(មូស្គូ)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើសច្ចាប្រណិធានស្បថចូលកាន់តំណែងជាផ្លូវការ សម្រាប់អាណត្តិថ្មី ក្នុងពិធីមួយដែលត្រូវបានរៀបចំឡើង នៅវិមានក្រឹមឡាំង ក្រោយរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នាថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី កាលពីខែមីនា ឆ្នាំនេះ លោក ពូទីន ទទួលបានសំឡេងគាំទ្រច្រើនបំផុតក្នុងកំណត់ត្រាគឺ ៨២.២៨ភាគរយ សម្រាប់អាណត្តិទី៥ របស់លោក។ ពិធីស្បថចូលកាន់តំណែងខាងលើ ត្រូវបានប្រារព្ធឡើងនៅឯវិមានក្រឹមឡាំង។ លោក ពូទីន បានកាន់អំណាចជាជាប់រហូតមក ទាំងក្នុងតួនាទីជាប្រធានាធីបតី ឬក៏នាយករដ្ឋមន្រ្តី តាំងតែពីឆ្នាំ១៩៩៩។ ពេលបច្ចុប្បន្ន លោកជាប់ឈ្មោះជាមេដឹកនាំរុស្ស៉ី ឬសូវៀត ដែលកាន់អំណាចបានយូរបំផុត គិតចាប់តាំងពីលោក Joseph Stalin។

គួរបញ្ជាក់ថា លោក ពូទីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីរុស្ស៉ី កាលពីចន្លោះឆ្នាំ១៩៩៩-២០០០ និងឆ្នាំ២០០៨-២០១២។ ចំណែក តំណែងប្រធានាធិបតី លោកបានឡើងកាន់ជាលើកដំបូង នៅឆ្នាំ២០០០ ហើយកាន់បានចំនួន២អាណត្តិ គឺដល់ឆ្នាំ២០០៨ ដែលមួយអាណតិ្តមាន​រយៈពេល៤ឆ្នាំ។ ពេលនោះ រដ្ឋធម្មនុញ្ញរុស្ស៉ីកំណត់ឱ្យបុគ្គលម្នាក់ កាន់តំណែងជាប្រធានាធិបតី មិនអាចលើស២អាណតិ្តជាប់គ្នាឡើយ។ ពេលត្រឡប់មកកាន់តួនាទី​ជាប្រធានាធីបតីវិញ សម្រាប់អាណត្តិទី៣ នៅឆ្នាំ២០១២ រយៈពេលកាន់អំណាចសម្រាប់មួយអាណត្តិ ត្រូវបានដំឡើងដល់៦ឆ្នាំ ហើយរូបលោកបានបន្តជាប់ឆ្នោតអាណត្តិទី៤ នៅឆ្នាំ២០១៨ថែមទៀត។ រីឯនៅឆ្នាំ២០២០ ក៏មានការធ្វើវិសោធនកម្មលើ​រដ្ឋធម្មនុញ្ញរុស្ស៉ី ដែលរាប់ចំនួនអាណត្តិកាន់អំណាចរបស់លោក ពូទីន ចាប់ពីសូន្យសាដើមឡើងវិញ ពោលគឺអនុញ្ញាតរូបលោក នៅបន្តកាន់​តំណែងប្រធានាធិបតី បាន២អាណត្តិជាប់ៗគ្នាទៀត៕