(ហ្សាការតា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ដែលបានវាយប្រហារ លើខេត្ត West Sumatra បានកើនដល់ ២៨នាក់ និង៤នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Abdul Malik ជាប្រធានក្រុមអ្នកជួយសង្រ្គោះប្រចាំខេត្ត West Sumatra បានប្រាប់ Reuters ដូច្នេះថា «មានមនុស្ស២៨នាក់បានស្លាប់ ហើយយើងកំពុងតាមស្វែងរក មនុស្ស៤នាក់ផ្សេងទៀតដែលបានបាត់ខ្លួន»

បើតាមសេចក្ដីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី BNPB ទឹកជំនន់បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែឧសភា ដោយនាំមកជាមួយ នូវល្បាប់ភក់នៅក្នុងតំបន់ Tanah Datar។ BNPB បានបន្ថែមថាទីភ្នាក់ងាររបស់ខ្លួនបានវាយតម្លៃថាមានផ្ទះ ៨៤ខ្នង និងស្ពាន ១៦កន្លែងបានរងផលប៉ះពាល់ដោយសារ គ្រោះធម្មជាតិនេះ ហើយអាជ្ញាធរកំពុងពន្លឿនការបោសសម្អាតផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឡើងវិញ៕