(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រភពពីមន្រ្តីយោធាជាន់ខ្ពស់អ៊ុយក្រែន បានឱ្យដឹងថា ទីក្រុងកៀវរំពឹងទទួលបាន យន្តហោះចម្បាំង F-16 ក្រុមដំបូងបង្អស់ ពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន នៅចន្លោះខែមិថុនា-កក្កដា ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។

អ៊ុយក្រែនព្យាយាមចង់បាន យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីយកទៅទប់ទល់ជាមួយ យន្តហោះចម្បាំង​​របស់រុស្ស៉ី នៅក្នុងសង្រ្គាមដែលបានអូសបន្លាយពេលជាង២ឆ្នាំមកហើយ។ ប្រភពខាងលើ មិនបានបញ្ជាក់ថា ប្រទេសមួយណាដែលនឹង​ផ្គត់ផ្គង់យន្តហោះចម្បាំងនោះឡើយ ខណៈមកទល់ពេលនេះ ប្រទេសមួយចំនួន ដូចជាដាណឺម៉ាក ហូឡង់ ន័រវែស និងបែលហ្ស៉ិក បានប្រកាសប្តេជ្ញាផ្តល់ F-16 ឱ្យមកអ៊ុយក្រែន។

ក្រុមអាកាសយានិក និងក្រុមការងារបច្ចេកទេសអ៊ុយក្រែន បាននិងកំពុងទទួលការហ្វឹកហាត់ ពីសំណាក់ដៃគូលោកខាងលិចរបស់អ៊ុយក្រែន អស់រយៈពេលជាច្រើនខែមកហើយ ស្តីពីការប្រើប្រាស់យន្តហោះចម្បាំង F-16។ យោធាអ៊ុយក្រែនបានពឹងផ្អែកលើ​ យន្តហោះចម្បាំងមួយចំនួនតូចរបស់ខ្លួន សល់មកពីសម័យសូវៀត ស្របពេលដែលខ្លួន ត្រូវប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។

គួរបញ្ជាក់ថា ខណៈកងកម្លាំងរុស្ស៉ីនាពេលនេះ កំពុងរុលទៅមុខដោយសន្សឹមៗ នៅតំបន់ Donbas ភាគខាងកើត ហើយទើបចាប់ផ្តើម​ការវាយលុកជាថ្មី នៅភាគឦសានក្បែរទីក្រុង Kharkiv ក្រុមមន្រ្តីអ៊ុយក្រែន មើលឃើញថា ការទទួលបានយន្តហោះចម្បាំង F-16 គឺជា ការដំឡើងសមត្ថភាពដ៏ចាំបាច់បំផុតមួយ សម្រាប់កងទ័ពអាកាសរបស់ខ្លួន៕