(វ៉ាស៊ីនតោន)៖ ក្រុមអ្នកសង្ស័យចំពោះ «ភាពជាដៃគូគ្មានព្រំដែន» រវាងរុស្ស៉ី និងចិន បានអះអាងថាជម្លោះពីអតីតកាល វិសមភាពនៃអំណាច ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក និងមានទីតាំងភូមិសាស្ត្រនៅកៀកគ្នា នឹងនាំទៅរកការបែកបាក់គ្នាដោយចៀសមិនរួច បើទោះជាការបែកបាក់នោះមិនត្រូវបានបង្ហាញដោយបើកចំហក៏ដោយ។ ម្យ៉ាងវិញទៀត បើមិនមានអ្វីប្រែប្រួលទេ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង អាចក្នុងសប្ដាហ៍នេះ សញ្ញានៃការមិនចុះសម្រុងគ្នាមួយចំនួន អាចនឹង លេចចេញជារូបរាងឡើង ក្នុងនោះជាពិសេស អាទិភាពរបស់លោក ពូទីន នឹងដើរផ្ទុយគ្នាពីអាទិភាពរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន មិនមានជម្រើសល្អនោះទេ ក្រៅតែពីត្រូវគិតពីផលប្រយោជន៍រយៈពេលខ្លីសិនក្នុងពេលបច្ចប្បន្ន៖ នោះគឺបរាជ័យណាមួយនៅអ៊ុយក្រែន នឹងគំរាមកំហែងដល់អំណាចរបស់លោក។ ដូច្នេះលោក ពូទីន មានតែត្រូវប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យចិនផ្ដល់ការគាំទ្របន្ថែមខាងយោធាសម្រាប់សង្រ្គាមរបស់លោក។ នៅត្រង់នេះ អ្វីៗត្រូវបានបង្ហាញរួចទៅហើយ នៅពេលដែលរុស្ស៉ីជ្រើសរើសប្រកាសពីការធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិក ចំពេលលោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ ខណៈកំពុងព្យាយាមអោបក្រសោបលោក ស៊ី ជីនពីង ដែលកំពុងរងសម្ពាធពីអឺរ៉ុបឱ្យប្រើប្រាស់ឥទ្ធិពលរបស់លោកជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ការប្រកាសពីសមយុទ្ធនុយក្លេអ៊ែរនេះ មានបង្កប់ការបញ្ជូនសារមួយទៅកាន់ទីក្រុងប៉េកាំងថា «ចិនមិនគួរប្រកាន់គោលជំហរអព្យាក្រឹតចំពោះសង្រ្គាមអ៊ុយក្រែនតទៀតឡើយ»។

នៅម្ខាង អ្វីដែលលោក ស៊ី ជីនពីងត្រូវការ គឺកេងចំណេញពេលវេលា ហើយបើទោះជាលោកមានបំណងផ្ដល់ការគាំទ្របន្ថែមដល់លោក ពូទីន ក៏ដោយ តែមេដឹកនាំចិននឹងត្រូវប្រឈម នឹងជម្រើសដ៏លំបាក។ តាមពិតទៅ ជំហររបស់លោក ស៊ី ជីនពីង បានស្ថិតក្នុងស្ថានភាពកាន់តែលំបាកចាប់តាំងពីរូបលោក និងលោក ពូទីន បានជួបគ្នាកាលពីខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ ក្នុងនោះហេតុចម្បងគឺដោយសារតែចិនខ្លួនឯងកំពុងជួបបញ្ហាសេដ្ឋកិច្ច និងភាពតានតឹងជាមួយលោកខាងលិច។ កតា្តទាំង២នេះមានភាពប្រទាក់ក្រឡាគ្នា។ តួយ៉ាង ទោះជា កំពុងកាត់ផ្ដាច់ទំនាក់ទំនងខ្លះនឹងគ្នាក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មក៏ពិតមែន ក៏សេដ្ឋកិច្ចចិននៅតែមានទំនាក់ទំនងយ៉ាងជ្រៅជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាងរុស្ស៉ី មុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងទៅទៀត។

