(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រនេះ បានប្រកាសថា អាការ heatstroke ដែលបង្កឡើងដោយអាកាសធាតុក្តៅខ្លាំង គិតនៅត្រឹមពេលឥឡូវ គឺបានផ្តាច់ជីវិតមនុស្សសរុបកើនដល់៦១នាក់ នៅក្នុងឆ្នាំនេះ ដែលជាតួលេខខ្ពស់ជាងពេញមួយឆ្នាំ២០២៣ទៅទៀត បន្ទាប់ពីមានការកើនឡើងសីតុណ្ហភាពខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងសុខាភិបាលថៃ បាននិយាយថា មនុស្សចំនួន៦១នាក់បានស្លាប់ដោយសារ heatstroke ដែលជាអាការសន្លប់ ក្រោយខ្លួនប្រាណយើង គ្រប់គ្រងសីតុណ្ហភាពលែងបាន ព្រោះតែសីតុណ្ហភាពក្តៅខ្លាំងពេក។ តួលេខនេះគឺរាប់ចាប់តាំងដើមឆ្នាំ២០២៤មក ខណៈពេញមួយឆ្នាំ២០២៣កន្លងទៅ មានអ្នកស្លាប់ដោយសារ heatstroke មានចំនួនត្រឹម៣៧នាក់ប៉ុណ្ណោះ។ បើតាមក្រសួងសុខាភិបាលថៃ តំបន់ខាងភាគឦសានប្រទេស ដែលជាតំបន់កសិកម្ម បានមើលឃើញមានអ្នកស្លាប់ច្រើនជាងគេ។

គួរបញ្ជាក់ថា អាកាសធាតុក្តៅខ្លាំងជាងធម្មតា បានវាយលុកប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ អំឡុងប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ ជាហេតុជំរុញឱ្យអាជ្ញាធរថៃ ត្រូវចេញសារព្រមានឱ្យប្រុងប្រយ័ត្ន ចំពោះការកើនឡើងនៃសីតុណ្ហភាព សឹងតែជារៀងរាល់ថ្ងៃ។ កាលពីខែមេសាកន្លងទៅ ប្រទេសថៃបានកត់ត្រាសីតុណ្ហភាព៤៤.២អង្សាសេ នៅខេត្ត Lampang ភាគខាងជើងប្រទេស ពោលគឺទាបជាងបន្តិចប៉ុណ្ណោះ ធៀបនឹងកំណត់ត្រាខ្ពស់បំផុត គឺ៤៤.៦អង្សាសេ ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្នុងសប្តាហ៍នេះ ព្យុះភ្លៀងបានវាយលុកលើផ្នែកមួយចំនួន​នៃប្រទេសថៃ ដោយបានធ្វើឱ្យសីតុណ្ហភាព ចាប់ផ្តើមធ្លាក់ចុះវិញ ប៉ុន្តែបង្កឱ្យមានសារព្រមានអំពីទឹកជំនន់ ពីសំណាក់អាជ្ញាធរ៕