(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសរុស្ស៉ីបាននិងកំពុងប្រារព្ធពិធីព្យុហយាត្រាយោធាធំមួយ នៅឯទីលាន Red Square នៃទីក្រុងមូស្គូ ដើម្បីអបអរខួបទី៧៩ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត លើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នាថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

ពិធីព្យុហយាត្រាខាងលើ មានការចូលរួមពីកងទ័ពរុស្ស៉ីសរុបច្រើនជាង ៩,០០០នាក់ មកពីអង្គភាពផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ក្នុងនោះ​រួមមានទាំងទាហាន ដែលបានប្រយុទ្ធលើសមរភូមិក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ទន្ទឹមគ្នា មានការបង្ហាញក្បួនសព្វាវុធ ដូចជារថក្រោះ រថពាសដែក មីស៉ីលបាលិស្ទីគ Iskander ប្រព័ន្ធការពារដែនអាកាស S-400 និងមីស៉ីលបាលិស្ទីគអន្តរទ្វីប Yars ជាដើម។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីនេះ ក៏បានថ្លែងសុន្ទរកថា ផងដែរ។

គួរបញ្ជាក់ថា ពិធីព្យុហយាត្រាយោធាខាងលើ គឺជាលើកទី៣ហើយ ដែលរុស្ស៉ីប្រារព្ធឡើង គិតតាំងតែពីសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើម​កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងចំពេលដែលទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយក្រុមលោកខាងលិច ធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ ចំពោះមុខភាពរីកចម្រើនទៅមុខរបស់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ដែលគាំទ្រដោយលោកខាងលិច៕