(ប៉ារីស)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយកាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភានេះ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលត្រូវបានគេរំពឹងថានឹងព្រមានសមភាគីរបស់លោកប្រឆាំងនឹងការគាំទ្ររុស្ស៉ីក្នុងសង្រ្គាម នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ធ្វើឡើងនាឱកាសនៃការប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងបារាំង និងចិន ហើយវាក៏នឹងក្លាយជាដំណើរទស្សនកិច្ច លើកដំបូងរបស់លោកទៅកាន់តំបន់អឺរ៉ុបដែរចាប់តាំងពីឆ្នាំ២០១៩មក។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ការជ្រើសរើសបំពេញទស្សនកិច្ចនៅបារាំងដែលជាមហាអំណាចដ៏សំខាន់មួយ នៅអឺរ៉ុប បានបង្ហាញពីទំនាក់ទំនងល្អរវាងចិន និងបារាំង ចាប់តាំងពីលោក ម៉ាក្រុង ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែមេសា ឆ្នាំ២០២៣។

លោក ស៊ី ជីនពីង និងភរិយាគឺលោកស្រី Peng Liyuan បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Paris Orly ដោយមានការទទួលស្វាគមន៍ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal។ តាមការគ្រោងទុក លោក ស៊ី ជីនពីង នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉ារីស នៅថ្ងៃចន្ទដើមសប្ដាហ៍ជាមួយមេដឹកនាំអឺរ៉ុបក្នុងនោះរួមមានដូចជា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មុននឹងត្រូវចូលរួមពិធីលៀងសាយភោជនជាមួយលោក ម៉ាក្រុង នៅឯវិមានអេលីហ្សេ (Elysee)។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចនៅបារាំង លោក ស៊ី ជីនពីង នឹងត្រូវបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ែរប៊ីនៅថ្ងៃទី៧ ខែឧសភា និងក្រោយមកទើបបន្តដំណើរទៅកាន់ ប្រទេសហុងគ្រី ជាទីឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកនៅអឺរ៉ុប៕