(ឡាហាវ៉ាន់)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសថា រូបលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចការងារមួយ ស្របពេលដែលទីក្រុងឡាហាវ៉ាន់និងមូស្គូ ដែលត្រូវជាសម្ព័ន្ធមិត្តចាស់នឹងគ្នា បានងាកមកពង្រឹងទំនាក់ទំនងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

គុយបានិងរុស្ស៉ីបានចាប់ផ្តើមបង្កើនភាពជិតស្និទ្ធសាជាថ្មី ចាប់តាំងពីឆ្នាំ២០២២មក ខណៈដែលទីក្រុងមូស្គូព្យាយាមស្វែងរក ដៃគូការទូតក៏ដូចជាដៃគូ​ពាណិជ្ជកម្មថ្មី ក្រោយប្រឈមមុខការដាក់សម្ពាធពីលោកខាងលិច ដោយសារសង្រ្គាមនៅអ៊ុយក្រែន។ លោក Diaz-Canel បានចេញដំណើរឆ្ពោះទៅកាន់រុស្ស៉ី កាលពីយប់ថ្ងៃចន្ទ ហើយលោកបាននិយាយថា ដំណើរទស្សនកិច្ចការងារនេះ មានគោលដៅផ្តោតលើ​អាទិភាពរបៀបវារៈទ្វេភាគី បន្ទាប់ពីការជាប់ឆ្នោតអាណត្តិថ្មីរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។

កន្លងមក លោក Diaz-Canel ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបលោក ពូទីន កាលពីឆ្នាំ២០២២។ រីឯកាលពីខែកុម្ភៈ ឆ្នាំនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានមកបំពេញទស្សនកិច្ចនៅទីក្រុងឡាហាវ៉ាន់ ជាលើកទី២ ក្នុងរយៈពេល​មិនដល់១ឆ្នាំនោះឡើយ។ គុយបាបានរក្សាគោលជំហរអព្យាក្រឹត ជុំវិញសង្រ្គាមអ៊ុយក្រែន ដោយបានអំពាវនាវឱ្យមានដំណោះស្រាយបញ្ចប់ជម្លោះ តាមរយៈកិច្ចចរចា ហើយមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីទេ។

គួរបញ្ជាក់ថា ដោយស្ថិតក្រោមការបិទខ្ទប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៦២មក គុយបាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចដ៏​អាក្រក់បំផុត គិតក្នុងរយៈពេល៣ទសវត្សរ៍ ហើយទទួលបានប្រេងពីរុស្ស៉ី ដើម្បីជួយបន្ធូរបន្ថយបញ្ហាខ្វះខាតឥន្ធនៈយ៉ាងធ្ងន់ធ្ងររបស់ខ្លួន។ គុយបានិងអតីតសហភាពសូវៀត គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នា កាលពីអំឡុងសម័យសង្រ្គាមត្រជាក់ ប៉ុន្តែកិច្ចសហប្រតិបត្តិការនោះ បានបញ្ចប់ទៅវិញកាលពីឆ្នាំ១៩៩១ ដោយសារតែការដួលរលំ នៃប្លុកសូវៀត៕