(ប៉េកាំង)៖ សង្គ្រាមរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលឈានចូល២០៩ថ្ងៃហើយគិតត្រឹមថ្ងៃទី២ឧសភា។ កិច្ចប្រឹងប្រែងស្វែងរក ការឈប់បាញ់គ្នា និងការដោះលែងចំណាប់ខ្មាំងសេសសល់ បានជួបឧបសគ្គមិនអាចឱ្យភាគីទាំង២ សម្រេចបានឡើយ។ ហេតុអ្វីបានជាការចរចារវាងហាម៉ាសនិង អ៊ីស្រាអែលរហូតមកទល់ពេលនេះនៅតែជួបឧសគ្គ? អ៊ីស្រាអែលនិងក្រុមហាម៉ាស បានពិភាក្សាគ្នាអស់ជាច្រើនខែ ស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងការបញ្ឈប់សង្គ្រាមនៅក្នុងតំបន់ ហ្គាហ្សានោះ។ ប៉ុន្តែកិច្ចពិភាក្សាគ្នានៅតែឈានដល់ចំណុចចុងក្រោយមិនបាន។

**** តើមកពីមូលហេតុអ្វី?
ស្ទើរគ្រប់ពេលវេលាទាំងអស់ ភាគីអ៊ីស្រាអែលត្រូវគេឃើញថា គឺជាអ្នកចរចាមួយដែលបង្ហាញ ភាពអល់ឯកស្ទាក់ស្ទើរជំទាស់ជុំវិញ ការស្វែងរកសន្តិភាពក្នុងតំបន់ហ្គាហ្សា។ ភាគីអ៊ីស្រាអែល មានភាពស្ទាក់ស្ទើរមិនចង់ដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់ហ្គាហ្សា, មិនចង់ដោះលែងអ្នកទោសប៉ាឡេស្ទីននិងថែមមិនចង់ឱ្យ អ្នកភៀសខ្លួនប៉ាឡេស្ទីន វិលត្រឡប់ទៅកាន់លំនៅដើម របស់ខ្លួននាភាគខាងជើងវិញនោះ ជាដើម។

ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកបានថ្លែងថា នាប៉ុន្មានសប្តាហ៍ថ្មីៗមកនេះ អ៊ីស្រាអែលបានបង្ហាញ ការធ្វើសម្បទានធំៗខ្លះរបស់ខ្លួនជាច្រើន។ ហើយនាពេលនេះ វាហាក់ដូចជាក្រុមហាម៉ាស នោះទៅវិញទេដែលជាភាគីបង្ហាញ នូវភាពស្ទាក់ស្ទើរចំពោះកិច្ចប្រឹងប្រែងស្វែងរកកិច្ចឈប់ បាញ់គ្នាក្នុងតំបន់ហ្គាហ្សានោះ។ ភាគីហាម៉ាស់មិនបានទទួលយក ការធ្វើសម្បទានរបស់អ៊ីស្រាអែល ដែលប្រការនោះ បានធ្វើឱ្យមានការខកចិត្ត ដល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការចង់បញ្ឈប់យ៉ាងហោចណាស់ ការឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សានោះ។ តើការពិតគឺយ៉ាងណាទៅវិញ?

**** តើភាពអត់ធ្មត់តស៊ូក្នុងទីចុងបញ្ចប់របស់ហាម៉ាស់នឹងទទួលជោគជ័យដែរឬទេ?
អ៊ីស្រាអែលបាននិយាយគំរាមថា កងកម្លាំងថ្មើរជើងរបស់ខ្លួន កំពុងត្រៀមវាយលុកចូលក្នុងទី ក្រុង Rafah ដែលជាកន្លែងនៃទីជំរកចុងក្រោយ របស់ជនស៊ីវិលប៉ាឡេស្ទីនប្រមាណមួយលាននាក់ និងក្រុមយុទ្ធជនហាម៉ាស់ច្រើនពាន់នាក់ ដែលបានលាក់ខ្លួននៅទីនោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយបញ្ជាក់ក្នុងសប្តាហ៍នេះ ថាលោកនឹងវាយប្រហារ ចូលក្នុងតំបន់ Rafah នោះ ទោះបីជាមានឬគ្មាន កិច្ចព្រមព្រៀងស្តីពី ការដោះលែងចំណាប់ខ្មាំងក៏ដោយ។ ហើយបើសិនជាមាន ការវាយលុកដោយថ្មើរជើងចូល ក្នុងតំបន់ Rafah មែនទៀតនោះ, ជនស៊ីវិលច្រើនពាន់នាក់ ត្រូវគេបារម្ភថានឹង អាចស្លាប់ជា បន្ថែមទៀតនៅក្នុងការវាយប្រហារនោះ។

