(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា ចាប់ផ្តើមពីឆ្នាំនេះតទៅ ទីក្រុងព្យុងយ៉ាងនឹងបំពាក់ ប្រព័ន្ធបាញ់រ៉ុក្កែតប្រភេទ២៤០មីលីម៉ែត្រថ្មី ដល់យោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានចុះពិនិត្យការបាញ់តេស្តប្រព័ន្ធរ៉ុក្កែត ដែលត្រូវបានដំឡើងសមត្ថភាពបច្ចេកទេសនោះ។ កាលពីខែកុម្ភៈ ឆ្នាំនេះ ទីក្រុងព្យុងយ៉ាង ក៏បានប្រកាសឱ្យដឹងដែរថា ខ្លួនបានអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង​ថ្មីមួយ សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រភេទ២៤០មីលីម៉ែត្រ ហើយកាលពីខែមេសា បានធ្វើតេស្តបាញ់ក្បាលគ្រាប់រ៉ុក្កែតថ្មី។ បើយោងតាម KCNA ប្រព័ន្ធបាញ់រ៉ុក្កែតខាងលើ នឹងត្រូវដាក់ពង្រាយដើម្បីជំនួសសព្វាវុធចាស់ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ការធ្វើតេស្តទាំងនេះកើតមានឡើង ស្របពេលក្រុមអ្នកវិភាគមើលឃើញថា កូរ៉េខាងជើងអាចកំពុងតែប្រឹងប្រែងធ្វើតេស្ត ក៏ដូចជាបង្កើនការផលិតប្រព័ន្ធរ៉ុក្កែតនិងមីស៉ីលគ្រូស មុនពេលបញ្ជូនពួកវាទៅឱ្យប្រទេសរុស្ស៉ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ មួយរយៈចុងក្រោយនេះ កូរ៉េខាងជើងត្រូវគេសង្កេតឃើញថា បានពង្រឹងទំនាក់ទំនងយោធាគួរឱ្យកត់សម្គាល់ជាមួយរុស្ស៉ី ហើយកាលពី​ខែមេសាកន្លងទៅ ទីក្រុងព្យុងយ៉ាងបានអរគុណរុស្ស៉ី ដែលបានរារាំងការផ្តល់អាណត្តិជាថ្មី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដល់ក្រុមអ្នកជំនាញឃ្លាំមើលការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែរ៕