(ហ៊្សេរុយសាឡិម)៖ កងកម្លាំងថ្មើរជើងរបស់អ៊ីស្រាអែលត្រូវគេរាយការណ៍ថា ហាក់ដូចជាបានត្រៀមការវាយ លុកដាក់លើក្រុង Rafah ហើយក្រោយការចរចាគ្នា នៅចំណុចខ្វែងគ្នាខ្លះមិនទាន់យល់ស្រប។ សហរដ្ឋអាមេរិកបានប្រកាសផ្អាកការដឹកជញ្ជួន គ្រាប់បែកទម្លាក់ប្រភេទធំៗ ដល់អ៊ីស្រាអែល ខណៈ មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏ធំធេង មួយក្នុងលក្ខណៈត្រៀមពង្រីក យុទ្ធនាការវាយលុកថ្មើរជើងរបស់ខ្លួន ដាក់លើតំបន់ Rafah ក្នុងពេលខាងមុខនេះហើយ។

លោកប្រធានាធិបតី Joe Biden បានប្រញាប់ថ្លែងក្នុងសប្តាហ៍នេះថា លោកនឹងមិនផ្គត់ផ្គង់អាវុធវាយលុកដល់អ៊ីស្រាអែលឡើង ដោយសារក្តីបារម្ភខ្លាចក្រែង រដ្ឋាភិបាលក្រុង Tel Aviv ប្រើប្រាស់អាវុធទាំងនោះធ្វើការវាយលុកពេញទំហឹង ដាក់លើទីក្រុង Rafah។ ទីក្រុងRafah គឺជាក្រុងចុងក្រោយដែលប្រមូលផ្តុំ ដោយជនភៀសសឹកប៉ាឡេស្ទីន ប្រមាណជាង១លាននាក់ដែល មិនអាចភៀសខ្លួនចេញទៅណារួចទៀតឡើយ ក្រោយពីសង្គ្រាមរយៈពេលជាង២១០ថ្ងៃកន្លង មកនេះបានបំផ្លាញខ្ទេចខ្ទីផ្ទះសម្បែង និងតំបន់រស់នៅរបស់ប៉ាឡេស្ទីនតាំងពីភាគខាងជើង ឈានដល់ភាគកណ្តាល និងបន្តរហូតមកភាគត្បូងនៃក្រុង Rafah ជាចុងក្រោយនេះ។ អ៊ីស្រាអែលបានប្រកាសក្នុងសប្តាហ៍នេះទៀតថា ច្រកចេញចូលនៃតំបន់ Rafah ជាប់នឹងព្រំដែនប្រទេសអេហ្ស៊ីប ត្រូវបានកងកម្លាំងថ្មើរជើងអ៊ីស្រាអែល បានចូលកាន់កាប់ថែមទៀតដែលធ្វើឱ្យ ច្រកផ្លូវតែមួយគត់នៃវាសនាពលរដ្ឋភៀសសឹកប៉ាឡេស្ទីន គឺការជម្លៀសទៅកាន់តំបន់ភាគខាងជើងវិញ បើសិនជាមានអំពើវាយលុកលុយថ្មើរជើង របស់អ៊ីស្រាអែលដាក់លើក្រុង Rafah ជាបន្ថែមទៀតនោះ។

លោក Biden នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធទី៨ឧសភាបាន និយាយថាសហរដ្ឋអាមេរិក បើទោះបីនៅតែប្តេជ្ញាចិត្ត ចំពោះវិស័យការពារជាតិរបស់អ៊ីស្រាអែល ជាមួយនឹងការបន្តផ្តល់ប្រព័ន្ធការពារដែនអាកាស Iron Dome និងអាវុធការពារផ្សេងទៀតដល់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែលោកបានព្រមានថា ប្រសិនបើអ៊ីស្រាអែលបើកយុទ្ធនាការវាយលុកថ្មើរជើង ចូលទៅក្នុងទីក្រុង Rafah មែននោះ សហរដ្ឋអាមេរិកនឹងមិនផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងធំទាំងនោះ ឱ្យអ៊ីស្រាអែលប្រើប្រាស់ឡើយ»។

