(ប៉េកាំង)៖ ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយប្រកាសពង្រីក ទំនាក់ទំនងរវាងចិន និងហុងគ្រីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ គ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី។

ក្រៅពីនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង១០ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅពេលអនាគត ។ លោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីបានវាយតម្លៃ ក្នុងពេលផ្តល់បទសម្ភាសន៍ពិសេស ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថា “ដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះជាទស្សនកិច្ច ដែលមានលក្ខណៈប្រវត្តិសាស្ត្រមួយលើក។”

ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហុងគ្រី។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់ ការរាប់អានគ្នាប្រកបដោយសមភាព ជឿទុកចិត្តនិងជួយគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទំនាក់ទំនងរវាងចិននិងហុងគ្រី បានឈានចូលដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ គួរតែលើកកម្ពស់កម្រិតថ្នាក់ទំនាក់ទំនងទ្វេភាគីថែមមួយកម្រិតទៀត នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយខ្លឹមសារសម្បូរបែប។

តើនឹងជំរុញលើកកម្ពស់គុណភាព និងកម្រិតថ្នាក់នៃទំនាក់ទំនងទ្វេភាគី ដោយរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ភាគីទាំងពីរត្រូវបន្តគាំទ្រយ៉ាងមុតមាំ នូវផលប្រយោជន៍ជាស្នូល និងបញ្ហាយកចិត្តទុកដាក់ដ៏សំខាន់របស់គូភាគី បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យងើបឡើងថ្មី ដូចជាថាមពលស្អាតនិងភាពវៃឆ្លាតសិប្បនិម្មិតជាដើម បន្តគាំទ្រការបង្រៀនភាសារបស់ប្រទេសទាំងពីរ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការពហុភាគី និងគាំពារយុត្តិធម៌ និងសមភាពអន្តរជាតិ ។ល។

គំនិតផ្តួចផ្តើមទាំងនេះបានចង្អុលបង្ហាញទិសដៅ នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងហុងគ្រី ក្នុងដំណាក់កាលបន្ទាប់។
ពិតមែនតែចិននិងហុងគ្រី មានរបបនយោបាយខុសគ្នាក៏ដោយ ក៏ប្រទេសទាំងពីរជាមិត្តល្អចិត្តមួយថ្លើមមួយ ជាប់រហូតមក ។ មូលហេតុដ៏សំខាន់មួយគឺដោយមកពីភាគីទាំងពីរ បានរក្សាទំនុកចិត្តគ្នាខាងនយោបាយកម្រិតខ្ពស់។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះហុងគ្រី ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹង សភាពការណ៍ជាតិរបស់ខ្លួន។ ភាគីហុងគ្រីសម្តែងការគាំទ្រចំពោះភាគីចិន ក្នុងការគាំពារផលប្រយោជន៍ជាស្នូល និងសិទ្ធិដ៏ត្រឹមត្រូវរបស់ខ្លួន។ មិនថាកាលពីមុន ឥឡូវនិងអនាគត សុទ្ធតែគោរពគោលការណ៍ចិនតែមួយយ៉ាងមុតមាំ។

ចិននិងហុងគ្រីក៏ជាដៃគូល្អដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ហុងគ្រីក្រៅពីទ្វីបអឺរ៉ុប ហើយហុងគ្រីជាគោលដៅវិនិយោគទីមួយនៅតំបន់អឺរ៉ុបកណ្តាល និងខាងកើតនិងជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់ចិន។ ដូចប្រសាសន៍របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហុងគ្រី និងចិនបានបញ្ជាក់ថា ចិនបានផ្តល់កាលានុវត្តភាពដ៏ធំសម្បើមដល់ប្រទេសអឺរ៉ុប។

យោងតាមសេចក្តីថ្លែងការណ៍រួមឱ្យដឹងថា ភាគីទាំងពីរនឹងជំរុញឱ្យគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងយុទ្ធសាស្ត្រ “បើកទូលាយចំពោះលោកខាងកើត” របស់ហុងគ្រីតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅ ថែមមួយកម្រិតទៀត។ លោក Orbán Viktor នាយករដ្ឋមន្ត្រីហុងគ្រីយល់ឃើញថា សមិទ្ធផលដែល “ខ្សែក្រវាត់និងផ្លូវ” ទទួលបាននៅហុងគ្រី នៅអឺរ៉ុបទាំងមូលគឺគ្មានអ្វី អាចប្រៀបផ្ទឹមបានឡើយ ដែលបាននាំមកនូវឱកាសការងាររាប់ម៉ឺន ក៏ដូចជាវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ហុងគ្រី។

លោក Orbán Viktor ធ្លាប់បានថ្លែងថា នៅរយៈពេលជាង១០ឆ្នាំមុន លោកក៏បានគិតថា អនាគតនៃហុងគ្រីមានទំនាក់ទំនង យ៉ាងខ្លាំងជាមួយប្រទេសចិន។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងហុងគ្រី បានឡើងដល់កម្រិតថ្មីទៀត ភាគីទាំងពីរនឹងពួតដៃគ្នា បោះជំហានទៅមុខកាន់តែជិតស្និទ្ធ ក្នុងដំណើរការសម្រេចបាន នូវការធ្វើទំនើបកម្មរៀងៗខ្លួន សម្រេចបាននូវការអភិវឌ្ឍរួម និងវិបុលភាពរួម ព្រមទាំងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសអឺរ៉ុបកណ្តាល និងខាងកើតមានភាពកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន