(ហាណូយ)៖ គណបក្សកុម្មុយនិស្តវៀតណាម បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមួយរូបទៀត បានសម្រេចលាលែងពីតួនាទី ខណៈវាគឺជាការចាកចេញពីតំណែងរបស់ ថ្នាក់ដឹកនាំទី៣ហើយនៃប្រទេសអាស៊ានមួយនេះ គិតក្នុងរយៈពេល​ត្រឹម២ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

បក្សកុម្មុយនិស្តវៀតណាមបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Thuong Thi Mai អាយុ៦៦ឆ្នាំ បានលាលែងពីតួនាទី ដោយសារតែការប្រព្រឹត្តអំពើរំលោភបំពាន និងខ្វះសមត្ថភាពក្នុងការបំពេញការងារ អំឡុងពេលលោកស្រី បានកាន់តំណែងមួយផ្សេងទៀត កាល​ពីចន្លោះឆ្នាំ២០១៦​-២០២១។ លោកស្រីស្ថិតនៅលេខរៀងទី៥ ក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ​របស់ប្រទេសវៀតណាម ហើយជាស្រ្តីតែម្នាក់គត់ នៅក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលបំផុតនៅវៀតណាម។ លោកស្រី ក៏ជាសមាជិកអចិន្រ្តៃយ៍ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិម របស់បក្សកុម្មុយនិស្តវៀតណាម ផងដែរ។

តាមរយៈការចាកចេញតួនាទីរបស់លោកស្រី Mai នាពេលនេះ សល់ថ្នាក់ដឹកនាំវៀតណាមតែ២រូបប៉ុណ្ណោះ ដែលនៅរក្សាតំណែងជាធម្មតា នោះគឺអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ អំឡុងពេល២ខែមកនេះ អតីតប្រធានាធិបតីវៀតណាម លោក Vo Van Thuong ហើយនិងអតីតប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏ត្រូវបានបង្ខំឱ្យលាលែងពីតួនាទី ក្នុងលក្ខណៈស្រដៀងគ្នា​ដែរ ចំពោះមុខយុទ្ធនាការបោសសំអាតអំពើពុករលួយដ៏ក្តៅគគុក។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អំឡុងកិច្ចប្រជុំមួយ នៃគណៈកម្មាធិការមជ្ឈិមរបស់ខ្លួន បក្សកុម្មុយនិស្តវៀតណាម បានជ្រើសតាំង សមាជិកថ្មីចំនួន៤រូប សម្រាប់ការិយាល័យនយោបាយ ដែលមានសមាជិកសរុប១៨រូប។ ក្រោយការលាលែងរបស់លោកស្រី Mai ស្ថាប័ននេះ នៅសល់សមាជិកត្រឹម១២រូប។ ទន្ទឹមគ្នា បក្សកុម្មុយនិស្តវៀតណាម ក៏គ្រោងស្នើទៅកាន់រដ្ឋសភា នូវសមាសភាពបេក្ខភាព សម្រាប់តំណែង​ប្រធានសភា ហើយនិងប្រធានាធិបតីផងដែរ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ឈ្មោះនៃសមាសភាពបេក្ខភាពទាំងនោះឡើយ។ សភាវៀតណាម ត្រូវគេរំពឹងថានឹងបោះឆ្នោតអនុម័ត លើសំណើនោះ ព្រមទាំងលើការជ្រើសតាំង សមាជិក៤រូបថ្មី សម្រាប់ការិយាល័យនយោបាយ អំឡុងការបើកសម័យប្រជុំទូទៅរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