***រដ្ឋបាលចូបៃដិនព្យាយាមប្រើវិនាទីចុងក្រោយមួយរារាំងអ៊ីស្រាអែល…តើវិធីនោះមានប្រ សិទ្ធភាពដែរឬទេ?

សហរដ្ឋអាមេរិកបានផ្តល់នូវជំនួយយោធាយ៉ាងច្រើនបំផុត ដល់អ៊ីស្រាអែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការផ្តល់ជំនួយនោះ គឺនៅបន្ទាប់ពី អំពើវាយប្រហារថ្ងៃទី៧ តុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រមាណ ១ពាន់២០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល និងការចាប់មនុស្សប្រមាណ ២៥០នាក់ ធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់។

សម្តីរបស់ប្រធានាធិបតីអាមេរិក ដែលបង្ហាញពីការការពារផង និងការព្រមានផ្អាកបញ្ជូនអាវុធ ដល់អ៊ីស្រាអែលទៀតនេះ គឺជាការបង្ហាញនូវភាពមិនចុះសម្រុងគ្នា មួយរវាងរដ្ឋបាលចូបៃដិន ជាមួយនឹងរដ្ឋបាលអ៊ីស្រាអែលលោក ណេថាន់ យ៉ាហ៊ូ ក្នុងដំណាក់កាលមួយ ដែលកំពុងមានក្តីបារម្ភខ្លាចមាន មនុស្សស្លាប់កាន់តែច្រើនថែមទៀត បើសិនជាអ៊ីស្រាអែលបើកយុទ្ធនាកាវាយ លុកដោយថ្មើរជើងដែលនឹងធ្វើឱ្យមាន គ្រោះថ្នាក់ដលើជីវិតជនស៊ីវិលប៉ាឡេស្ទីន។ សម្តីរបស់លោកចូបៃដិនបង្ហាញគោលនយោបាយ ចំពោះអ៊ីស្រាអែលនេះ បានធ្វើឡើងទន្ទឹមនឹងជីវិត មនុស្សរាប់សិបម៉ឹននាក់នៅក្នុងតំបន់ Rafah បានស្ថិតក្នុងក្តីបារម្ភស្ថានភាពគ្រោះថ្នាក់ដល់ជីវិត បើសិនជាអ៊ីស្រាអែលមិនបញ្ឈប់គំរោងវាយលុកដោយថ្មើរជើង នោះទេ។

លោក Biden ទោះជាយ៉ាងណាក៏ដោយ នៅបាននិយាយកាលពីថ្ងៃពុធ ទី៨ ឧសភាទៀតថា សកម្មភាពរបស់អ៊ីស្រាអែលជុំវិញទីក្រុង Rafah នៅមិនទាន់បានឆ្លងកាត់ បន្ទាត់ក្រហមរបស់ លោកនៅឡើយទេ ប៉ុន្តែប្រធានាធិបតីអាមេរិកបានថ្លែងម្តងហើយម្តងទៀត បញ្ជាក់ថាអ៊ីស្រា អែលត្រូវធ្វើអ្វីៗជាច្រើនទៀត ដើម្បីការពារអាយុជីវិតជនស៊ីល ក្នុងតំបន់ហ្គាហ្សា។ កាលពីថ្ងៃពុធទី៨ ឧសភា នោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាអាមេរិក បញ្ជាក់នូវគោលជំហរនយោបាយ របស់រដ្ឋបាលលោក ចូ បៃដិន ចំពោះប្រទេសអ៊ីស្រាអែល។