ហាម៉ាសដែលមានយុទ្ធជននិងពលរដ្ឋប៉ាឡេស្ទីន ដែលស្លាប់ជាបន្តបន្ទាប់អស់ជាច្រើនមក នោះបានបង្ហាញនូវភាពជំនះមិនខ្លាចស្លាប់ ជាបន្ថែមទៀតឡើយ បើទោះបីជាមានការគំរាមកំហែងបំរុងធ្វើការវាយលុកថ្មើរជើង របស់អ៊ីស្រាអែលយ៉ាងណាក៏ដោយ។ សំណួរមួយដែល ដាក់ចេញនោះគឺថា តើអ៊ីស្រាអែលហ៊ានចូលវាយប្រហារដែរឬទេ ចំពោះមុខស្ថានការណ៍នេះ?

ភាគីដែលចូលរួមធ្វើជាប្រទេសសម្របសម្រួលនៅក្នុងការចរចាស្វែងរកការឈប់បាញ់គ្នានា ពេលនេះរួមមានសហរដ្ឋអាមេរិក, ប្រទេសអេហ្ស៊ីបនិងប្រទេសកាតា សុទ្ធតែបានបារម្ភថាក្រុមហាម៉ាស ហាក់ដូចជាបង្ហាញបំណងមិនយល់ស្រប តាមសំណើរកការឈប់បាញ់គ្នានោះដោយ មិនខ្លាចនឹងឱ្យមានការស្លាប់ជាច្រើន ទៀតដល់ជីវិតពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងជ្រកកោន នៅក្នុងតំបន់ចុងក្រោយបំផុតនៃក្រុង Rafahនេះឡើយ។ ហាម៉ាសហាក់ដូចជាបង្ហាញការទាម ទារចង់បានដាច់ខាតរបស់ខ្លួនគឺ ការបញ្ចប់សង្គ្រាមទាំងស្រុង និងការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ ចេញពីតំបន់ហ្គាហ្សាដែលជាលក្ខខណ្ឌមុនគេបំផុត មុននឹងនិយាយដល់ការដាក់លក្ខ ខណ្ឌអ្វី ទាំងអស់។

សេចក្តីរាយការណ៍បាននិយាយថាក្រុមហាម៉ាស់ជឿថា បើសិនជាមានមរណភាពរបស់ពល រដ្ឋប៉ាឡេស្ទីនក្នុងក្រុង Rafah នៃទីក្រុងចុងក្រោយនេះទៀត វានឹងធ្វើឱ្យសឹករិចរិលនូវអ្វីដែល ពិភពលោកធ្លាប់តែបង្ហាញការគាំទ្រចំពោះប្រទេសអ៊ីស្រាអែលនោះ។ ភាពមានៈនិងតស៊ូរបស់ ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលមិនខ្លាចស្លាប់នេះ ត្រូវគេឃើញថាបាន រំជួលចិត្តដល់បណ្តាមនុស្សជាច្រើន នៅលើសកលលោកលោក ក្នុងនោះសូម្បីតែនៅក្នុងសហរដ្ឋអាមេរិក ដែលមានក្រុមនិស្សិតតាមមហាវិទ្យាល័យធំៗ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋ បាលលោកចូបៃដិននិងពួកគេបានទាមទារឱ្យ សហរដ្ឋអាមេរិក ដាក់គំនាបនយោបាយទៅលើ រដ្ឋាភិបាលក្រុង Tel Aviv។ បាតុកម្មរបស់និស្សិតត្រូវគេឃើញ បានកើតឡើងនៅសកលវិទ្យាល័យធំៗ ដូចជានៅក្នុងរដ្ឋញូយ៉ក និងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាជាដើម។

