(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៤,៦២២ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ២៦ នាក់ និងរបួស ៥១ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,៦២២ នាក់ និងរបួសដល់ ៧៧,៨៦៧ នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបច្ចុប្បន្នបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។

គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមនេះឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលនៅពេលនោះមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