លោក Lloyd Austin បានថ្លែងក្នុងពេលនោះថាជំហររបស់សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយថា អ៊ីស្រាអែលមិនត្រូវបើក យុទ្ធនាការវាយលុកទ្រង់ទ្រាយធំដាក់ទៅលើ តំបន់ Rafah ដោយគ្មានការទទួលខុសត្រូវ និងការគ្មានកិច្ចការពារដល់ អាយុជីវិតប្រជាជនស៊ីវិល ដែលស្ថិតក្នុងរង្វង់នៃលំហសមរភូមិនោះឡើយ។ លោកបានថ្លែងថា នៅពេលដែលសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃនិងបន្តឃើញថា ស្ថានការណ៍នៅតែមានហានិភ័យដល់ជនស៊ី វិលនោះ គេក៏បានសម្រេចផ្អាកការដឹកជញ្ជួនគ្រាប់ និងអាវុធធុនធ្ងន់។ រដ្ឋបាលសហរដ្ឋអាមេរិក បាននិយាយថា គេនៅតែចង់ឃើញថាអ៊ីស្រាអែល ត្រូវតែមានការទទួលខុសត្រូវលើជីវិតជនស៊ីវិល មុនពេលដែលធ្វើយុទ្ធនាការវាយលុក ដោយកម្លាំងថ្មើរជើងដាក់ទៅលើតំបន់ Rafah ហើយ លោកបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកមិនចង់ឃើញការវាយប្រហារទ្រង់ទ្រាយធំណាមួយ កើតឡើងនៅក្នុងតំបន់ Rafah នោះឡើយ។

លោក Lloyd Austin បន្តថាការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក គឺការចង់ឱ្យមានការធានាថា មានការការពារជនស៊ិវិល។ លោក Lloyd Austin បានបន្ថែមក្នុងសម្តីចុងក្រោយថា ប៉ុន្តែសហរដ្ឋអាមេរិក ក៏នៅមិនទាន់បានសម្រេចចិត្តជាចុងក្រោយថា តើគេត្រូវបន្តការដឹកជញ្ជួន អាវុធទៀតឬយ៉ាងណាឡើយ ដល់អ៊ីស្រាអែល។

ការដឹកជញ្ជូនអាវុធដល់អ៊ីស្រាអែលដែលត្រូវបានផ្អាកនាពេលនេះ ត្រូវបានគេសន្មត់ថា រួមមានគ្រាប់បែកទម្លាក់ទម្ងន់៩00 គីឡូក្រាម និងគ្រាប់បែកទម្លាក់ខ្លះ ទម្ងន់២២៥គីឡូក្រាម។ គ្រាប់បែកទម្ងន់ធំៗរបៀបនេះ បើសិនជាត្រូវទម្លាក់ដាក់មកលើក្រុង Rafah ដ៏តូចមួយនោះ ពិត ជាមិនអាចធ្វើឱ្យមនុស្សរស់នៅក្នុងក្រុងនោះ ពិបាកចៀសផុតពីការរងគ្រោះថ្នាក់បានឡើយ។ ក្នុងរយៈពេលសង្គ្រាមឈានចូល ជាង២១០ថ្ងៃមកនេះ, សេចក្តីរាយការណ៍ពីតំបន់ហ្គាហ្សា បានបង្ហាញថា មានមនុស្សស្លាប់កើនដល់ជាង៣ម៉ឺន៤ពាន់នាក់ ហើយដែលភាគច្រើនគឺជាស្ត្រី និងកុមារ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់ CNN បន្តទៀតថា «ជនស៊ីវិលត្រូវបានស្លាប់នៅក្នុង Gaza ដោយសារតែ ផលវិបាកនៃគ្រាប់បែកទាំងនោះ» និងលោកថា «ការស្លាប់ដទៃទៀត គឺដោយសារការបន្តវាយប្រហារ តាមពីក្រោយដាក់លើទីកន្លែង ដែលពលរដ្ឋបាននាំ គ្នាប្រមូលផ្តុំស្នាក់នៅ»។ លោក ចូ បៃដិន បានថ្លែងបន្តប្រាប់ទូរទស្សន៍ស៊ីអិនអិនទៀតថា ពេលនេះ កងកម្លាំងអ៊ីស្រាអែល នៅមិនទាន់ចូលទីក្នុងក្រុង Rafah ឡើយ ប៉ុន្តែបើសិនជា ទាហានអ៊ីស្រាអែលនោះ ចូលវាយលុកក្នុងទីក្រុង Rafah មែននោះ លោកថា «ខ្ញុំនឹងមិនផ្តល់ អាវុធ ឱ្យពួកគេប្រើប្រាស់ជាប្រវត្តិសាស្ត្រ ដើម្បីការវាយប្រហារដាក់លើក្រុង Rafah, វាយប្រហារ ដាក់លើទីក្រុងនានា និងធ្វើការដោះស្រាយបញ្ហាតាមរបៀបនេះឡើយ»។ លោក ចូ បៃដិន បានបញ្ជាក់នៅត្រង់ចំណុចនេះ ជាចុងក្រោយនូវយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកថា «យើងមិនដើរចេញពីសន្តិសុខរបស់អ៊ីស្រាអែលមែន…ប៉ុន្តែយើងកំពុងដើរចេញពី អ្វីដែលអ៊ីស្រាអែលធ្វើសង្រ្គាម នៅក្នុងតំបន់ទាំងនោះ»

