(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល ​បាន​អំពាវនាវ​នៅថ្ងៃសៅរ៍នេះ ឱ្យប្រជាជន​ប៉ាឡេស្ទីន​ដែលកំពុងស្ថិតនៅតាមទីតាំងជាច្រើននៃទីក្រុង Rafah ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា ជម្លៀស​ខ្លួនចេញ ហើយឆ្ពោះទៅតំបន់មនុស្សធម៌នៅទីប្រជុំជន Al-Mawasi ដោយចង្អុលបង្ហាញថា យោធាកំពុងឈានទៅមុខសម្រាប់ផែនការវាយប្រហារតាមជើងគោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៤។

ទោះជាមានសម្ពាធពីអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក អ៉ីស្រាអែលនិយាយថាខ្លួន មិនអាចឈ្នះសង្រ្គាមទេប្រសិនមិនកម្ចាត់យុទ្ធជនរាប់ពាន់នាក់របស់ក្រុមហាម៉ាសដែលកំពុងដាក់ពង្រាយនៅទីក្រុង Rafah។ មកទល់ពេល​នេះ ប្រជាជនហ្កាហ្សាប្រហែល ៣០០,០០០នាក់ ​បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់ទីប្រជុំជន Al-Mawasi។ តាមសារបង្ហោះបណ្តាញសង្គម X អ្នកនាំពាក្យរបស់យោធា ក៏បានអំពាវនាវដល់អ្នកស្រុក និងអ្នកផ្លាស់ទីលំនៅក្នុងតំបន់ Jabalia ភាគខាងជើងហ្កាហ្សា និងសង្កាត់ ១១ផ្សេងទៀតនៅក្នុងទីតាំងដែលបានឡោមព័ទ្ធ ចាកចេញទៅកាន់ទីជម្រកនៅភាគខាងលិចទីក្រុងហ្កាហ្សា (Gaza City) ជាបន្ទាន់។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ជនជាតិប៉ាឡេស្ទីន ២៤នាក់បានស្លាប់ ក្រោយយន្តហោះចម្បាំងអ៉ីស្រាអែលកំណត់គោលដៅ លើតំបន់ជាច្រើននៅភាគកណ្តាលតំបន់ហ្កាហ្សា៕