(បង់ក្លាដែស)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះស៊ីក្លូនដ៏សាហាវបំផុតមួយក្នុងឆ្នាំនេះ បានវាយប្រហារលើប្រទេសឥណ្ឌា និងបង់ក្លាដែស ដោយសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ និងធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះស៊ីក្លូន Remal កាលពីថ្ងៃចន្ទម្សិលមិញ បានបក់បោកកាត់តំបន់ឆ្នេរនៃកំពង់ផែ Mongla ប្រទេសបង់ក្លាដែស និងកោះ Sagar ដែលនៅជាប់គ្នាក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា ជាមួយនិងល្បឿនខ្យល់រហូតដល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស លោក Mijanur Rahman បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាព្យុះនេះបានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ នៅក្នុងប្រទេសបង់ក្លាដែស។ ដោយឡែក នៅរដ្ឋ West Bengal របស់ឥណ្ឌាវិញ អាជ្ញាធរបានបញ្ជាក់ថា មនុស្ស ៤នាក់បានស្លាប់ដោយឆក់ចរន្តអគ្គិសនី ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើន ដល់ ៦នាក់។

គួរបញ្ជាក់ថា នៅបង់ក្លាដែស មានប្រជាជនជិត ៣លាននាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់ ហើយនៅបង់ក្លាដែសដែរ មនុស្សជាង ៨០០ ០០០នាក់ ត្រូវបាន ជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈមនុស្សជិត ១១០ ០០០នាក់ត្រូវបានជម្លៀសនៅក្នុងប្រទេសឥណ្ឌា៕