(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បានសន្យាផ្តល់ជំនួយប្រចាំឆ្នាំចំនួន ៣ពាន់លានផោន ឬស្មើនឹង ៣.៧៤ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន «ដរាបណានៅតែត្រូវការ» ហើយថាទីក្រុងឡុងដ៏ មិនជំទាស់នឹងការយកជំនួយអាវុធទៅប្រើប្រាស់លើទឹកដីរុស្ស៉ីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ ២០២៤។

លោក Cameron បានប្រាប់ Reuters ថា «យើងនឹងផ្តល់ថវិកាចំនួន ៣ពាន់លានផោនជារៀងរាល់ឆ្នាំ ដរាបណានៅតែចាំបាច់។ យើងពិតជាធ្វើឱ្យអស់ពីលទ្ធភាពក្នុងការផ្តល់សម្ភារយោធា ហើយនោះគឺជាកញ្ចប់ជំនួយធំជាងគេពីចក្រភពអង់គ្លេស គិតមកដល់ពេលនេះ។ ជាក់ស្តែង សម្ភារយោធាមួយចំនួនបានមកដល់អ៊ុយក្រែនហើយ ខណៈដែលខ្ញុំកំពុងស្ថិតនៅទីនេះ»។ លោក Cameron ក៏បានលើកឡើងដែរថា អ៊ុយក្រែនមានសិទ្ធិក្នុងការប្រើប្រាស់អាវុធ ដែលផ្តល់ឱ្យដោយទីក្រុងឡុងដ៏ ដើម្បីវាយប្រហារលើទឹកដីរុស្ស៉ី ហើយនោះជាការសម្រេចចិត្តរបស់អ៊ុយក្រែនផ្ទាល់។

គួរបញ្ជាក់ថា លោក Cameron ដែលធ្លាប់ដឹកនាំចក្រភពអង់គ្លេសពីឆ្នាំ ២០១០ និង ២០១៦ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយទើបតែត្រលប់មកកាន់ឆាកនយោបាយជួរមុខ កាលពីប៉ុន្មានខែមុននោះ បានជួបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងដំណើរទស្សនកិច្ចលើកទី ២របស់លោកនៅទីក្រុងកៀវ ក្នុងនាមជារដ្ឋមន្ត្រីការបរទេស៕