សហរដ្ឋអាមេរិកមិនចង់ឱ្យអ៊ីស្រាអែលធ្វើការវាយប្រហារដោយកម្លាំងថ្មើរជើងចូលលុកលុយ ក្រុង Rafah ឡើយ យ៉ាងហោចណាស់ ក៏ត្រូវតែបង្ហាញនូវផែនការ ដ៏ប្រសើរបំផុតមួយរបស់អ៊ីស្រាអែល ដើម្បីការពារអាយុជីវិតពលរដ្ឋស៊ីវិលប៉ាឡេស្ទីន នៃទីជំរកចុងក្រោយ ក្នុងតំបន់ហ្គាហ្សានេះផងដែរ។ ពេលនេះ គឺមានតែកិច្ចព្រមព្រៀងដោះលែង ចំណាប់ខ្មាំងតែមួយមុខ ប៉ុណ្ណោះដែលនឹងក្លាយជា វិធីដ៏ប្រសើរបំផុត យ៉ាងហោចគឺការពន្យាពេល នូវការធ្វើប្រតិបត្តិការវាយលុក របស់អ៊ីស្រាអែលនោះ។

កាលពីដើមខែមេសាកន្លងមកនេះនាយកក្រុម CIAអាមេរិកគឺ លោក William J. Burns ដែល ជាអ្នកចរចានាំមុខមួយរូបស្វែងរក ការដោះលែងចំណាប់ខ្មាំង បានដាក់ចេញនូវផែនការថ្មីមួយ។ ផែនការនោះបានស្វែងរកសម្របនូវការទាមទារដ៏សំខាន់មួយ ពីក្រុមហាម៉ាសនោះគឺ ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួន នៅតំបន់ហ្គាហ្សាភាគខាងត្បូង នឹងអាចមានសេរីភាពក្នុង ការវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ទៅកាន់ភាគខាងជើង ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរ អ្នកទោសនិងចំណាប់ខ្មាំងជាលើកដំបូង។ សំណើនៅបានលើកឡើងការឈប់បាញ់បណ្តោះអាសន្ន រយៈពេល៦សប្តាហ៍ជាថ្នូរនៃការដោះលែងចំណាប់ខ្មាំង ៤០នាក់ជាជនស៊ីវិលនិងអ្នក មានជម្ងឺជាថ្នូរនៃការដោះលែង អ្នកទោសប៉ាឡេស្ទីនច្រើនរយនាក់ពីពន្ធនាគារអ៊ីស្រាអែល។

ក្រុមហាម៉ាស បានឆ្លើយតបថាទេនៅចំពោះសំណើនោះ។ ក្រុមហាម៉ាស់បានប្រាប់អ្នកចរចាថា គេមិនអាចបំពេញតាម លក្ខខណ្ឌណាមួយបានទេ ពីព្រោះគេមិនទាន់មានចំណាប់ខ្មាំងរស់ចំនួន ៤០នាក់ដែលជាស្ត្រី, អ្នកជម្ងឺឬមនុស្សចាស់ជរា… ហើយថាហាម៉ាស់មិនមានឆន្ទៈ ក្នុងការរំដោះទាហាន ដែលត្រូវបានចាប់ខ្លួន ដោយការបង្កើតឱ្យមានរឿងផ្សេងទៀតនោះឡើយ។ ក្រុមហាម៉ាសតម្រូវឱ្យមានការសន្យាពីអ៊ីស្រាអែល ត្រូវតែបញ្ចប់សង្គ្រាមក្នុងតំបន់ហ្គាហ្សា ជាមុនសិន។