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 12 បាននិយាយថា ការសម្រេចចិត្តផ្អាកការដឹកជញ្ជូន របស់សហរដ្ឋអាមេរិកនេះ គឺជា «ការសម្រេចចិត្តដ៏គួរឱ្យខកចិត្តមួយ និងថែមទាំងធ្វើឱ្យមាន ភាពក្តៅក្រហាយខឹងសម្បារ ថែមទៀត»។ លោក Gilad Erdan បាននិយាយថាវិធានការរារាំង ការបញ្ជួនអាវុធនេះ គឺកើតចេញពីសម្ពាធនយោបាយ ដាក់មកលើលោក Joe Biden តាមរយៈ សភាអាមេរិកផង, តាមរយៈការតវ៉ារបស់និស្សិត នៅសកលវិទ្យាល័យនានាផងនិងដោយសារ តែសម្ពាធនៃការត្រូវបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះទៀតផង។

ការសម្រេចចិត្តផ្អាកការបញ្ជួនអាវុធនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពី ប្រធានសភាតំណាងរាស្ត្រអាមេរិកគឺលោក Mike Johnson និងពីប្រធានព្រឹទ្ធសភារបស់ គណបក្សសាធារណរដ្ឋ គឺ លោក Mitch McConnell។ មេដឹកនាំក្នុងសភានៃគណបក្សសាធារណរដ្ឋ ទាំង២នេះ បាននិយាយថា ពួកគេបានដឹងអំពីការផ្អាក ជំនួយយោធាដល់អ៊ីស្រាអែលនេះ ពីរបាយការណ៍សារព័ត៌មាន បើទោះបីជាមានការធានា ពីរដ្ឋបាលលោក Biden ថាមិនមានការផ្អាកបែបនេះ នៅក្នុងកិច្ចការងារក៏ដោយ។

គណបក្សសាធារណរដ្ឋ បានអំពាវនាវដល់លោក Joe Biden តាមរយៈសារលិខិតមួយ ដើម្បីបញ្ចប់ឱ្យបានលឿននូវការរាំងស្ទះ ផ្តល់គ្រាប់រំសេវដល់អ៊ីស្រាអែល ដោយនិយាយថា អំពើនោះវា «នឹងជួយសត្រូវអ៊ីស្រាអែល កាន់តែក្លាហាន» នោះទៅវិញទេ។ លោក Biden ជាមួយនឹងនយោបាយបន្ទាប ការជួយគាំទ្រដល់ អ៊ីស្រាអែលនាពេលនេះ ត្រូវគេរាយការណ៍ថាបានប្រឈមនឹង សម្ពាធពីក្រុមឆ្វេងនិយមផង, រងការថ្កោលទោសពីក្រុមរិះគន់ ដែលប្រកាន់ស្តាំនិយមផង។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ គឺលោក Lindsey Graham បានថ្លែងថា "ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ អាវុធត្រូវការចាំបាច់ដើម្បីបំផ្លាញសត្រូវ នៃរដ្ឋអ៊ីស្រាអែលក្នុងពេល ដែលកំពុងមានគ្រោះថ្នាក់ខ្លាំងនាពេលនេះ យើងនឹងត្រូវសង នូវតម្លៃខាតបង់ទាំងអស់នោះវិញ ជាមិនខានឡើយ។ សម្តីបង្ហាញការខឹងសម្បាររបស់ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោក Lindsey Graham កាលពីថ្ងៃពុធទី៨ឧសភានោះ គឺជាសម្តីតបចំពោះ រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូស្ទីន ក្នុងពេលដែលមានសវនាការ ជាមួយសមាជិកព្រឹទ្ធសភាអាមេរិក។ លោក Lindsey Graham បានតម្លើងសម្លេងស្រែក ក្នុងពេលនោះថា «វាជារឿងដ៏អាក្រក់ផ្តេស ផ្តាសមិនសមហេតុផលទេ។ គេត្រូវតែផ្តល់ឱ្យ អ៊ីស្រាអែលនូវអ្វីដែលគេចង់បានក្នុងការប្រយុទ្ធ ក្នុងសង្គ្រាមមួយ ដែលគេមិនអាចចាញ់បានឡើយ»

