(គែរ)៖ ក្រុមអ្នកចរចារបស់ហាម៉ាស បានទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៉ីបហើយ នៅថ្ងៃសៅរ៍នេះ សម្រាប់កិច្ចពិភាក្សាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលអាចនាំឱ្យមានការវិលត្រលប់នៃចំណាប់ខ្មាំងទៅកាន់អ៉ីស្រាអែលវិញ ដោយមន្ត្រីហាម៉ាស់ម្នាក់និយាយថា លោកនាយក

CIA ក៏មានវត្តមាននៅទីនោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ ២០២៤។

ទូរទស្សន៍អេហ្ស៉ីប ក៏បានរាយការណ៍អំពីការមកដល់នៃគណៈប្រតិភូហាម៉ាស នៅទីក្រុងគែរផងដែរ។ សន្តិសុខអេហ្ស៉ីបម្នាក់ បានប្រាប់ Reuters ថា លទ្ធផលនៅថ្ងៃនេះ អាចនឹងខុសពីរាល់ដង ដោយមានការឈានដល់កិច្ចព្រមព្រៀងមួយលើចំណុចជាច្រើន។ ចំណែក មន្រ្តីប៉ាឡេស្ទីនមួយរូប បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្វីៗមើលទៅប្រសើរជាងមុន ប៉ុន្តែកិច្ចព្រមព្រៀងមួយអាចកើតឡើងឬអត់ អាស្រ័យលើអ៉ីស្រាអែលអាចផ្តល់អ្វីបានខ្លះ ដើម្បីជាផ្នែកនៃការសម្រេចបាន។

គួរបញ្ជាក់ថា កិច្ចពិភាក្សានៅទីក្រុងគែរ ធ្វើឡើងក្រោមការពិនិត្យរបស់ប្រទេសកាតា ក្នុងនាមជាអ្នកសម្រុះសម្រួល។ ចំណែក នាយក CIA លោក William Burns បានទៅដល់ ទីក្រុងគែរ កាលលពីថ្ងៃសុក្រ ដោយបើតាមកិច្ចចរចាបទឈប់បាញ់មុនៗ ទីក្រុងវ៉ាស៊ីនតោន ផ្តល់សញ្ញាថាអាចនឹងមានការរីកចម្រើននៅពេលនេះ៕