(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃអង្គារនេះថា វាជារឿងដែលមិនអាចទទួលយកបានទេ សម្រាប់បុគ្គលិកការពារជាតិអូស្រា្តលី ដែលត្រូវស្ថិតក្នុងហានិភ័យនៅលើដែនអាកាសអន្តរជាតិ បង្កឡើងដោយយោចិន ខណៈពួកគេកំពុងចូលរួមក្នុងប្រតិបត្តិការមួយ ដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ ២០២៤។

កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអូស្រា្តលី លោក Richard Marles បានឱ្យដឹងថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានបាញ់ផ្កាភ្លើងពីនៅលើ និងនៅចម្ងាយប៉ុន្មានរយម៉ែត្រពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលី អំឡុងការហោះហើរជាប្រចាំមួយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅតំបន់សមុទ្រលឿង។

ថ្លែងតាមទូរទស្សន៍ លោក Albanese ថា ចិនមិនទាន់ឆ្លើយតបជាសាធារណៈ ចំពោះសេចក្តីថ្លែងការណ៍របស់អូស្រ្តាលី ជុំវិញឧប្បត្តិហេតុនេះនៅឡើយទេ។ លោក Albanese បានគូសបញ្ជាក់ថា «នេះគឺជាបញ្ហា យើងសូមបង្ហាញជាសាធារណៈ និងនិយាយឱ្យច្បាស់ថា វាជាអាកប្បកិរិយាដែលមិនអាចទទួលយកបានឡើយ។ សាធារណជនអូស្រា្តលី រំពឹងថានឹងមានការពន្យល់ពីចិន ហើយខាងអូស្រ្តាលីបានចេញសេចក្តីថ្លែងការណ៍យ៉ាងរឹងមាំ នៅគ្រប់កម្រិតទាំងអស់ ទៅកាន់ភាគីចិន»

គួរបញ្ជាក់ថា ចិនមិនទាន់មានការបញ្ជាក់ទេ ជុំវិញបញ្ហានេះ។ វាជាឧប្បតិ្តហេតុថ្មីចុងក្រោយរវាងអូស្រ្តាលី និងចិន ខណៈដែល លោក Li Qiang នាយករដ្ឋមន្រ្តីចិន រំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី នាខែមិថុនាខាងមុខនេះ៕