បន្ទាប់ពីក្រុមហាម៉ាសបានបដិសេធ, ក្រុមអ្នកចរចាបានរៀបចំ នូវផែនការសាជាថ្មីមួយមកទៀត។ សហរដ្ឋអាមេរិកក៏បានដាក់សម្ពាធលើ អ៊ីស្រាអែលឲ្យធ្វើកិច្ចព្រមព្រៀងមួយមកជាមួយ ផងដែរ។ នៅសប្តាហ៍នេះ អ៊ីស្រាអែលបាននិយាយយល់ព្រម ដោយបានប្រាប់ ក្រុមអ្នកចរចាថា គេនឹង ទទួលយកចំណាប់ខ្មាំងតិចជាងនេះ គឺចំនួន៣៣នាក់និងដោះលែងជនជាតិប៉ាឡេស្ទីនជាច្រើន បន្ថែមទៀតពីពន្ធនាគាររបស់ខ្លួន សម្រាប់ជាថ្នូរនៃចំណាប់ខ្មាំង ដោះលែងនីមួយៗ។ ក្រុមហាម៉ាស់បាននិយាយថា ពួកគេនឹងពិចារណាលើ សំណើលក្ខខណ្ឌថ្មីរបស់អ៊ីស្រាអែល។ មន្ត្រីអាមេរិកជឿថាអ៊ីស្រាអែលបានធ្វើសម្បទាន គ្រប់បែបយ៉ាងហើយៗ រដ្ឋាភិបាលក្រុងវ៉ាស៊្ហីន តោនបែរជាដាក់ការសង្ស័យជុំវិញការចង់ដឹងថា តើក្រុមហាម៉ាសពិតជាចង់បាននូវកិច្ចព្រមព្រៀងឈប់បាញ់ នោះដែរឬយ៉ាងណា?

***** ល្បែងចង់រកការបញ្ចប់សង្គ្រាមដែលគេពិបាកយល់

ល្បែងចង់បញ្ចប់សង្គ្រាមនេះ ត្រូវគេចាត់ទុកថាជាបញ្ហាដ៏ស្មុគស្មាញកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ រាល់ការចរចាសន្តិភាព រវាងអ៊ីស្រាអែលប៉ាឡេស្ទីន ហាក់ដូចជាបានស្ថិតក្នុង សភាពមួយដែលអ្នកជួយសម្របសម្រួលតែងហៅ និងចាត់ទុកថាជា "ស្ថានភាពចុងក្រោយ"។ អ្នកតាមដានស្ថានការណ៍បាននិយាយថា តាំងពីដើមដំបូងមកយុទ្ធសាស្ត្ររបស់អាមេរិកគឺ ធ្វើការដើម្បីរកបទឈប់បាញ់បណ្តោះអាសន្ន… ហើយបន្ទាប់មកប្រើប្រាស់បទឈប់បាញ់ បណ្តោះអាសន្ននោះ ដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះ, ដោះលែងអ្នកទោសប៉ាឡេស្ទីន និង ពង្រីកជំនួយមនុស្សធម៌។

សំណើរកការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹង ការបញ្ឈប់បណ្តោះអាសន្នដាក់ចេញកាលពី ដើមខែមេសា ត្រូវបានបរាជ័យ។ ប៉ុន្តែមន្ត្រីអាមេរិកសង្ឃឹមថា ការដោះលែងចំណាប់ខ្មាំង សាជាថ្មីទៀត នឹងអាចជួយជំរុញភាគីទាំងសងខាង ក្នុងការធ្វើដំណើរឆ្ពោះទៅរក បទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍។ នៅក្នុងការចរចាកន្លងមកនេះ មានមនុស្សមួយចំនួនបាននិយាយបន្ទោសដាក់ទៅលើមេដឹក នាំយោធាក្រុមហាម៉ាស់ លោក Yahya Sinwar ដែលបានផ្តើមគំនិតបង្កើតអំពើវាយប្រហារថ្ងៃទី៧ តុលា ដែលធ្វើឱ្យភាពទ័លច្រក រហួតមកទល់ពេលនេះ។

លោក Yahya Sinwar ត្រូវគេរាយការណ៍ថាគាត់បានតាមដានកិច្ចពិភាក្សាអំពីការចរចានេះពី ក្នុងកន្លែងលាក់ខ្លួននៅរូងក្រោមដី ក្នុងតំបន់ហ្គាហ្សា។ សេចក្តីរាយការណ៍បង្ហាញថា លោក Yahya Sinwar ត្រូវបានគេរក្សាការពារ ដោយការប្រើប្រាស់ជីវិត ចំណាប់ខ្មាំង១៥នាក់ជាខែល។ អ្នកត្រូវបានចាប់ខ្លួន យកធ្វើជាខែលការពារនោះ ត្រូវគេរាយការណ៍ទៀតថា បានរារាំងអ៊ីស្រាអែល មិនឱ្យធ្វើឃាតលើរូបលោក Yahya Sinwar នោះឡើយ។

