(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅថ្ងៃអង្គារ ទី៧ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានផ្អាកការ ដឹកបញ្ជូនអាវុធទៅឱ្យអ៉ីស្រាអែលកាលពីសប្ដាហ៍មុន ជាការសម្ដែងការប្រឆាំងជំទាស់ទៅនឹងការវាយលុករបស់អ៉ីស្រាអែលលើទីក្រុង Rafah ស្ថិតនៅភាគខាងត្បូង នៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអាមេរិកខាងលើដដែល បានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ខណៈមេដឹកនាំអ៉ីស្រាអែលខិតកាន់តែកៀកលើការសម្រេចចិត្តវាយលុកចូលទីក្រុង Rafah យើងបានចាប់ផ្ដើមពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នលើការផ្ទេរអាវុធទៅឱ្យអ៉ីស្រាអែល ដែលអាចនឹងត្រូវបានប្រើប្រាស់ក្នុងទីក្រុង Rafah»។ មន្ត្រីរូបនេះបន្តថា «ជាលទ្ធផល នៃការត្រួតពិនិត្យ យើងបានសម្រេចចិត្តផ្អាកការដឹកជញ្ជូនអាវុធក្រោមកញ្ចប់មួយ កាលពីសប្ដាហ៍មុន»។ តែខាងសេតវិមាន និងក្រសួងការពារជាតិអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ការដឹកជញ្ជូនអាវុធទៅឱ្យអ៉ីស្រាអែល នឹងត្រូវបានផ្អាក រយៈពេលយ៉ាងហោច ២សប្ដាហ៍ ហើយក្នុងចំណោមអាវុធទាំងនោះរួមមានគ្រាប់បែក JDAM ផលិតដោយក្រុមហ៊ុន Boeing រួមទាំងគ្រាប់បែក Small Diameter Bombs។ សេចក្ដីរាយការណ៍ពី ការផ្អាកបញ្ជូនអាវុធនេះទៀតសោត កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញការប្រឆាំងជំទាស់ជាសាធារណៈចំពោះផែនការរបស់អ៉ីស្រាអែល ក្នុងការបើកធ្វើ ប្រតិបត្តិការយោធាជើងគោកក្នុងទីក្រុង Rafah ប្រសិនបើមិនមានវិធានការច្បាស់លាស់ដើម្បីការពារជនស៊ីវិលទេនោះ៕