(ម៉ានីល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៨ ខែឧសភានេះថាមនុស្សយ៉ាងហោច ៧នាក់បានស្លាប់ ក្រោយព្យុះត្រូពិក Ewiniar វាយប្រហារ លើប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយលោកប្រធានាធិបតី Ferdinand Marcos Jr បាននិយាយថាប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះនឹងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះ Ewiniar បាននាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តមួយចំនួនរបស់ហ្វីលីពីន ដោយបង្ខំឱ្យអាជ្ញាធរបិទអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ជាបណ្ដោះអាសន្ន ព្រមទាំងបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីផងដែរ។ ព្យុះនេះបាន និងកំពុងបក់បោកឆ្ពោះទៅកាន់ឆ្នេរភាគខាងកើតប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ជាមួយ កម្លាំងខ្យល់១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងកើនដល់១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមក្រុមមន្ត្រីហ្វីលីពីន ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានស្លាប់ នៅក្នុងខេត្ត Misamis Oriental បន្ទាប់ពីដើមឈើបាក់សង្កត់លើរថយន្ដ ដែលក្មេងស្រីជិះ។ ចំណែក នៅខេត្ត Quezon ស្ថិតនៅភាគខាងកើតនៃរដ្ឋធានីម៉ានីលវិញ មានមនុស្ស ៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់។ ថ្លែងនៅមុនបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសព្រុយណេ លោក Marcos បាននិយាយថាព្យុះ Ewiniar បានបង្កផលប៉ះពាល់ដល់មនុស្សជិត ២៧ ០០០នាក់ និងបង្កការរំខានដល់អាកាសយានដ្ឋានចំនួន៣ ព្រមទាំងកំពង់ផែ សមុទ្រចំនួន៩ កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា Ewiniar គឺជាព្យុះដំបូងបំផុតដែលបានវាយប្រហារលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ។ ហ្វីលីពីនតែងតែរងការវាយប្រហារពីខ្យល់ព្យុះជាមធ្យម ២០ព្យុះ ក្នុងមួយឆ្នាំៗ ដែលតែងតែបង្កជាគ្រោះទឹកជំនន់ ខ្យល់បក់ខ្លាំង និងគ្រោះរអិលបាក់ដី៕