(កៀវ)៖ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi បាននិយាយកាលពីថ្ងៃទី២៧ ខែឧសភាថាលោកបាន ចុះហត្ថលេខាលើឯកសារមួយ ដែលនឹងអនុញ្ញាតឱ្យអ្នកជំនាញការយោធាបារាំងធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានបណ្ដុះបណ្ដាលយោធារបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram​ បន្ទាប់ពីបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់បារាំង ដែលមានបំណងបញ្ជូនអ្នកជំនាញការយោធា មកកាន់ អ៊ុយក្រែន ដើម្បីជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន»។ លោកបន្តថា «ខ្ញុំបានចុះហត្ថលេខារួចហើយលើឯកសារដែលអនុញ្ញាតឱ្យអ្នកជំនាញការយោធាបារាំង ដំបូងបំផុត ធ្វើទស្សនកិច្ចមកកាន់មូលដ្ឋានបណ្ដុះបណ្ដាលរបស់យើង...»

គួរបញ្ជាក់ថា លោក Syrskyi មិនបានបញ្ជាក់អ្វីលម្អិតនោះទេ ប៉ុន្តែលោកជឿជាក់ថាការប្ដេជ្ញាចិត្តរបស់បារាំង នឹងជួយលើកទឹកចិត្តដល់បណ្ដាប្រទេសជាដៃគូ ដទៃទៀតចូលរួមក្នុងគម្រោងដ៏មានមហិច្ឆតានេះដែរ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការបើកចំហទ្វារចំពោះលទ្ធភាពបញ្ជូន កងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ហើយជាថ្មីម្ដងទៀតកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ លោក Macron បានបញ្ជាក់ក្នុងសនិ្នសីទទីក្រុងប៉ារីសពីបំណងបញ្ជូន អ្នកជំនាញការយោធាទៅជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន។ ក៏ប៉ុន្តែ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនក៏បានបញ្ជាក់ឡើងវិញដែរ ថាសហរដ្ឋអាមេរិកគ្មានបំណងបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែននោះទេ ហើយថាលោកនឹងបន្តប្រកាន់គោលជំហរបែបនេះ៕