(កាប៊ុល)៖ ក្រសួងការពារជាតិគ្រប់គ្រងដោយក្រុមតាលីបង់ នៅថ្ងៃពុធនេះ បានច្រានចោលនូវការចោទប្រកាន់ដោយខុសច្បាប់ ពីសំណាក់ប៉ាគីស្ថានដែលថាអាហ្វហ្កានីស្ថាន ជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើក្រុមវិស្វករជនជាតិចិន ខណៈ​ដែលទំនាក់​ទំនង ​រវាង​ប្រទេស​ជិត​ខាងទាំងពីរនេះ កាន់តែ​តឹងតែងចំពេល​មាន​អសន្តិសុខ​ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារសប្តាហ៍នេះ យោធាប៉ាគីស្ថាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងខែមីនា នៅឯខេត្ត Khyber Pakhtunkhwa ភាគខាងជើង សម្លាប់វិស្វករជនជាតិចិន ៥នាក់ ត្រូវបានរៀបចំឡើងដោយអាហ្វហ្កានីស្ថាន ហើយអ្នកបំផ្ទុះនោះទៀតសោត គឺជាជនជាតិអាហ្វហ្កានីស្ថាន។

អ្នកនាំពាក្យក្រសួងការពារជាតិតែងតាំងដោយក្រុមតាលីបង់ លោក Mufti Enayatullah Khorazmim បានបញ្ជាក់ថា «អាហ្វហ្កានីស្ថាន គ្មានជាប់ពាក់ព័ន្ធឡើយក្នុងករណីនេះ។ ការស្តីបន្ទោសមកលើអាហ្វហ្កានីស្ថាន ជុំវិញឧប្បតិ្តហេតុនោះ គឺជាការប៉ុនប៉ងបរាជ័យ ក្នុងការបង្វែរការយកចិត្តទុកដាក់ពីការពិតនៃបញ្ហានេះ ហើយយើងសូមបដិសេធយ៉ាងខ្លាំង»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានជួបភាពតានតឹងកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយទីក្រុងអ៉ីស្លាម៉ាបាដថា ទីក្រុងកាប៊ុលធ្វើការមិនគ្រប់គ្រាន់ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធដែលកំណត់គោលដៅមកលើប៉ាគីស្ថាន ហើយការពីខែមីនា ប៉ាគីស្ថានបានធ្វើការវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើទឹកដីអាហ្វហ្កានីស្ថាន៕