(ប៉េកាំង)៖ រូបថតដែលថតនៅខែមីនា ឆ្នាំ១៩៩៩ បានកត់ត្រានូវរឿងរ៉ាវអំពីការបន្តវេប្រពៃណីគ្រួសារ។ លោកស្រី Qi Xin អ្នកម្តាយរបស់លោក Xi Jinping ធ្លាប់បានចម្លងបាវចនារបស់មន្ត្រីមួយ ដែលបានបន្សល់ទុកតាំងពីរជ្ជកាល Ming គឺ៖ ថ្នាក់ក្រោមកោតខ្លាចខ្ញុំមិនមែនដោយសារតែ ខ្ញុំតឹងរ៉ឹងនោះទេ ប៉ុន្តែដោយសារតែខ្ញុំស្អាតស្អំ, ប្រជាជនទុកចិត្តខ្ញុំ មិនមែនដោយសារខ្ញុំពូកែទេ តែដោយសារខ្ញុំធ្វើការដោយយុត្តិធម៌។ បើអ្នកយុត្តិធម៌ ប្រជជនមិនហ៊ានបោកទេ បើអ្នកស្អាតស្អំ ថ្នាក់ក្រោមមិនហ៊ានមើលងាយទេ។ ធ្វើការដោយយុត្តិធម៌ ទើបអាចដឹងត្រូវដឹងខុស ធ្វើការដោយស្អាតស្អំ ទើបអាចបង្កើតកិត្យានុភាពបាន។

នៅខែមិថុនា ឆ្នាំ១៩៥៣ លោក Xi Jinping បានកើតនៅក្នុងគ្រួសារបដិវត្តន៍មួយ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារ ការអប់រំនិងប្រពៃណីក្នុងគ្រួសារ។ អ្នកម្ដាយរបស់លោកបាននិយាយថា អ្វីដែលឪពុកម្ដាយព្រួយបារម្ភបំផុតនោះ គឺការលូតលាស់របស់កូនៗ “ប្រសិនបើមានអ្វីខុសជាមួយកូន វាជាទំនួលខុសត្រូវដែលឪពុកម្ដាយមិនច្រានចោល។

កាលនៅក្មេង លោក Xi Jinpingនិងប្អូនប្រុសរបស់លោកតែងតែស្លៀកសម្លៀកបំពាក់និងស្បែកជើងដែលបងស្រីធ្លាប់ស្លៀកពាក់។ នៅពេលដែលលោក Xi Jinping មានអាយុមិនដល់១៦ឆ្នាំ លោកបានចាកចេញពីផ្ទះទៅចូលបម្រើការងារ នៅភាគខាងជើងខេត្ត Shaanxi អ្នកម្តាយរបស់លោកបានធ្វើពូកឱ្យគាត់ បំណែកក្រណាត់ចម្រុះពណ៌លើពូក គឺអ្នកម្តាយកាត់ពីសម្លៀកបំពាក់ចាស់ៗ ហើយដេរភ្ជាប់គ្នា។ នៅពេលដែលលោកទៅធ្វើការនៅទីស្រុក Zhengding លោក Xi Jinping នៅតែប្រើពូកនេះ លោកបាននិយាយថា “ខ្ញុំពិតជាមានមនោសញ្ចេតនាចំពោះវា”។

បន្ទាប់ពីលោក Xi Jinping ឡើងកាន់តំណែងជាអ្នកដឹកនាំ លោកស្រី Qi Xin អ្នកម្តាយរបស់លោក បានជួបជុំគ្រួសារជាមួយគ្នា ហើយបានសុំកូនៗផ្សេងទៀតកុំឱ្យចូលរួម ក្នុងសកម្មភាពអាជីវកម្មនៅក្នុងវិស័យ ដែលលោក Xi Jinping បានធ្វើការ។ លោកស្រី Qi Xinយកចិត្តទុកដាក់លើការបង្រៀន តាមការអនុវត្តជាជាងពាក្យសម្ដី ហើយបានរក្សាទម្លាប់រស់នៅដោយសាមញ្ញ អស់រយៈពេលជាច្រើនឆ្នាំ។ កន្លែងធ្វើការរបស់លោកស្រីនៅឆ្ងាយពីផ្ទះ ហើយជារឿយៗគ្រួសាររបស់លោកស្រីនៅឆ្ងាយពីផ្ទះ តែលោកស្រីមិនដែលគិតពីការប្រើប្រាស់ ទំនាក់ទំនងរបស់ស្វាមីដើម្បីផ្លាស់ប្តូរការងារនោះទេ។

រឿងនីមួយៗគឺជាការបកស្រាយយ៉ាងរស់រវើក នៃពាក្យ “យុត្តិធម៌” និង “ស្អាតស្អំ” របស់គ្រួសារបដិវត្តន៍នេះ។ ចាប់ពីក្មេងម្នាក់ ដែលបានស្តាប់អ្នកម្តាយនិទានពីរឿង ដែលលោកយួហ្វីសាក់ ពាក្យលើខ្នងដើម្បីបម្រើប្រទេសជាតិ ដោយភក្តីភាព ដល់ "យុវជនដែលស៊ូទ្រាំនឹងការលំបាក" ក្នុងក្រសែភ្នែករបស់អ្នកភូមិ Liangjiahe ចាប់ពី "អភិបាលប្រជាជន" ក្នុងក្រសែភ្នែករបស់ ប្រជាជនខេត្ត Fujian ដល់មេដឹកនាំដែលដឹកនាំប្រជាជនចិនជាង ១.៤ ពាន់លាននាក់ក្នុងដំណើរឆ្ពោះទៅកាន់ ការស្តារឡើងវិញ នូវភាពរុងរឿងរបស់ប្រជាជាតិ លោក Xi Jinping តែងតែចងចាំពាក្យផ្តាំរបស់ឪពុកម្តាយ។ លោកតែងតែថ្លែងថា ការបម្រើប្រជាជនដោយស្មោះត្រង់ និងស្អាតស្អំ គឺជាគុណសម្បត្តិពិតប្រាកដរបស់សមាជិកបក្សកុម្មុយនីស្ត ហើយយើងចាំបាច់ ត្រូវតែរគុណសម្បត្តិនេះ។