ប៉ុន្តែសមាជិកព្រឹទ្ធសភាឯករាជ្យម្នាក់ គឺលោក Bernie Sanders នៃរដ្ឋ Vermont ដែលជាមិត្តជិតស្និទ្ធរបស់លោក Joe Biden បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ តបទៅវិញថា ការផ្អាកដឹកជញ្ជួនគ្រាប់បែកទម្លាក់ធំៗនេះ វាគ្រាន់តែជា "ជំហានដំបូង" តែប៉ុណ្ណោះ។ លោក Sanders បាននិយាយថា «ការផ្តល់ទម្ងន់នៃអនុភាពរបស់យើង គឺច្បាស់លាស់ណាស់"។ លោកបន្តថា “ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធា រាប់សិបពាន់លានដុល្លារ ដល់អ៊ីស្រាអែល។ យើងមិនអាចបន្តឃុបឃិត ពាក់ព័ន្ធក្នុងសង្គ្រាមដ៏គួរឱ្យខ្លាចរបស់ លោក ណេថាន់ យ៉ាហ៊ូ ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីនបានឡើយ»

ទាហានថ្មើរជើងអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចូលទៅគ្រប់គ្រងច្រកព្រំដែន Rafah ដែលជា ច្រកដ៏សំខាន់ចុងក្រោយតែមួយគត់ របស់តំបន់ Gaza ភ្ជាប់នឹងទឹកដីប្រទេសអេហ្ស៊ីប។ យោងតាមរូបភាពផ្កាយរណប, កងកម្លាំងអ៊ីស្រាអែល បានចូលទៅក្នុងក្រុងរ៉ាហ្វានោះ ក្នុងចម្ងាយ ប្រមាណជិតពីរគីឡូម៉ែត្រហើយ គិតចាប់ពីច្រកព្រំដែននៃក្រុងរ៉ាហ្វា។ ប្រតិបត្តិការថ្មើរជើងនេះ បានកើតឡើងបន្ទាប់ពី មានការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ដាក់លើទីក្រុងរ៉ាហ្វា ដោយបានបំផ្លាញអគារជាច្រើនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក និងបានសម្លាប់មនុស្ស យ៉ាងតិច៤ នាក់ ។