ក្នុងឆ្នាំ២០២៣ ការនាំចេញទំនិញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកមានទំហំ ៤២៧ពាន់លានដុល្លារ និង៥៥០ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប។ យុទ្ធសាស្ត្រពង្រឹងការពឹងផ្អែក លើខ្លួនឯងរបស់លោក ស៊ី ជីនពីង ក្នុងវិស័យសំខាន់ៗអាចនឹងជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារលោកខាងលិច។ ប៉ុន្តែ បច្ចុប្បន្នចិនដែលកំពុងជួបវិបត្តិអចលនទ្រព្យស្រាប់ផងនោះ ក៏កំពុងជួបការលំបាកក្នុងការជំរុញតម្រូវការទីផ្សារនៅក្នុងស្រុកផងដែរ។ ម្លោះហើយ នៅប៉ុន្មានឆ្នាំខាងមុខ ចិននឹងនៅតែត្រូវពឹងផ្អែកលើការនាំចេញរបស់ខ្លួន ដើម្បីហែលឆ្លងបញ្ហា សេដ្ឋកិច្ចសព្វថ្ងៃ។ ម្យ៉ាង ដោយសារតែមិនអាចកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយលោកខាងលិច លោក ស៊ី ជីនពីង នឹងត្រូវប្រុងប្រយ័ត្នលើប្រភេទជំនួយ ឬការគាំទ្រដែលលោក អាចផ្ដល់ឱ្យលោក ពូទីន។ សហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ពីចំណុចខ្សោយនេះរបស់ចិន។ ជាឧទាហរណ៍៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមាន អំឡុងធ្វើទស្សនកិច្ចក្នុងទីក្រុងប៉េកាំងកាលពីប៉ុន្មានសប្ដាហ៍មុន ថាចិនអាចនឹងប្រឈមមុខនឹងទណ្ឌកម្ម ប្រសិនបើនៅតែបន្តផ្ដល់ឱ្យរុស្ស៉ីនូវបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា។

លើសពីនេះទៅទៀត ជោគជ័យរបស់កងកម្លាំងរបស់រុស្ស៉ីនៅសមរភូមិនាពេលថ្មីៗនេះក៏បកទៅប្រឆាំងនឹងលោក ពូទីនវិញផងដែរ។ ពីព្រោះថាទាល់តែកងកម្លាំងរុស្ស៉ីប្រឈមមុខនឹង បរាជ័យ ទើបប្រហែលជាលោក ស៊ី ជីនពីងអាចនឹងមានអារម្មណ៍ថាដាច់ខាតត្រូវតែជួយសង្រ្គោះសម្ព័ន្ធមិត្តរបស់លោក។ ណាមួយ ជំនួយយោធាទំហំ ៦១ពាន់លានដុល្លាររបស់អាមេរិក សម្រាប់អ៊ុយក្រែន នឹងគ្រាន់តែអាចជួយឱ្យអ៊ុយក្រែន ចៀសពីបរាជ័យប៉ុណ្ណោះ។ តែមិនអាចជួយសម្រេចបានជ័យជម្នះចុងក្រោយលើកងកម្លាំងរុស្ស៉ីនោះទេ ខណៈសង្រ្គាមជាប់គាំង នឹងដើរស្របតាមផលប្រយោជន៍រ​​បស់ចិន ល្អប្រសើរជាងសេណារីយ៉ូផ្សេងៗទៀត។ ដ្បិតវាអាចបង្វែរចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិក ហើយអាចទុកពេលឱ្យលោក ស៊ី ជីនពីង ដើម្បីពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

គួរបញ្ជាក់ថា សម្រាប់អ្នកជំនាញស្ដីពីចិន ដូចជាលោក Minxin Pei ជាសាស្ត្រចារ្យម្នាក់ពីសាលា Claremont McKenna College នៅក្នុងជំនួបណាមួយ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយចំនួនដើម្បីកុំឱ្យលោក ពូទីន ត្រឡប់ទៅផ្ទះវិញដោយដៃទទេ។ ប៉ុន្តែ លោក ស៊ី ជីនពីងទំនងជានឹងមិនផ្ដល់ឱ្យលោក ពូទីន នូវការគាំទ្រ ខាងយោធាណាមួយ ដែលអាចត្រូវបានចាត់ទុកថាជាការដើររំលង «បន្ទាត់ក្រហម» របស់លោកខាងលិចនោះទេ។ តាមលោក Minxin Pei ភាពតានតឹងជាមូលដ្ឋានរវាងចិន និងរុស្ស៉ី នឹងបន្តកើតមាន ២ ឬ៣ឆ្នាំទៅមុខ ហើយអាចកាន់តែពិបាកគ្រប់គ្រង ប្រសិនបើលោក ពូទីន បរាជ័យនៅលើសមរភូមិអ៊ុយក្រែន៕