(មូស្គូ)៖ បណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា រុស្ស៉ីបានឃាត់ខ្លួនមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ ក្រោមការសង្ស័យប្រពឹត្តអំពើពុករលួយ ខណៈវាគឺជាការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់យោធារុស្ស៉ីទី៣ហើយ ក្នុងរយៈពេល១ខែចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការយោធា បានបង្គាប់ឱ្យចាប់ខ្លួន លោក Vadim Shamarin អនុប្រធាននៃអគ្គសេនាធិការយោធារុស្ស៉ី ក្រោមបទសង្ស័យទទួលសំណូកក្នុងទ្រង់ទ្រាយធំ ជាទោសដែលប្រឈមការជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ។ អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Timur Ivanov និងប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិរុស្ស៉ី លោក Yuri Kuznetsov ក៏ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធអំពើពុករលួយផងដែរ។

គួរបញ្ជាក់ថា ក្នុងខែឧសភានេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបង្កភាពភ្ញាក់ផ្អើលមួយ តាមរយៈការសម្រេចដកតំណែង លោក Sergei Shoigu ជារដ្ឋមន្រ្តីការពារជាតិ ហើយដាក់ជំនួសមកវិញ នូវអ្នកជំនាញសេដ្ឋកិច្ច លោក Andrei Belousov។ ការចាប់ខ្លួននិង​ផ្លាស់ប្តូរថ្នាក់ដឹកនាំទាំងនេះ នៅក្នុងវិស័យការពារជាតិរុស្ស៉ី គឺកើតមានឡើងស្របពេលដែល កងកម្លាំងរុស្ស៉ីហាក់កំពុងមានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ខ្លាំង នៅលើសមរភូមិ គិតក្នុងរយៈពេល១៨ឆ្នាំមកនេះ ជាមួយការវាយលុក​ទ្រង់ទ្រាយធំថ្មីមួយ លើតំបន់ Kharkiv នៅភាគឦសានអ៊ុយក្រែន៕