(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅថ្ងៃចន្ទនេះបានដាក់ពាក្យលាលែងពីតំណែងទៅកាន់ប្រធានាធិបតី លោក Tharman Shanmugaratnam ដោយប្រកាសថា លោក និងរដ្ឋាភិបាលរបស់លោកនឹងចុះចេញពីតំណែងនៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងលិខិតលាលែងពីតំណែង លោក Lee បានផ្តល់អនុសាសន៍ឱ្យលោក Lawrence Wong បន្តតំណែងជានាយករដ្ឋមន្ត្រី។ ប្រធានាធិបតី Tharman Shanmugaratnam បានទទួលយកការលាលែងពីតំណែងរបស់លោក ហើយបានប្រកាសតែងតាំង លោក Wong ជានាយករដ្ឋមន្ត្រីថ្មី ដោយប្រគល់ភារកិច្ចឱ្យគាត់បង្កើតរដ្ឋាភិបាលថ្មី។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Lawrence Wong បានប្រកាសថា លោក Gan Kim Yong និង លោក Heng Swee Keat នឹងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលនាពេលខាងមុខនេះ។ ហើយលោក Gan នឹង​រក្សា​តំណែងជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ដដែល។ លើសពីនេះ លោកក៏នឹងជំនួយសតំណែងលោក Lawrence Wong ជាប្រធានអាជ្ញាធររូបិយវត្ថុសិង្ហបុរីផងដែរ។

លោក Wong បានបង្ហាញបន្ថែមទៀតថា លោក Lee Hsien Loong និង លោក Teo Chee Hean នឹងបម្រើការជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី ខណៈដែលលោក Wong ផ្ទាល់ នឹងបន្តតំណែងក្នុងតួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា លោក Lawrence មានអាយុ៥១ឆ្នាំ ត្រូវបានលោក Lee Hsien Loong ប្រកាសតែងតាំងជាអ្នកបន្តវេនពីរូបលោកតាំងតែពីកាលពីខែមេសា ឆ្នាំ២០២២មកម្ល៉េះ។ ហើយបានប្រកាសម្តងទៀតកាលពីថ្ងៃទី១៥ មេសាកន្លងទៅ ដោយបានបញ្ជាក់ថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែឧសភា ដោយនឹងប្រគល់អំណាចដឹកនាំប្រទេសបន្តទៅឱ្យលោក Lawrence Wong៕