(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយនៅថ្ងៃសុក្រនេះថា រុស្ស៉ីនឹងជួបផលវិបាក សម្រាប់ការវាយប្រហារតាមអ៉ីនធឺណេត ដែលត្រូវបានចោទប្រកាន់លើក្រុម hacker មានទំនាក់ទំនងជាមួយចារកម្មយោធារុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ ២០២៤។

កាលពីខែមករា ឆ្នាំ ២០២៣ ទីក្រុងបែរឡាំង បានចោទថា ក្រុម hacker រុស្ស៉ីបានវាយលុកធ្វើឱ្យគេហទំព័រអាល្លឺម៉ង់មួយចំនួន លែងដំណើរការ ដើម្បីឆ្លើយតបទៅនឹងការសម្រេចបញ្ជូនរថក្រោះទៅអ៊ុយក្រែន។ លោកស្រី Baerbock បានប្រាប់សន្និសីទនៅទីក្រុង Adelaide ប្រទេសអូស្រ្តាលី យ៉ាងដូច្នេះថា «យើងអាចកំណត់យ៉ាងច្បាស់ ជុំវិញការវាយប្រហារតាមអ៉ីនធឺណេត កាលពីឆ្នាំមុន គឺធ្វើឡើងក្រុម APT28 ដែលត្រូវបានគេស្គាល់ថា ស្ថិតក្រោមគ្រប់គ្រងរបស់ទីភ្នាក់ងារចារកម្មយោធារុស្ស៉ី GRU។ ការណ៍នេះជា រឿងមិនអាចទទួលយកបានទេ ហើយមិនអាចបណ្តោយឱ្យកើតឡើង ដោយគ្មានផលវិបាកណាមួយឡើយ»

គួរបញ្ជាក់ថា អាល្លឺម៉ងស្ថិតនៅក្នុងចំណោមប្រទេសលោកខាងលិច ដែលផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី ហើយកាលពីខែតុលា លោក ពូទីន ធ្លាប់និយាយថា ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវជាប់គាំងយ៉ាងខ្លាំង៕