(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានសារភាពថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីយកផ្កាយរណបស៊ើបការណ៍ទី២ ទៅដាក់នៅគន្លងផែនដី បានទទួលបរាជ័យ នៅពេលដែលគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះបានផ្ទុះនៅលើអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការទទួលស្គាល់របស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់អាវុធមិន ស្គាល់អត្តសញ្ញាណមួយ និងក្រោយទីក្រុងព្យុងយ៉ាងបានប្រកាសពីគម្រោងបាញ់បង្ហោះផ្កាយរណបដែលទទួលរងការរិះគន់ពីជប៉ុន និងកូរ៉េខាងត្បូង។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អគ្គនាយករងនៃរដ្ឋបាលជាតិបច្ចេកវិទ្យាអវកាសរបស់កូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ការបាញ់ បង្ហោះគ្រាប់រ៉ុក្កែតពាំផ្កាយរណបថ្មី បានទទួលបរាជ័យ នៅពេលដែលរ៉ុក្កែតនេះផ្ទុះនៅលើអាកាស អំឡុងការផ្ដាច់ខ្លួនដំណាក់កាលទី១»។ សេចក្ដីថ្លែងការណ៍ នេះដែរបានផ្ដល់ការវិភាគជាបឋមថាមូលហេតុដែលបង្កឱ្យការបាញ់បង្ហោះផ្កាយរណបបរាជ័យ គឺបណ្ដាលមកពីម៉ូទ័ររ៉ុក្កែតដំណើរការដោយឥន្ធនៈរាវថ្មីមួយ ដែលទើបតែត្រូវបានអភិវឌ្ឍឡើង ខណៈមូលហេតុផ្សេងទៀតត្រូវបានស៊ើបអង្កេត។

គួរបញ្ជាក់ថា មុនការទទួលស្គាល់នេះ កូរ៉េខាងត្បូង និងជប៉ុន ក៏បាននិយាយដែរថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង បានទទួល បរាជ័យ។ កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទទួលបរាជ័យ ២លើក ក្នុងឆ្នាំដដែលនោះ៕