(ញូវដែលី)៖ ប៉ូលស បានចាប់ខ្លួនម្ចាស់ផ្ទាំងពាណិជ្ជកម្មដ៏ធំមួយ ដែលបានបាក់រលំលើស្ថានីយ៍ប្រេងឥន្ធនៈ និងបណ្តាលឱ្យមនុស្ស ១៦នាក់ ស្លាប់នៅក្នុងទីក្រុងហិរញ្ញវត្ថុ Mumbai ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤។

មនុស្សចំនួន ៧៥នាក់ទៀត ត្រូវបានជួយសង្រ្គោះពីគំនរបែកបាក់ ក្នុងឧបទ្ទវហេតុបាក់រលំផ្ទាំងពាណិជ្ជកម្ម ដោយសារតែព្យុះ កាលពីដើមសប្តាហ៍នេះ។ ក្រោយមក ប៉ូលិស ក៏បានបើកសំណុំរឿងឃាតកម្មលើរូប លោក Bhavesh Bhinde ដែលជាម្ចាស់ផ្ទាំងពាណិជ្ជកម្មដ៏ធំនោះ និងដែលបានភៀសខ្លួនចេញពីទីក្រុង Mumbai បន្ទាប់ពីកើតហេតុ។

ស្នងការប៉ូលិសចម្រុះ លោក Lakhmi Gautam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Bhinde ត្រូវចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅឯទីក្រុងទេសចរណ៍ Udaipur។ អភិបាលរដ្ឋ Maharashtra លោក Eknath Shinde បានណែនាំឱ្យត្រួតពិនិត្យផ្ទាំងប៉ាណូទាំងអស់ ក្នុងទីក្រុង Mumbai ដើម្បីការពារគ្រោះថ្នាក់នៅកន្លែងផ្សេងទៀត។

គួរបញ្ជាក់ថា ព្យុះដែលបានបោកបក់លើទីក្រុង Mumbai កាលពីថ្ងៃចន្ទដើមសប្តាហ៍ បណ្តាលឱ្យបាក់រលំដើមឈើ កាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួនជាប់ទីក្រុងនេះ និងរំខានដល់បណ្តាញផ្លូវរថភ្លើងក្នុងទីក្រុង ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន៕