(ណៃពិដោ)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទើបតែបានបើកកិច្ចពិភាក្សា ជាមួយក្រុមមន្រ្តីជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការរបស់មីយ៉ាន់ម៉ា នៅក្នុងអាស៊ាន ដែលខ្លួនបានឃ្លាតឆ្ងាយ ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។
មកទល់ពេលនេះ កិច្ចប្រឹងប្រែងការទូតរបស់អាស៊ានដែលមានសមាជិក១០ប្រទេស ដើម្បីជួយព្យាយាមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលបង្កឡើងដោយរដ្ឋប្រហារយោធា គឺហាក់មិនទទួលបានលទ្ធផលអ្វីឡើយ។ មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែថ្នាក់ដឹកនាំរបបសឹក ត្រូវបានហាមឃាត់ឱ្យមកចូលរួម កិច្ចប្រជុំជាន់ខ្ពស់របស់អាស៊ានឡើយ ដោយសារតែមិនព្រមទទួលយក ផែនការសន្តិភាពរបស់អាស៊ាន និងជួបចរចាជាមួយគូបដិបក្ខរបស់ខ្លួន។
យោងតាមសារព័ត៌មាន Global New Light of Myanmar មេដឹកនាំរបបសឹក លោក Min Aung Hlaing បានជួបជាមួយប្រេសិតពិសេសអាស៊ាន លោក Alounkeo Kittikhoun និងអគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn កាលពីថ្ងៃពុធសប្តាហ៍នេះ នៅឯរដ្ឋធានីណៃពិដោ។ អំឡុងជំនួបនោះ មានការដោះដូរទស្សនៈគ្នា ស្តីពីបញ្ហាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរបស់មីយ៉ាន់ម៉ានៅក្នុងអាស៊ាន ព្រមទាំងការជជែកអំពីផែនការរៀបចំការបោះឆ្នោត របស់រដ្ឋាភិបាលយោធា ផងដែរ។
គួរបញ្ជាក់ថា កាលពីខែមករា ដើមឆ្នាំនេះ របបយោធាមីយ៉ាន់ម៉ា បានបញ្ជូនមន្រ្តីស៉ីវិលជាន់ខ្ពស់ម្នាក់ ឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសរបស់អាស៊ាន នៅឯប្រទេសឡាវ ខណៈវាគឺជាលើកដំបូងបំផុត ដែលមីយ៉ាន់ម៉ាបានចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន គិតក្នុងរយៈពេលជាង២ឆ្នាំ៕