(ព្យុងយ៉ាង)៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់មិនស្គាល់អត្តសញ្ញាណមួយ ទៅកាន់ភាគខាងត្បូងនៃឆ្នេរសមុទ្រខាងលិចរបស់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ការបាញ់បង្ហោះនេះហាក់ដូចជាមានប្រភពមកពីតំបន់ Dongchang-ri ជាកន្លែងដែលមជ្ឈមណ្ឌលហោះហើរអវកាសសំខាន់របស់កូរ៉េខាងជើងមានមូលដ្ឋាន។ ការបាញ់បង្ហោះនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបមួយចំនួនមុនថ្ងៃទី៤ ខែមិថុនា។

រដ្ឋាភិបាលជប៉ុនបានចេញការព្រមានជាបន្ទាន់សម្រាប់ប្រជាជននៅភាគខាងត្បូង ដើម្បីប្រុងប្រយ័ត្នពីការគំរាមកំហែងដែលអាចកើតមានពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ ទោះជាយ៉ាងណា ការព្រមាននេះត្រូវបានលើកចេញវិញ ក្រោយពីមានការបញ្ជាក់ថាមីស៊ីលនេះមិនបានហោះហើរកាត់ទឹកដីជប៉ុនទេ។

កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនកាលពីព្រឹកថ្ងៃដដែលថា ខ្លួនមានគម្រោងបាញ់បង្ហោះផ្កាយរណបមួយរវាងថ្ងៃទី ២៧ ឧសភា និងថ្ងៃទី ៤ មិថុនា។ ការបាញ់បង្ហោះនេះទំនងជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីដាក់ផ្កាយរណបចារកម្មទីពីរចូលទៅក្នុងគន្លង។

ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនបានបង្ហាញវីដេអូ នៃអ្វីដែលហាក់ដូចជាចំណុចពណ៌ទឹកក្រូចហោះទៅលើមេឃពេលយប់ ហើយបន្ទាប់មកផ្ទុះឆេះនៅក្នុងតំបន់មួយដែលនៅជិតព្រំដែនរវាងប្រទេសចិន និងកូរ៉េខាងជើង។ ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា ពណ៌នៃអណ្តាតភ្លើងនៅក្នុងវីដេអូបង្ហាញថា ប្រេងឥន្ធនៈរាវអាចនឹងឆេះ ប៉ុន្តែព័ត៌មានលម្អិតកំពុងត្រូវបានវិភាគបន្ថែម៕