(ព្យុងយ៉ាង)៖ លោក Kim Ki Nam ដែលជាមន្រ្តីដ៏ស្មោះស្ម័គ្របំផុតមួយរូប ដែលបានបម្រើគ្រួសារមេដឹកនាំត្រកូល គីម ៣ជំនាន់ ទើបតែទទួលមរណភាព នៅវ័យជាង៩០ឆ្នាំ ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Kim Ki Nam បានទទួលមរណភាព កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងវ័យ៩៤ឆ្នាំ។ បើតាម KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធលោក Kim ទាំងនៅម៉ោង២រំលងអធ្រាត្រ ដើម្បីសម្តែងការគោរព ដោយអារម្មណ៍សោកសៅបំផុត ចំពោះការបាត់បង់ជនបដិវត្តន៍ជើងចាស់ម្នាក់ ដែលបានបន្តស្មោះស្ម័គ្រចំពោះ​ប្រទេសជាតិ រហូតដល់ទីបញ្ចប់។

គួរបញ្ជាក់ថា លោក Kim Ki Nam បានក្លាយជាមន្រ្តីជួរមុខនៃកិច្ចការឃោសនាការរបស់កូរ៉េខាងជើង តាមរយៈការឡើងកាន់តួនាទីជា​អនុប្រធានស្ថាប័នឃោសនាការ នៅឆ្នាំ១៩៦៦ ហើយក្រោយមកក៏ឡើងជាប្រមុខស្ថាប័នតែម្តង នៅឆ្នាំ១៩៨៥ អំឡុងជំនាន់លោក គីម អ៉ីលស៊ុង ដែលត្រូវជាជីតារបស់លោក គីម ជុងអ៊ុន និងជាបិតាស្ថាបនិកនៃប្រទេសកូរ៉េខាងជើង។ លោកបានចូលនិវត្តន៍ នៅឆ្នាំ២០១៧។ លោក Kim Ki Nam ត្រូវគេដឹងថា មានទំនាក់ទំនងយ៉ាងជិតដិតជាពិសេស ជាមួយលោក គីម ជុងអ៉ីល ជាឪពុករបស់លោក គីម ជុងអ៊ុន ដែលបានទទួលមរណភាព កាលពីឆ្នាំ២០១១៕