(ម៉ានីល)៖ ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្វីលីពីន លោក Eduardo Ano បានអំពាវនាវនៅថ្ងៃសុក្រនេះ ឱ្យបណ្តេញក្រុមមន្រ្តីការទូតចិន ចេញពីប្រទេស នៅក្នុងសារសំំឡេងបែកធ្លាយពីកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយឧត្តមនាវីហ្វីលីពីនម្នាក់ ដែលវាជាសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Eduardo Ano បានលើកឡើងថា ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានរៀបចំសកម្មភាព ម្តងហើយម្តងទៀត និងចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយបំណងសាបព្រោះភាពមិនចុះសម្រុង ការបែងចែក និងការបែកបាក់គ្នា។ សកម្មភាពនេះ មិនគួរត្រូវបានអនុញ្ញាតឱ្យកើតឡើង ដោយគ្មានការដាក់ពិន័យនោះទេ។ យ៉ាងនេះក្តី ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញបញ្ហានេះ។​ រីឯ ការិយាល័យប្រធានាធិបតី Marcos និងក្រសួងការបរទេសហ្វីលីពីន ក៏នៅមិនទាន់មានការបញ្ជាក់ដែរ។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រទេសទាំងពីរបាននិងកំពុងប្រឈមមុខគ្នា ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ខណៈដែលហ្វីលីពីន ត្រូវបានពង្រឹងដោយការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត តាមរយៈការធ្វើសមយុទ្ធនៅក្បែរដែនទឹក ដែលល្បាតដោយឆ្មាំឆ្នេរសមុទ្រចិន។ ចិនបានចោទប្រកាន់ ហ្វីលីពីនពីការរំលោភបំពាន ចំណែកទីក្រុងម៉ានីលបានស្តីបន្ទោស ក្រុងប៉េកាំង ចំពោះអ្វីដែលខ្លួនហៅថាជាគោលនយោបាយដ៏គ្រោះថ្នាក់៕