(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប កើនលើសពី ៣៥,០០០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

របាយការណ៍បានបន្ថែមថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៣ នាក់ និងរបួស ១១៤ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៥,០៣៤នាក់ និងរងរបួសដល់ ៧៨,៧៥៥នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន។

គួរជម្រាបថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះ ឆ្លងព្រំដែនភាគខាងត្បូងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលនៅពេលនោះមនុស្សប្រហែល ១,២០០ នាក់បានសម្លាប់ និងប្រហែល ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