ក្នុងពេលដែលមន្ត្រីអាមេរិក បានគិតជាយូរមកហើយថា ក្រុមហាម៉ាស់នឹងមិនមានបំណងដោះលែង ទាហានអ៊ីស្រាអែលដែលពួកគេ បានចាប់ដោយគ្មានការសន្យា នៃបទឈប់បាញ់ជាយូរ អង្វែងជាងនេះទៀតទេនោះ… រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានរំពឹងទៀតថា មេដឹកនាំយោធា ក្រុមហាម៉ាស់លោក Sinwar នោះ នឹងធ្វើកិច្ចការចាំបាច់ដែលគាត់អាចគិតថា ជាការជួយប្រជាជនហ្គាហ្សា ដើម្បីការបញ្ឈប់សង្គ្រាម ហើយនៅពេលនោះ ក៏នឹងអាចមានការដោះលែងស្រ្តី និងមនុស្សចាស់ជរាដែលជាចំណាប់ខ្មាំង ដែលនៅសេសសល់។ សហរដ្ឋអាមេរិកសង្ឃឹមថា មានតែការបញ្ជូនចំណាប់ខ្មាំងវិលត្រឡប់ទៅកាន់ ផ្ទះរបស់ពួកគេ វិញនោះទេ ដែលនឹងជួយអ៊ីស្រាអែលឱ្យមានការមើលឃើញថា អ៊ីស្រាអែលបានសម្រេចលទ្ធផលគ្រប់គ្រាន់របស់ខ្លួន ហើយនៅក្នុងសង្គ្រាម។

វាជាការពិតមែនហើយ អ្វីដែលអ៊ីស្រាអែល មានបំណងចង់កម្ទេចក្រុមហាម៉ាសទាំងអស់ នឹងមិនអាចសម្រេចទាំងស្រុងបានឡើយ ប៉ុន្តែការវាយប្រហារដ៏ខ្ទេចខ្ទាំ ក្នុងទីកន្លែងដែល ក្រុមហាម៉ាស់រស់នៅជាមួយនឹងការស្លាប់របស់ពល រដ្ឋប៉ាឡេស្ទីនជាង៣ម៉ឺន៤ពាន់នាក់ និងមានអ្នករងរបួសជាង៧ម៉ឺន៧ពាន់៧រយនាក់នាក់ ក្នុងរយៈ៧ខែមកនេះ នឹងមិនអាចឱ្យ ក្រុមហាម៉ាសអាចមានលទ្ធភាពវាយប្រហារ ដាក់លើប្រទេសអ៊ីស្រាអែលទៀតបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលធ្វើសង្គ្រាម២០៩ថ្ងៃ កន្លងមកគិតត្រឹមថ្ងៃទី២ឧសភា នេះ ក្នុងដំណាក់កាលលើកដំបូង គឺគេអាចឱ្យក្រុមហាម៉ាស ទទួលបាននូវពាក្យ Yes ប៉ុន្តែ ការរកសម្តី Yes ជាលើកទី២នាពេលនេះ ដើម្បីការឈប់បាញ់គ្នា ហាក់បីដូចជាលំបាកខ្លាំងណាស់។

ក្រុមហាម៉ាសហាក់បីដូចជាប្រកាន់ខ្ជាប់ នូវការទាមទារដ៏ស្លាប់រស់របស់ខ្លួន នោះគឺការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា និងការត្រូវដកកងកម្លាំងអ៊ីស្រាអែល ទាំងអស់ ចេញពីតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានបដិសេធ នូវសំណើស្លាប់រស់ទាំង២នេះ របស់ក្រុម ហាម៉ាសនិងនិយាយគំរាមថា គេនឹងធ្វើប្រតិបត្តិការយោធាជាបន្ត រហូតទាល់តែក្រុមហាម៉ាស រលាយខ្ទេចខ្ទីដើម្បីមិនឱ្យអ៊ីស្រាអែល អាចនឹងមានគ្រោះថ្នាក់ជាលើកទី២ទៀត បានសាជាថ្មីឡើយ។ នេះហើយគឺជាភាពមិនទាន់ត្រូវគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