អ៊ីស្រាអែលត្រូវគេរាយការណ៍ថា បានបញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីនប្រមាណ១០ម៉ឺននាក់ ចាកចេញពីទីក្រុងរ៉ាហ្វានោះជាបន្ទាន់។ សេចក្តីរាយការណ៍របស់អាល់ហ្សាហ្ស៊ីរ៉ា២៤ ម៉ោងចុងក្រោយនេះ បានឱ្យដឹងថាជនភៀសសឹករាប់សិបម៉ឺននាក់ បានស្ថិតក្នុងសភាពភ័យ ខ្លាចជាខ្លាំង និងពលរដ្ឋស៊ីវិល ដែលបាក់កម្លាំងហេវហត់និងទ្រុឌទ្រោមកម្លាំង ត្រូវគេឃើញ បានវិចបង្វិចនិងទ្រព្យសម្បត្តិរបស់ខ្លួនរត់ ចាកចេញពីតំបន់ Rafah គ្រាដែលការប្រយុទ្ធគ្នា រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល មានលក្ខណៈកើនឡើងធ្ងន់ធ្ងរ ក្នុងតំបន់ភាគខាងកើតក្រុងរ៉ាហ្វា និងក្រុមអង្គការផ្តល់ជំនួយ បានថ្លែងព្រមាននូវការមើលឃើញគ្រោះថ្នាក់ដ៏ធំធ្ងន់ធ្ងរមួយ កំពុងឈានមកដល់។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានថ្លែងថាការ ជជែកគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែលនៅមិនទាន់ដាច់ឆ្ងាយពីគ្នា លើការឈប់បាញ់ គ្នានោះឡើយ។ លោកបានថ្លែងពួកគេគប្បីធ្វើ នូវអ្វីដែលអាចឈានដល់ការសម្រេចកិច្ចឈប់បាញ់គ្នា ឱ្យបានភ្លាមៗនាពេលនេះ។

គួរបញ្ជាក់ថាមុននេះ មានសេចក្តីរាយការណ៍បញ្ជាក់ថាក្រុមហាម៉ាសបានទទួលយកសំណើ ឈប់បាញ់គ្នាក្រោយការជជែកគ្នា ច្រើនសប្តាហ៍ជាមួយប្រទេសកាតា និងអេហ្ស៊ីប ប៉ុន្តែអ៊ីស្រាអែល បាននិយាយថាកិច្ចព្រមព្រៀងឈប់បាញ់គ្នា នោះគឹនៅឆ្ងាយពី អ្វីដែលអ៊ីស្រាអែលត្រូវការ ដែលអ៊ីស្រាអែលចាំបាច់ត្រូវតែជំរុញ ការធ្វើប្រតិបត្តិការយោធានៅរ៉ាហ្វា ទន្ទឹមនឹងការបញ្ជួន គណៈប្រតិភូរបស់ខ្លួនមួយ ទៅប្រទេសអេហ្ស៊ីបដើម្បីធ្វើការជជែកជាបន្ត រកការឈប់បាញ់គ្នា។ កិច្ចព្រមព្រៀងដែលក្រុមហាម៉ាស បានយល់ព្រមទទួលយកនៅមុនេះ បើតាមអាល់ហ្សាហ្ស៊ីរ៉ា ដែលបង្ហាញនូវច្បាប់ចម្លងនៃកិច្ចព្រមព្រៀងនោះ គឺរួមមានបីដំណាក់កាល ដែលមានការបញ្ចប់សង្គ្រាមក្នុងតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ ក្នុងព្រឹត្តិការណ៍ថ្ងៃទី៧ តុលា ឆ្នាំ២០២៣ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ប៉ុន្តែអ៊ីស្រាអែលបានថ្លែងថាគេមិនយល់ព្រម ក្នុងការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដោយមិន ទាន់បានកំចាត់ក្រុមហាម៉ាសនោះឡើយ។ អ៊ីស្រាអែលនិយាយថាលក្ខខណ្ឌឈប់បាញ់ គ្នាដែលក្រុមហាម៉ាសទទួលយល់ព្រម នោះគឺខុសពីសំណើនៃសំណៅដើម នៃកិច្ចព្រមព្រៀង។ សំណៅដើមនៃកិច្ចព្រមព្រៀងនោះ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់បានបញ្ចេញជាសាធារណៈឡើយ។

ដូច្នេះគ្រាដែលប្រតិបត្តិការថ្មើរជើងសំដៅទៅកាន់ក្រុងរ៉ាហ្វា នៅមិនទាន់បញ្ចេញអនុភាពពេញលេញរបស់វា ក្នុងពេលនេះ, សកម្មភាពបង្ហាញ ការចង់វាយលុក ដែលកំពុងតែមានកម្រិតនេះ ត្រូវគេចាត់ទុកថាគឺជាសម្ពាធគាបសង្កត់មួយដល់ ក្រុមចរវាហាម៉ាស ដើម្បីបង្ខំទទួលយកសំណើរបស់អ៊ីស្រាអែល៕