(ប្រាស៉ីលីយ៉ា)៖ ស្ថាប័នការពារស៊ីវិលរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Rio Grande do Sul របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៣នាក់ ខណៈដែលមនុស្ស ១២៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលបានប្រកាសការចំណាយគ្រាអាសន្ន ដែលមានតម្លៃប្រហែល ១២.១ ពាន់លាន reais ឬស្មើនឹង ២.៣៤ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិដែលនាំទៅដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនជាង ៥៣៧,០០០នាក់ នៅក្នុងរដ្ឋ Rio Grande do Sul ដែលមានប្រជាជនប្រហែល ១០.៩លាននាក់។

រដ្ឋាភិបាលសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ជាមួយនឹងការផ្តល់មូលនិធិថ្មីនេះ មូលនិធិសហព័ន្ធជាង ៦០ពាន់លាន reais ហើយ ដែលត្រូវបានបែងចែកទៅឱ្យរដ្ឋនេះសម្រាប់ប្រើប្រាស់។

អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​ព្យាករ​ថា​ នឹងមានភ្លៀង​ធ្លាក់​បន្ថែម​ទៀត​សម្រាប់​ថ្ងៃ​អាទិត្យេសប្តាហ៍នេះ ដែលនឹង​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​ដែល​ហៀរ​រួច​ទៅ​ហើយ វានឹងឡើងបន្ថែមទៀត។

គួរជម្រាបថា រដ្ឋនេះមានទីតាំងនៅចំណុចប្រសព្វភូមិសាស្ត្ររវាងអាកាសធាតុត្រូពិច និងតំបន់ប៉ូល ដែលបានបង្កើតគំរូអាកាសធាតុមួយ ដែលជួនកាលមានភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ ឬគ្រោះរាំងស្ងួតខ្លាំង៕