ក្រោមឥទ្ធិពលនៃទំនៀមទំលាប់គ្រួសារ លោក Xi Jinping រស់នៅសាមញ្ញបំផុត មិនយកចិត្តទុកដាក់លើការស្លៀកពាក់ និងការហូបចុកឡើយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានផ្តល់អនុសាសន៍ ម្តងហើយម្តងទៀតអំពីការខ្ជះខ្ជាយម្ហូបអាហារ ហើយបានអំពាវនាវឱ្យ "មិនសល់អ្វីនៅក្នុងចាន"។ លោក Xi Jinping បានថ្លែងដោយស្មោះត្រង់ថា ទម្លាប់នៃការឧស្សាហ៍ព្យាយាម និងសន្សំសំចៃគួរត្រូវបានរក្សា នៅក្នុងគ្រួសាររបស់ខ្ញុំ សូម្បីតែអង្ករមួយគ្រាប់ក៏មិនសល់នៅក្នុងចានដែរ។

ដូចឪពុកម្តាយរបស់លោកដែរ លោក Xi Jinping មានសំណូមពរយ៉ាងតឹងរ៉ឹង ចំពោះសមាជិកគ្រួសាររបស់លោក។ បន្ទាប់ពី លោកក្លាយជាកម្មាភិបាលដឹកនាំ រាល់ទីកន្លែងដែលលោកបានទៅធ្វើការ លោកនឹងព្រមានសាច់ញាតិនិងមិត្តភក្តិរបស់លោកថា "អ្នកមិនអាចចូលរួមសកម្មភាពពាណិជ្ជកម្មណាមួយ នៅកន្លែងដែលខ្ញុំធ្វើការ ហើយមិនអាចយកឈ្មោះខ្ញុំទៅធ្វើការណាមួយបានទេ"។ លោក Xi Jinping និងភរិយា Peng Liyuan បានដាក់ឈ្មោះឱ្យកូនស្រីថា Mingze ដោយសារតែពួកគេសង្ឃឹមថា កូនអាច "រស់នៅដោយស្អាតស្អំនិងក្លាយជាមនុស្សដែលមានប្រយោជន៍ដល់សង្គម"។

លោក Xi Jinping បានចងចាំ នូវប្រយោគក្នុងអត្ថបទ《បាវចនារបស់មន្ត្រី》ដែលអ្នកម្តាយរបស់លោកបានចម្លង។ លោកក៏បានដកស្រង់ ប្រយោគក្នុងបាវចនានេះ នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយលើក ដើម្បីព្រមានដោយស្មោះអស់ពីដួងចិត្ត ចំពោះសមមិត្តទាំងអស់នៅក្នុងគណបក្សថា "មានតែធ្វើការដោយយុត្តិធម៌ទើបអាចដឹងពីត្រូវខុស មានតែធ្វើការដោយស្អាតស្អំ ទើបអាចបង្កើតកិត្យានុភាពបាន"។

លោក Xi Jinping បានស្រូបទាញកម្លាំងពីឪពុកម្តាយ ហើយខិតខំធ្វើជាមនុស្សបរិសុទ្ធ ដែលមានអត្ថប្រយោជន៍ដល់ប្រជាជន ។ លោកធ្លាប់បានជួយសិស្សក្រីក្រម្នាក់ឲ្យសម្រេចបាននូវ "ក្តីសុបិនក្នុងការសិក្សា" រយៈពេល១២ឆ្នាំជាប់ៗគ្នា ហើយលោកក៏បានទៅសួរសុខទុក្ខ សិស្សម្នាក់នេះចំនួន៨លើក និងបានឆ្លើយតបលិខិតគាត់ ៥ លើក ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់គាត់ ។ បន្ទាប់ពីក្លាយជាអគ្គលេខាធិការ លោកបានស្នើឱ្យសមាជិកបក្ស និងកម្មាភិបាលគ្រប់ស្រទាប់ជាន់ថ្នាក់ ប្រចាំការដោយផ្ទាល់នៅតាមភូមិនានា ដើម្បីកាត់បន្ថយភាពក្រីក្រ "ម្នាក់ទល់ម្នាក់" ដែលបានដឹកនាំប្រទេសចិនបង្កើតអច្ឆរិយៈ ក្នុងប្រវត្តិសាស្រ្តនៃការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ។ រឿងនីមួយៗឆ្លុះបញ្ចាំងពីកេរដំណែលនៃគ្រួសារបដិវត្តន៍។

លោក Xi Jinping តែងតែចងចាំជានិច្ចថា "មិនថាសម័យកាលប្រែប្រួលយ៉ាងណាទេ ទោះជីវិតផ្លាស់ប្តូរប៉ុណ្ណាក៏ដោយ យើងសុទ្ធតែត្រូវយកចិត្តទុកដាក់លើការកសាងគ្រួសារ យកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំក្នុងគ្រួសារ និងទំនៀមទម្លាប់គ្រួសារ"៕

វិទ្យុមិត្តភាពកម្ពុជាចិន