(វ៉ាសូវី)៖ លោកនាយករដ្ឋមន្ត្រី Donald Tusk បានឱ្យដឹងនៅថ្ងៃសៅរ៍ថា ប៉ូឡូញកំពុងចាប់ផ្តើមការងារពង្រឹងបន្ថែមទៀតនៅតាមព្រំដែនភាគខាងកើត ខណៈប្រទេសកំពុងប្រឈមនឹងអ្វីដែលលោកហៅថា «សង្រ្គាមកូនកាត់» កើតចេញពីបញ្ហាចំណាកស្រុកខុសច្បាប់ មកពីបេឡារុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៤។

នៅពេលចុះ​ទស្សនកិច្ចនៅព្រំដែនជួរមុខ និង​​ជួប​សំណេះសំណាលជាមួយទាហាន ឆ្មាំព្រំដែន លោក Tusk បានគូសបញ្ជាក់ថា «ព្រំដែនប៉ូឡូញ-បេឡារុសជាកន្លែងតែមួយគត់ដែលរងសម្ពាធនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ តាមពិតទៅ យើងកំពុងដោះស្រាយបញ្ហាសង្រ្គាមកូនកាត់ដែលកាន់តែកើនឡើង»។

លោក Tusk បន្ថែមថា «ខ្ញុំចង់មិនសង្ស័យទេ តែបេឡារុស កំពុងសហការរៀបចំការអនុវត្តបែបនោះ នៅតាមព្រំដែនប៉ូឡូញ។ បន្ទាយថ្មីនឹងស្ថិតនៅតាមបណ្តោយព្រំដែនភាគខាងកើតទាំងមូល ដែលអាចទទួលយកបានទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៉ី»។

គួរបញ្ជាក់ថា ទំនាក់ទំនង​ដ៏តានតឹងរវាងប៉ូឡូញ និងបេឡារុសដែលជា​ប្រទេស​ជិតខាងនឹងគ្នាកាន់តែកើនឡើង ​ដោយ​សារតែសម្ព័ន្ធភាពរបស់បេឡារុស ជាមួយរុស្ស៉ីដែលឈ្លានពាន​អ៊ុយក្រែន។ រដ្ឋាភិបាលមុន​របស់ប៉ូឡូញ បាន​សាងសង់​របង​នៅព្រំដែន​ប៉ូឡូញ-បេឡារុសប្រវែង​ជាង ១៨០គីឡូម៉ែត្រ និង​កម្ពស់ ៥,៥ម៉ែត្រ ដើម្បី​ការពារការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់។ ក្រោយមកក៏បំពេញបន្ថែមដោយការបំពាក់ប្រព័ន្ធកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យព្រំដែន៕