(ប៉ារីស)៖ សាកលវិទ្យាល័យ Sciences Po ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបិទទ្វារសម្រាកមួយថ្ងៃនៅថ្ងៃសុក្រនេះ បន្ទាប់ការជជែកដេញដោលគ្នារវាងថ្នាក់ដឹកនាំសាលា និងនិស្សិតស្តីពីសង្គ្រាមនៅហ្គាហ្សា បានបរាជ័យក្នុងការបន្ធូរបន្ថយភាពតានតឹង ដែលជំរុញឱ្យក្រុមបាតុករចូលកាន់កាប់សាកលវិទ្យាល័យនេះ ចាប់តាំងពីយប់ថ្ងៃព្រហស្បត៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ ២០២៤។

ឥស្សរជនវិទ្យាសាស្ត្រនយោបាយក្នុងសាកលវិទ្យាល័យ គឺជាបញ្ហានៃការតវ៉ានៅតាមសាលាក្នុងប្រទេសបារាំង ជុំវិញទំនាក់ទំនងរបស់ពួកគេ ជាមួយអ៉ីស្រាអែល ទោះបីជាមិនមានកម្រិតដូចនៅសហរដ្ឋអាមេរិកក៏ដោយ។ ក្រុមនិស្សិតប្រហែល ៧០នាក់កំពុងកាន់កាប់អគារសំខាន់ៗ របស់សាកលវិទ្យាល័យ Sciences Po​ ដែលស្ថិតនៅកណ្តាលទីក្រុងប៉ារីស មកទល់នឹងព្រឹកថ្ងៃសុក្រនេះ ដោយនិស្សិតម្នាក់បានប្រាប់ Reuters ការចរចាជាមួយថ្នាក់ដឹកនាំសាលា មិនមានភាពរីកចម្រើនទេ។ យ៉ាងនេះក្តី Sciences Po មិនទាន់ឆ្លើយតបចំពោះ សំណើសុំការអត្ថាធិប្បាយនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បុគ្គលិកសាកលវិទ្យាល័យ ត្រូវបានស្នើឱ្យធ្វើការពីផ្ទះ ខណៈដែលអគារធ្វើការនានាត្រូវបានបិទ។

គួរបញ្ជាក់ថា បើតាមសិស្សទូទៅ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សាកលវិទ្យាធិការរបស់ Sciences Po បានច្រានចោល ការទាមទាររបស់ក្រុមបាតុករ ឱ្យពិនិត្យឡើងវិញទៅលើទំនាក់ទំនងរវាងសាកលវិទ្យាល័យជាមួយអ៉ីស្រាអែល ដោយការណ៍នេះបាននាំឱ្យ ជំរុញឱ្យក្រុមបាតុករបន្តសកម្មភាពរបស់ពួកគេ និងមានអ្នកធ្វើកូដកម្មបង្អត់អាហារថែមទៀតផង៕