(កៀវ)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដែលជាដំណើរទស្សនកិច្ច លើកដំបូងដោយមន្រ្តីជាន់ខ្ពស់អាមេរិក គិតចាប់តាំងពីសភាអនុម័តកញ្ចប់ថវិកាជំនួយយោធាទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រីអាមេរិកម្នាក់ដែលបានធ្វើបទរាយការណ៍ខ្លីទៅកាន់អ្នកសារព័ត៌មានអំពីទស្សនកិច្ចរបស់លោក Blinken ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលោកប្រមុខ ការទូតអាមេរិកបានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយជិះរថភ្លើងនៅព្រឹកថ្ងៃអង្គារនេះ ជាមួយក្ដីរំពឹងថានឹងបញ្ជូនសារមួយយ៉ាងរឹងមាំបញ្ជាក់ពីការគាំទ្ររបស់អាមេរិក ចំពោះអ៊ុយក្រែនដែលកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាក។

មន្ត្រីរូបនេះដដែលបានបន្ថែមថា «បេសកកម្មរបស់លោករដ្ឋមន្រ្តីការបរទេស នៅទីនោះគឺពិតជាដើម្បីទៅជជែក អំពីវិធីសាស្រ្តជួយអ៊ុយក្រែនពង្រឹងការការពារខ្លួន និងដណ្ដើមជ័យជម្នះមកវិញនៅលើសមរភូមិ»។ តាមការគ្រោងទុក លោក Blinken នឹងពិភាក្សាជាមួយក្រុមមន្រ្តីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីការគាំទ្រយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក និងថ្លែងសុន្ទរកថាស្តីអំពីអនាគតអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានវាយរុលទៅកាន់តែជិតទីក្រុងដ៏ធំបំផុតទីពីររបស់អ៊ុយក្រែនគឺ Kharkiv កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបើកសមរភូមិថ្មីមួយ នៅភាគឦសាននៃប្រទេសអ៊ុយក្រែន ខណៈប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបន្តធ្វើឡើងនៅភាគខាងកើត និងភាគខាងត្បូង៕