(កាប៊ុល)៖ មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្កានីស្ថាន បានឱ្យដឹងថា គ្រោះទឹកជំនន់ដែលបានកើតឡើងភ្លាមៗ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្សសរុបចំនួន៦២នាក់ ក្នុងពេលត្រឹមតែ១ថ្ងៃ ហើយជនរងគ្រោះភាគច្រើនគឺជាស្រ្តី និងកុមារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។

លោក Hedayatullah Hamdard ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិប្រចាំខេត្ត Baghlan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កាលពីថ្ងៃសុក្រ ការធ្លាក់ខ្លាំងជោគជាំ បានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដែលជាហេតុធ្វើឱ្យប្រជាជនរស់នៅទីនោះ ត្រៀមលក្ខណៈមិនបានទាន់ពេលវេលា។ តួលេខអ្នកស្លាប់ គិតត្រឹមក្នុងថ្ងៃដដែលនោះ គឺមានចំនួន៦២នាក់ ហើយបើតាមលោក Hamdard តួលេខនេះ ប្រហែលអាចកើតថែមទៀត។ គិតចាប់តាំងតែពីពាក់កណ្តាលខែមេសាមក គ្រោះទឹកជំនន់បានសម្លាប់មនុស្សសរុបប្រហែល ១០០នាក់ហើយ នៅខេត្តចំនួន១០ទូទាំង​ប្រទេសអាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា យោងតាមអ្នកវិទ្យាសាស្រ្ត អាហ្វហ្កានីស្ថាន ដែលត្រូវបានហែកហួរដោយសង្រ្គាមរយៈពេល៤ទសវត្សរ៍ និងស្ថិតក្នុងចំណោម​ប្រទេសក្រីក្រខ្លាំងលើពិភពលោក ហើយសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ គឺជាប្រទេសមួយដែលត្រូវប្រឈមមុខហានិភ័យដ៏ខ្ពស់ ជាមួយផលវិបាកនៃការកើនឡើងកម្តៅភពផែនដី។ ខណៈទទួលបន្ទុកត្រឹម០.០៦ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅលើពិភពលោក អាហ្វហ្កានីស្ថានស្ថិតនៅលេខរៀងទី៦ នៃប្រទេសដែលប្រឈមហានិភ័យខ្លាំងជាងគេ ពីបាតុភូតប្រែប្រួលអាកាសធាតុ៕