាមទារឱ្យមូស្គូបង្ហាញពីតម្លាភាពក៏ដោយ។ បើតាមវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក សារធាតុ chloropicrin អាចត្រូវបានយកទៅប្រើជាអាវុធគីមី និងថ្នាំសម្លាប់សត្វល្អិត ហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ប្រសិនស្រូបវាចូល៕